អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សចំនួន៤ នឹងយកសំណើរ១២ចំណុចទៅជជែកជាមួយរដ្ឋសភា ក្រសួងមហាផ្ទៃ និងគ.ជ.ប នៅសប្តាហ៍ក្រោយ

ក្រុមការងារគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា នឹងដាក់សំណើរទៅកាន់រដ្ឋសភា ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) យ៉ាងយូរបំផុតសប្តាហ៍ក្រោយ ដើម្បីសុំជួបជជែកជុំវិញកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។ គម្រោងស្នើជួបស្ថាប័នសំខាន់ៗទាំង៣ ធ្វើឡើងបន្ទាប់ពីក្រុមការងារគណបក្សទាំង៤បានបញ្ចប់ការជជែកគ្នាកាលពីម្សិលមិញដោយមានលទ្ធផលចំនួន១២ចំណុច។

ក្រុមការងារគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤
ក្រុមការងារគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ © សហការី
ផ្សាយពាណិជ្ជកម្ម

យ៉ាងឆាប់នៅចុងសប្តាហ៍នេះ យ៉ាងយូរនៅដើមសប្តាហ៍ក្រោយ គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា នឹងដាក់សំណើរសុំជួបជជែកគ្នាជាមួយស្ថាប័នជាតិសំខាន់ៗរួមមានរដ្ឋសភា ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយមានរបៀបវារៈសំខាន់ចំនួន១២ចំណុចផងដែរ ទាក់ទងទៅនឹងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងឲ្យដឹងថា ក្នុងចំណោមចំណុចចំនួន១២ ដែលត្រូវលើកយកទៅជជែក មានចំណុចខ្លះទាក់ទងទៅនឹងរដ្ឋសភា ដូចជាការកែទម្រង់ច្បាប់បោះឆ្នោត សមាសភាព គ.ជ.ប ការបង្កើតមណ្ឌលពិសេសសម្រាប់ពលរដ្ឋខ្មែរអាចបោះឆ្នោតបាននៅក្រៅប្រទេសជាដើម។ ដោយឡែកទាក់ទងទៅនឹងនីតិវិធី ឬសន្តិសុខ សុវត្ថិភាព នៅជុំវិញមណ្ឌលបោះឆ្នោត សេរីភាពក្នុងការប្រមូលផ្តុំនយោបាយដោយពុំមានការរំខាន ក្រុមការងារគណបក្សសម្ព័ន្ធនឹងបន្តសុំជួបជជែកជាមួយ គ.ជ.ប និងក្រសួងមហាផ្ទៃ។ល។ និង។ល។

តាមរយៈកិច្ចប្រជុំកាលពីថ្ងៃចន្ទ ក្រុមការងារគណបក្សទាំង៤ ក៏បានឯកភាពគ្នាលើជំហររួមទាក់ទងទៅនឹងករណីបណ្ដឹងតុលាការរបស់ គ.ជ.ប ដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងសហការគ្នាជាមួយគណបក្សដៃគូរៀបចំថ្លែងតាមសន្និសីទសារព័ត៌មានអំពីវឌ្ឍនភាព និងផែនការបន្ទាប់របស់ខ្លួន។

សូមរំលឹកថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា គណបក្សទាំង៤ បានធ្វើការតស៊ូមតិជុំវិញចំណុចមួយចំនួនមុននឹងឈានទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ក្នុងនោះសមាសភាពរបស់ គ.ជ.ប និងការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាននៅជុំវិញមណ្ឌលបោះឆ្នោត គឺជាបញ្ហាដែលមានប្រតិកម្មខ្លាំងពីសំណាក់គណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមួយចំនួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ