អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកសេដ្ឋកិច្ចថា EDC អាចបង់សងការខូតខាត ដល់ផលិតកម្មអាជីវកម្មមួយចំនួន ជុំវិញករណីដាច់ចរន្តអគ្គិសនី

អគ្គិសនីកម្ពុជាបានចេញមកបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនីនៅតាមភូមិសាស្ត្រមួយចំនួននៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតកាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺ គឺបណ្តាលមកពីករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។ ក្រោយករណីនេះកើតឡើង អ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា ការដាច់អគ្គិសនីក្នុងកម្រិតយូរបែបនេះ នឹងបង្កផលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច ជាពិសេសផលិតកម្មដែលពឹងផ្អែកទៅលើចរន្តអគ្គិសនី ដូចជារោងច្រក និងសហគ្រាសដែលមានផលិតកម្មផ្នែកក្លាសេ ខណៈមន្ទីរពេទ្យវិញក៏អាចរងផលប៉ះពាល់ដូចគ្នាដែរ។

ក្រុមការងារនៃអគ្គិសនីកម្ពុជាកំពុងធ្វើការតបណ្តាញអគ្គិសនីឡើងវិញ (រូបតំណាង)
ក្រុមការងារនៃអគ្គិសនីកម្ពុជាកំពុងធ្វើការតបណ្តាញអគ្គិសនីឡើងវិញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ករណីដាច់ចរន្តអគ្គិសនីក្នុងរយៈពេលណាមួយ និងកម្រិតណាមួយផលប៉ះពាល់ប្រាកដជាកើតមាន។ ហើយសម្រាប់ករណីដាច់ចរន្តអគ្គិសនីជាងមួយម៉ោងកាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី២១ សីហា លោកបណ្ឌិត ហុង វណ្ណៈ អះអាងថា វិស័យដែលរងផលរំខានច្រើនជាងគេ គឺវិស័យទេសចរណ៍ដែលមានដូចជា សណ្ឋាគារ និងផ្ទះសំណាក់។  ខណៈវិស័យឧស្សាហកម្មវិញ​ រួមមានសហគ្រាសដែលផ្គត់ផ្គង់ចំណីអាហារ និងទំនិញក្លាសេ។

ក៏ប៉ុន្តែ លោកបណ្ឌិត ហុង វណ្ណៈ មិនអាចវាយតម្លៃនូវទំហំផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិបាននោះទេ ក៏ព្រោះថាករណីដាច់ចរន្តអគ្គិសនីនេះមានរយៈពេលខ្លី និងថាបច្ចុប្បន្ន សហគ្រាស និងអាជីវកម្មធំៗមួយចំនួន មានម៉ាស៊ីនភ្លើងបម្រុងដើម្បីធានានូវដំណើរការផលិតកម្មរបស់ខ្លួន។

បើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ហុង វណ្ណៈ ប្រសិនបើក្នុងករណី សហគ្រាស រឺអាជីវកម្មរងការខាតបង់ច្រើនពីបញ្ហាដាច់ចរន្តអគ្គិសនីនេះ ភាគីអ្នកផ្គត់ផ្គង់ឬអគ្គិសនីកម្ពុជាហៅកាត់ថា EDC ត្រូវទទួលខុសត្រូវក្នុងលក្ខខណ្ឌជាក់លាក់ណាមួយ និងតាមរយៈការបង់សង់នូវផលខូចខាតនៃដំណើរការផលិតកម្មរបស់អ្នកប្រើប្រាស់។ តែយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចរូបនេះចាត់ទុកថា ប្រទេសកម្ពុជានៅមិនទាន់ឈានដល់ដំណាក់កាលខាងលើនៅឡើយ ដោយហេតុថា ភាគីអ្នកប្រើប្រាស់មិនបានទាមទារសំណងអ្វីនោះទេ។  

ទាក់ទិននឹងករណីដាច់ចរន្តអគ្គិសនីនេះ វិទ្យុបារាំងអន្តរជាតិRFI នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កែវ រតនៈ អគ្គនាយកនៃអគ្គិសនីកម្ពុជាបាននោះទេនាព្រឹកថ្ងៃអាទិត្យ​។

តែយ៉ាងណា អគ្គិសនីកម្ពុជាបានជូនដំណឹងភ្លាមៗទៅកាន់សាធារណជននៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី២១ សីហាថា ការដាច់ចរន្តអគ្គិសនីនេះ ​បណ្តាលមកពីករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។ ហើយការដាច់ចរន្តអគ្គិសនីនេះទៀតសោធ បានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ១,០១០មេហ្គាវ៉ាត់។ បើតាមការបញ្ជាក់ដដែល អគ្គិសនីកម្ពុជា សុំការយោគយល់ពីប្រជាពលរដ្ឋជុំវិញបញ្ហាដែលកើតមានឡើងនេះ។

ចំណែកករណីដាច់ទឹកប្រើប្រាស់វិញ រដ្ឋាករស្វយ័តក្រុងភ្នំពេញក៏បានចេញមកបញ្ជាក់ដែរថា បន្ទាប់ពីមានករណីដាច់ចរន្តអគ្គិសនីភ្លាម រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មិនអាចដំណើរការផលិតផ្គត់ផ្គង់ទឹកស្អាតបានឡើយ និងបានធ្វើឱ្យសំពាធទឹកក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានសភាពចុះខ្សោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ