អានតួអត្ថបទ
កម្ពុជា

កញ្ញាឈឹម ស៊ីថរ៖ ការតវ៉ារបស់បុគ្គលិក​ណាហ្គា​មិនមានការរារាំង តែនៅ​បន្តរងនូវអំពើហិង្សា

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ បាន​បញ្ជាក់ថា ការចេញតវ៉ារបស់បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរពុំមានការរារាំងឡើយ តែសន្តិសុខក្រុមហ៊ុន និងអាជ្ញាធរនៅតែបន្តការប្រើហិង្សាលើអ្នកតវ៉ាដដែល។ នេះជាការកត់សំគាល់របស់ កញ្ញា ឈឹម ស៊ីថរ។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុមអតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តចេញតវ៉ាទាមទារលក្ខខណ្ឌការងារពីក្រុមហ៊ុនណាហ្គាវើលដ៍ដដែល ដើម្បីឱ្យមានដំណោះស្រាយបន្ទាប់ពីបញ្ឈប់ពួកគេក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩។ ជាការកត់សម្គាល់កន្លងមកគេសង្កេតឃើញថា នៅពេលកម្មករចេញតវ៉ាទាមទារលក្ខខណ្ឌការ​ងារពីក្រុមហ៊ុនណាហ្គាវើលដ៍ម្ដងៗ តែងត្រូវបានអាជ្ញាធររារាំងនិងរុញច្រានគ្នាទៅវិញទៅមករហូតមានអំពើហិង្សាកើតឡើងលើគ្នា។ ក៏ប៉ុន្តែចាប់តាំងពីមានដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃមកកម្ពុជា របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រាល់ការ​តវ៉ារបស់កម្មករណាហ្គាវើលដ៍លែងមានការរារាំងពីសំណាក់អាជ្ញាធរទៀតទេ។

ទោះបីជាគ្មានការរារាំងពីសំណាក់អាជ្ញាធរទៅលើអ្នកតវ៉ាប៉ុន្មានថ្ងៃកន្លងមកនេះក៏ពិតមែន តែកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថាកម្មករនៅតែទទួលរងនូវអំពើហិង្សាដដែល។ កញ្ញាបានចោទក្រុមអាជ្ញាធរនិងសន្តិសុខក្រុមហ៊ុនណាហ្គាវើលដ៍ដែលស្លៀកពាក់ស៊ីវិលបានបន្លំខ្លួនចូលក្នុងក្រុមអ្នកតវ៉ា ហើយ​បានទះកំភ្លៀងកម្មករដែលជាស្រ្តីដែលបាននិងកំពុងតវ៉ានៅទីនោះតែម្ដង។

ឆ្លើយតបនូវការលើកឡើងខាងលើនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានបដិសេធថា គ្មានការប្រើប្រាស់ហិង្សាលើកកម្មករណាហ្គាវើលដ៍ដែលចេញតវ៉ានោះទេ ហើយបើមានករណីប្រើហិង្សាណាមែន លោកបានជំរុញឱ្យអ្នកតវ៉ាប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីអនុវត្តច្បាប់ទៅលើជនដែលបានប្រព្រឹត្ត ឱ្យតែមាន​ភស្តុតាងច្បាស់លាស់ ជាជាងគ្រាន់តែលើកឡើង និងចោទប្រកាន់ ។

សូមបញ្ជាក់ថា កន្លងមកនៅពេលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចេញតវ៉ាទាមទារលក្ខខណ្ឌការងារពីក្រុមហ៊ុនណាហ្គាវើលដ៍ម្ដងៗ តែងត្រូវបានអាជ្ញាធររារាំង និងបានចាត់ទុកការតវ៉ានោះជាការតវ៉ាខុសច្បាប់ទៀត​​។ ក៏ប៉ន្តែសម្រាប់ភាគីកម្មករដែលចេញតវ៉ាវិញ ថាការតវ៉ារបស់ពួកគេគឺស្របទៅតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញផ្ទុយពីការលើករបស់អាជ្ញាធរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ