អានតួអត្ថបទ
កម្ពុជា-សង្គម

លោក​ ហ៊ុន សែន ​អំពាវនាវ​ឲ្យពលរដ្ឋ​នៅឃុំ​ព្រះដាក់ ​កុំអាល​ឆោឡោ​ពីការ​រើចេញ​ពីតំបន់​អង្គរ

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅថ្ងៃទី០៦​តុលា ​បានចេញ​មក​អំពាវនាវ​កុំឲ្យ​ប្រជាពលរដ្ឋ​រស់នៅឃុំព្រះដាក់​ នៃតំបន់​អង្គរ​ កុំ​អាល​មាន​ការឆោឡោ​ពីការ​រុះរើទីលំនៅ។ ​ការ​អំណាវ​នាវ​របស់ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ យ៉ាង​ដូច្នេះ ​គឺបន្ទាប់​ពីប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ឃុំព្រះដាក់​ បាន​ស្នើឲ្យរដ្ឋាភិបាល​កុំរុះរើ​លំនៅឋាន​ពួកគេ ​ដោយប្តូរ​ទៅតំបន់​រុនតាឯក។​

ប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ នៃតំបន់អង្គរ
ប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ នៃតំបន់អង្គរ © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលមិនទាន់ប៉ះពាល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់នោះទេ។ ផ្ទុយមកវិញ គឺរដ្ឋាភិបាលគ្រាន់តែបានគិតគូរពីហេដ្ឋារចនាសម្ព័ន្ធតំបន់រមណីយដ្ឋានអង្គរ នៃការស្តុកទុក។

នៅចំពោះមុខនៃការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណជាង២០០០នាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យមានការស្ងៀមស្ងាត់ ដោយលោកនឹងចាត់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅពន្យល់ប្រជាពលរដ្ឋ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺរដ្ឋាភិបាលកំពុងគិតគូរពីការស្តុកទឹកនៅតំបន់បារាយណ៍ទាំងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើត។ ក៏ប៉ុន្តែសម្រាប់តំបន់បារាយណ៍ខាងកើត គឺមានបញ្ហាខ្វះទឹកដែលរដ្ឋាភិបាលត្រូវសិក្សា។ តាមលោក ហ៊ុន សែន បញ្ហានេះក៏មិនមែនរដ្ឋាភិបាលទាមទារស្តុកទឹករហូតដល់៣០លានម៉ែត្រគីប ដែលតម្រូវឲ្យប្រជាពលរដ្ឋនៅឃុំព្រះដាក់ទាំងអស់ត្រូវរុះរើនោះដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានតម្រូវឲ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អង្គរ ដោយខុសច្បាប់ ត្រូវរុះរើផ្ទះសម្បែង ទៅតំបន់រុនតាឯក។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងនគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា មានពលរដ្ឋចំនួន ៥៦៦២គ្រួសារ បានចាប់ឆ្នោតស្ម័គ្រចិត្តរើចេញ។ ភាគច្រើននៃប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើចេញ មានផ្ទះសម្បែងនៅកៀកនៅប្រាសាទអង្គរវត្ត។

យ៉ាងណាក្តី បើតាមផែនទីបញ្ជាក់ នៅមានប្រជាពលរដ្ឋមួយចំនួន មិនទាន់ស្ម័គ្រចិត្តរុះរើផ្ទះសម្បែងនៅឡើយ។ ក្នុងនោះរួមមាន ឃុំគោកបេង ឃុំខ្វៀន ឃុំវាល ឃុំត្រពាំងសេះ ឃុំទ្រាំង ឃុំស្រះស្រង់ និងឃុំព្រះដាក់ ជាដើម។ ល។

ការណ៍នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីនេះថ្ងៃចន្ទកន្លងទៅ ក៏បានព្រមានអំពីការបណ្តេញចេញ ប្រសិនបើមានករណីប្រជាពលរដ្ឋទាមទារសំណងហួសហេតុ។ លោក ហ៊ុន សែន លើកឡើងថា ពេលនេះជាវិធីដែលរដ្ឋាភិបាលកំពុងថ្នាក់ថ្នម ក៏ប៉ុន្តែបើពេលវេលាមកដល់ នោះរដ្ឋាភិបាលនឹងមិនចំណាយប្រាក់សម្បីមួយកាក់មួយសេននោះឡើយ។ លោកថា ករណីនេះ គឺដើម្បីបង្ការកុំឲ្យអង្គការ UNESCO ដកអង្គរវត្តចញពីសម្បត្តិបេតិកភណ្ឌពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ