អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កម្ពុជាផ្តល់អង្ករ៦ពាន់តោនទៅគុយបា ខណៈប្រទេសនេះប្រឈមនឹងវិបត្តិស្បៀង

កម្ពុជា​​បាន​ប្រកាស​​ផ្តល់​អំណោយអ​ង្ករ​ចំនួន​​ ៦ពាន់​តោន​ទៅ​​​ដល់គុ​យបា ខណៈប្រ​ទេសលើកោះ​មួយ​នេះកំ​ពុងប្រឈម​នឹង​វិបត្តិ​ស្បៀង​​ដោយ​សារ​តែកូវីដ១៩ និង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក។ ការ​ប្រកាស​ផ្តល់​ជំនួយ​នេះ ​គឺនៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​គុយ​បាលើ​កទី​​២ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន គូស​បញ្ជាក់​ថា ទំនាក់ទំ​នង​​កម្ពុជា និង​គុយបារ​យៈពេល​ជាង​៦០ឆ្នាំម​កនេះ មាន​ស្ថេរភាព ពិសេសន​យោបាយ​​។

ប្រមុខដឹកនាំកម្ពុជានិងប្រមុខដឹកនាំគុយបា
ប្រមុខដឹកនាំកម្ពុជានិងប្រមុខដឹកនាំគុយបា © SPM Page
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ តាមរយៈទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែលកំពុងមានវត្តមាន​នៅប្រទេសគុយបា បាន​ប្រកាស​ផ្តល់អំណោយ​អង្ករចំនួន ​៦ពាន់តោន​ទៅដល់រដ្ឋាភិបាលគុយបា។ អង្ករ​ចំនួន​៦ពាន់តោននោះ គឺ៣ពាន់តោនជាជំនួយ​របស់រដ្ឋាភិបាលកម្ពុជា ហើយ​៣ពាន់តោនទៀតជាជំនួយ​របស់វិស័យឯកជន។ តាមការគ្រោងទុក អង្ករ​៦ពាន់តោន នឹងត្រូវដឹក​ចេញពីកម្ពុជា​នៅខែ​តុលា និងត្រូវ​ដឹកដល់​ប្រទេសគុយបា​នៅក្នុងខែធ្នូ។

ទន្ទឹមគ្នានេះដែរ ប្រមុខដឹកនាំកម្ពុជានិងប្រមុខដឹកនាំ​គុយបា ក៏បានលើកឡើងពីលទ្ធភាព​ពីការរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើដំណាំស្រូវ ដែលកម្ពុជាជាអ្នក​រ៉ាប់រងរាល់ការចំណាយលើការសិក្សាស្រាវជ្រាវនេះ។ ជា​ការសិក្សាស្រាវជ្រាវលើវិស័យកសិកម្ម ដែលលោក ហ៊ុន សែន ចាត់ទុកថា ជាចំណែកមួយសម្រាប់ធានាដល់សន្តិសុខស្បៀងរវាងកម្ពុជា និងប្រទេសគុយបា។

ការប្រកាសបែបនេះធ្វើឡើង អំឡុង​ដំណើរទស្សនកិច្ច​ផ្លូវការលើកទី​២ នៅប្រទេសគុយបា ដែលលើកទី១ធ្វើឡើងកាលពីឆ្នាំ​១៩៩៥​។ ដំណើរទស្សនកិច្ចលើកទី២នេះធ្វើឡើង ចាប់ពីថ្ងៃទី​២៣-២៥ ខែ​កញ្ញា​ ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួប​ជាមួយ​​លោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានសភាអំណាចប្រជាជនគុយបា និង​​​លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ប្រធានាធិបតីគុយបា ដែលបាន​ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពរវាងកម្ពុជានិងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។

ចំពោះលោក ហ៊ុន សែន រយៈពេល៦២ឆ្នាំ ទំនាក់ទំនងកម្ពុជានិងគុយបា មានលក្ខណៈស្ថេរភាព ជាពិសេសនយោបាយ ត្បិតតែមានការផ្លាស់ប្ដូរច្រើនមែន។ រដ្ឋសភាគុយបា បានអះអាង​រក្សាទំនាក់ទំនងជាមួយកម្ពុជា ​ក្នុងក្របខ័ណ្ឌចលនាមិនចូលបក្សសម្ព័ន្ធ។ ច្បាប់ដែលបានដាក់ចេញដោយសភាគុយបា គឺមាន៣០ច្បាប់ រួមទាំងច្បាប់ដទៃទៀតមានចំនួន៦០ឯណោះ ដែលអះអាងថាជាការ​ដើរតួនាទីសំខាន់ក្នុងការគាំទ្ររដ្ឋាភិបាលគុយបា។

គួរជម្រាបថា ប្រទេសគុយបា ជាប្រទេសដ៏ក្រីក្រមួយ​ ​ធ្លាប់ជួបបញ្ហាប្រឈមដូចជាការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដែល​គុយបាចាត់ទុកការដាក់ទណ្ឌកម្មនោះថាបានផ្ដល់ការលំបាកចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ និង​ជាការរំលោភជាប្រព័ន្ធចំពោះសិទ្ធិមនុស្ស ដែលប្រឆាំងនឹងប្រជាពលរដ្ឋគុយបាផងដែរ។

នៅគុយបា ជារឿយៗពលរដ្ឋ​តែងចុះផ្លូវធ្វើបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋអំណាច។ ស្រែក​ត្អូញត្អែ​ពី​ការ​លំបាក​ក្រោម​ការដឹកនាំ​របស់​រដ្ឋអំណាច​បច្ចុប្បន្ន។ បាតុករខ្លះ​ស្រែក​ត្អូញពី​ភាពក្រខ្សត់​ អត់​ឃ្លាន និង​ថែម​ស្រែក​ចោទប្រកាន់​រដ្ឋាភិបាល​ថា ផ្តាច់ការ ហើយ​និងទាមទារ​អ្នកដឹកនាំ​​ចុះចេញ​​ពី​អំណាច​ជាដើម​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ