អានតួអត្ថបទ
កម្ពុជា-សង្គម

ភ្ជុំបិណ្ឌ៖ ពលរដ្ឋជាង៥ពាន់នាក់ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈឥតគិតថ្លៃ នៅព្រឹកទី១ថ្ងៃដំណើរការ

នៅព្រឹកព្រហាមស្រាងៗថ្ងៃទី​២៣កញ្ញានេះ រថយន្ត​ក្រុង​សាធារណៈចំនួន​ ១៧៥​គ្រឿង បានដាក់បញ្ឈរនៅតាមដងផ្លូវត្រៀមដឹកជញ្ជូន​ប្រជាពលរដ្ឋ​​​​​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​​នេះ ដោយ​មិន​យក​កម្រៃ។ នៅព្រឹក​ថ្ងៃទី​១នៃដំណើរការសេវា មានពលរដ្ឋជិត ​៥៦០០នាក់ធ្វើដំណើរចេញពីភ្នំពេញទៅតាមបណ្តាខេត្ត​ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះដែរ បានអំពាវនាវ​ឱ្យរថយន្តឈ្នួល​​​រក្សាកុំតម្លើង​តម្លៃដឹកជញ្ជូន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

រថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង បានដាក់បញ្ឈរនៅតាមដងផ្លូវត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យភ្ជុំនេះ ដោយមិនយកកម្រៃ
រថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង បានដាក់បញ្ឈរនៅតាមដងផ្លូវត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យភ្ជុំនេះ ដោយមិនយកកម្រៃ © FB
ផ្សាយពាណិជ្ជកម្ម

មិនខុសពីសព្វមួយដង​ ប្រជាពលរដ្ឋ​រស់នៅទីក្រុងភ្នំពេញ អ្នកឃ្លាតឆ្ងាយស្រុកកំណើត​មកប្រកបការងារផ្សេងៗក្នុងទីក្រុង ត្រូវ​ចាកចេញពីទី​ក្រុងវិលទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីចូលរួមពិធីបុណ្យ​ភ្ជុំបិណ្ឌ។ ជា​ឱកាស​ធ្វើ​បុណ្យ ​ជួបជុំ​គ្នា​ក្នុង​សង្គម​គ្រួសារ និងដំណើរកម្សាន្តសប្បាយរីករាយ​។

សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌនេះ រថក្រុងចំនួន​១៧៥គ្រឿង កំពុងត្រៀមបម្រើសេវាដឹកជញ្ជូន​សារធារណៈ ​ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី​២៣ ខែកញ្ញា​ ឆ្នាំ​២០២២ ដោយ​រថយន្ត ១២០គ្រឿង​សម្រាប់ដឹកពលរដ្ឋ​ពីភ្នំពេញទៅតាមបណ្តាខេត្ត​ (កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត កែប កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង)។ ចំណែក​ជាង​ ៥០គ្រឿង​ទៀត​សម្រាប់​ដឹក​ជញ្ជូនពលរដ្ឋក្នុង​ក្រុងភ្នំពេញ។ 

លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី​២៣កញ្ញានេះថា មានពលរដ្ឋ ក្មេងចាស់ ប្រុសស្រីចំនួន ៥៩២៣នាក់ បានមកប្រើប្រាស់សេវាដឹកជញ្ជូនពលរដ្ឋតាមរថយន្តក្រុងឥតគិតថ្លៃ គិតត្រឹមព្រឹកថ្ងៃទី​១នៃដំណើរការ ក្នុងឱកាសពិសេសនេះ។

ទន្ទឹមគ្នានេះដែរ លោកអភិបាលក្រុងបានអះអាង​ពីការណែនាំ​ដល់ថៅកុងឡានក្រុងសាធារណៈ​ទាំងអស់​ឱ្យ​មានសុជីវធម៌ មិនត្រូវ​ទារប្រាក់ពីប្រជា​ពលរដ្ឋ ត្រូវ​គោរពប្រតិបត្តិច្បាប់​ និង​ត្រូវ​មានការទទួលខុសត្រូវខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ​នៅលើរថយន្តក្រុងសាធារណៈនេះ។

លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញអំពាវនាវដល់ពលរដ្ឋ ដែលជិះរថយន្តក្រុងសាធារណៈខាងលើ ធ្វើការរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ​ប្រសិនបើ​ពួកគេត្រូវបានគេទារប្រាក់សេវា​ ឬជួបបញ្ហាទាស់ចិត្តណាមួយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី​២៣ ខែកញ្ញានេះដែរ​ ក៏​បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ដើម្បីជាការ​សម្រួលបន្ទុកចំណាយការធ្វើដំណើរក្នុងឱកាសភ្ជុំបិណ្ឌនេះ។

ជា​ការ​កត់​សម្គាល់ នៅរាល់ពេលមានបុណ្យទានសំខាន់ៗនៅស្រុកខ្មែរ រថយន្តឈ្នួល​តាក់ស៊ីឆ្លៀតឱកាស​ដំឡើងថ្លៃសេវា​​ខុសទំនង ដោយលើកហេតុផលពីតម្លៃប្រេងស៊ាំងជាដើម ដែលបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំង​ពីពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ត​អំពាវនាវ​ឱ្យរថយន្តឈ្នួល​​​រក្សាកុំតម្លើង​តម្លៃដឹកជញ្ជូន ដោយរក្សាតម្លៃដដែល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ចំណែក​ លោក​ ឃួង ស្រេង អភិបាលក្រុងបានលើកឡើងថា សាលាក្រុងតែងតែបានធ្វើការណែនាំកុំ​ឱ្យដំឡើងតម្លៃសេវារថយន្តឈ្នួល​ជាច្រើនលើក​ ប៉ុន្តែមិនមែនជាការ​ហាមឃាត់ដាក់កម្រិតឡើយ ព្រោះកម្ពុជាជាប្រទេសទីផ្សារសេរី។

គួរជម្រាបថា ក្រៅពីសេវាដឹកជញ្ជូន​ទាំងផ្លូវថ្នល់​ រដ្ឋាភិបាលកម្ពុជាក៏បាន​សម្រេចដាក់សេវាដឹកជញ្ជូន​តាមផ្លូវរថភ្លើង ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦កញ្ញា ចំនួន២ខ្សែរផងដែរ (គោលដៅខ្សែទី១ គឺភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ រីឯគោលដៅខ្សែទី២ គឺភ្នំពេញទៅកាន់ខេត្តតាកែវ កំពត និងព្រះសីហនុ)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ