អានតួអត្ថបទ
កម្ពុជា-សង្គម

ជនបរទេសដែលស្នាក់នៅកម្ពុជាលើសពី ២ ឆ្នាំ អាចចូលរមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ ឥតគិតថ្លៃ

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១ ខែកញ្ញានេះ បានសម្រេចអនុញ្ញាតឱ្យជនបរទេសដែលស្នាក់នៅកម្ពុជាលើសពី ២ ឆ្នាំ ចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ ដោយមិនបង់ថ្លៃ រយៈពេលមួយឆ្នាំម្តង ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។ ការសម្រេចរបស់រដ្ឋាភិបាលដូច្នេះ ត្រូវបានអ្នកជំនាញវិស័យទេសចរណ៍យល់ឃើញថា នឹងផ្ដល់ផលចំណេញសេដ្ឋកិច្ចដល់កម្ពុជា។

ភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត
ភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ជនបរទេសដែលស្នាក់នៅកម្ពុជាលើសពី ២ ឆ្នាំ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ ។ ជនបរទេសដែលអាចស្នើប័ណ្ណនេះ រួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការនៅក្រសួង ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងក្រុមគ្រួសារដែលស្នាក់នៅជាមួយ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​​ បានលើកឡើងថា ការសម្រេចរបស់រដ្ឋាភិបាលដូច្នេះ នឹងផ្ដល់ផលចំណេញដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្សព្វផ្សាយកម្ពុជាទៅពិភពលោក ខណៈកម្ពុជាទើបតែបើកចំហទេសរណ៍ និងទីផ្សារក្រោយបញ្ហាជំងឺរាតត្បាត។ លោកអះអាងថា ជនបរទេសដែលស្នាក់នៅកម្ពុជាលើសពី ២ ឆ្នាំទាំងនោះ នឹងនាំសាច់ញាតិ គ្រួសារ មិត្តភក្តិរបស់ពួកគេ មកទេសចនៅកម្ពុជា ដែលនឹងផ្ដល់ចំណូលដល់ពលរដ្ឋកម្ពុជា។

បើតាមសេចក្ដីជូនដំណឹងដដែល ចំពោះបែបបទនៃការស្នើសុំបណ្ណនេះ អាចធ្វើតាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឬដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ។ ការស្នើសុំប័ណ្ណនេះ ត្រូវភ្ជាប់មកជាមួយលិខិតឆ្លងដែនច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅកកម្ពុជា និងរូបថត ដែលថតរយៈពេល ៦ខែចុងក្រោយ ចាប់ពីថ្ងៃប្រកាសនេះតទៅ។

គួរជម្រាបជូនថា កម្ពុជា​តាមរយៈក្រសួងទែសចរណ៍ កាលពីពេលថ្មីៗកន្លងទៅនេះ គ្រោងនឹងលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់ អាចចូលទស្សនាអង្គរវត្តបានមួយជីវិត តម្លៃ ៧០០ ដុល្លារ។ ក៏ប៉ុន្តែតម្លៃនេះ មិនទាន់មានការសម្រេចនៅឡើងទេ ពោលគឺស្ថិតនៅដំណាក់កាលសិក្សារវាងអន្តរក្រសួងរួម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រឹះស្ថានអង្គរជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ