អានតួអត្ថបទ
កម្ពុជា-សង្គម

សហជីពជំរុញឲ្យអាជ្ញាធរសុំទោសជាសាធារណៈចំពោះករណីវិវាទការងារនៅណាហ្គាវើលដ៍

បន្ទាប់ពី​តឹង​សរសៃ​ក​ដាក់​គ្នា នៅ​ទី​បំផុត អាជ្ញា​រាជ​ធានី​ភ្នំពេញបាន​ព្រម​បើក​ផ្លូវ​ឲ្យ​សកម្ម​ជន​សហជីព​ដែល​ភាគ​ច្រើន​ជា​ស្ត្រីដើរ​ទៅ​ដាក់​ញត្តិ​នៅ​ទីស្តី​គណៈ​រដ្ឋមន្ត្រី​នៅថ្ងៃអាទិត្យនេះ​។​ ​ជា​ការ​ដាក់​ញត្តិ​ជំរុញឲ្យ​មាន​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ដែល​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​មក​នេះ​។​ ប៉ុន្តែមុន​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ដាក់​ញត្តិនេះ ក្រុម​អ្នក​តវ៉ា​បាន​ប៉ះ​ទង្គិច​គ្នាផងដែរ​ជា​មួយ​ក្រុម​សមត្ថ​កិច្ច​ ខណៈ​សហជីព​ជំរុញ​ឲ្យ​អាជ្ញាធរ​សុំទោស​ជា​សាធារណៈ​ចំពោះ​ករណី​វិវាទ​ការងារ​ដ៏រាំ​រ៉ៃ​មួយ​នេះ​។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ © សហការី
ផ្សាយពាណិជ្ជកម្ម

ការតវ៉ាបានឈានដល់តឹងសរសៃកដាក់គ្នាពីសំណាក់ក្រុមសកម្មជនសហជីពដែលភាគច្រើនជាស្ត្រី ខណៈដែល​មន្ត្រីក្រសួងការងារមានការយឺតយ៉ាវចេញមកទទួលញត្តិរបស់ពួកគេ។ ដោយសារតែថ្ងៃអាទិត្យ មន្ត្រីក្រសួងការងារបានចេញមុខមកទទួលញត្តិ​នៅពេលដែលពួកគេ​ដើរផុតពីមុខក្រសួងការងារទៅហើយ ក្នុងបំណង​សំដៅទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែការធ្វើដំណើរដោយថ្មើជើងនេះត្រូវបាន​បន្ទុចបង្អា្កក់ ដោយ​ក្រុម​សន្តិសុខ ខណ្ឌទួលគោក នៅចំណុច​ស្ពានអាកាសតិចណូ ​ដែល​មិនឆ្ងាយប៉ុន្មានពីក្រសួងការងារ។

អភិបាលខណ្ឌទួលគោក លោក ជា ពិសី ដែលទើបឡើងកាន់តំណែងថ្មីបានចេញមុខសម្របសម្រួលជាមួយនឹងមន្ត្រីម្នាក់​របស់​ក្រសួងការងារ ដែលថាមកទទួលញត្តិពីក្រុមសកម្មជនសហជីព។ ប៉ុន្តែ​ក្រុម​អ្នកតវ៉ា​បាន​ទាមទារឲ្យមន្ត្រីរដ្ឋចេញមុខសុំទោសជាសាធារណៈ ចំពោះការយឺតយ៉ាវ​នៃ​ដំណោះស្រាយ​វិវាទ​ការ​ងារនៅក្រុម​ហ៊ុន​ណាហ្គាវើលដ៍ប្រមាណជិត១ឆ្នាំមកនេះ។

ប៉ុន្មាននាទីក្រោយមក អភិបាលរងរាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បានចេញមុខសម្របសម្រួលនៅនាទីចុងក្រោយ​បន្ទាប់ពីក្រុមកំលាំងសមត្ថកិច្ច បានរុញច្រានគ្នា ដោយហិង្សា ជាមួយក្រុមស្ត្រីជាអ្នកតវ៉ា។ក្រោយជជែកគ្នាមួយសន្ទុះ លោក មាន ច័ន្ទយ៉ាដា បានយល់ព្រមឲ្យសកម្មជនទាំងនោះដើរ​ទៅដាក់​ញត្តិនៅទីស្តីគណៈរដ្ឋមន្ត្រី ហើយនៅទីនោះលោកអភិបាលរងរូបនេះ ក៏បានចេញមុខទទួល​ញត្តិ​ ខណៈថ្ងៃអាទិត្យ ទីស្តីការគណៈរដ្ឋមន្ត្រីបិទទ្វាររបង។

គួរឲ្យដឹងថា ថ្នាក់ដឹកនាំសហជីព និងកម្មករដែលធ្វើការក្នុងវិស័យការងារ នៅកម្ពុជារាប់រយនាក់ ពិសេសក្រុមបុគ្គលិក​ដែល​បានបញ្ឈប់ក្រុម​ហ៊ុនកាស៊ីណាហ្គាវើលដ៍ ពួកគេបានប្រមូលផ្ដុំគ្នានៅមុខក្រសួងការងារ តាំងពីមុនម៉ោង៩ព្រឹក ថ្ងៃអាទិត្យ ក្នុងគោលបំណងស្នើដោះស្រាយបញ្ចប់វិវាទការងារ។ ពួកគេ ទទួចឲ្យទទួលយកថ្នាក់ដឹកនាំ និងសមាជិកសហជីពប្រមាណ១៥០នាក់ចូលធ្វើការវិញជាមួយប្រាក់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ ព្រមទាំងទម្លាក់បទចោទមកលើថ្នាក់ដឹកនាំសហជីពទាំង១៥រូប។ ជាមួយគ្នានេះពួកគេក៏បានស្នើសុំដោះស្រាយសំណុំរឿងបញ្ឈប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពសរុបចំនួន ៣១ករណីផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ