អានតួអត្ថបទ
កម្ពុជា-សង្គម

កូដករណាហ្គាវើលដ៍៦រូបត្រូវបានតុលាការចេញដីកាកោះហៅ

យ៉ាងហោចណាស់មានកូដករណាហ្គាវើលដ៍៦រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដីកាកោះហៅក្នុងបទចោទ«រំលោភលើលំនៅឋាន»គិតមកដល់ថ្ងៃទី១៨តុលា។ នេះបើតាមការបញ្ជាក់របស់ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍។ កញ្ញាចាត់ទុកការកោះហៅជាបន្តបន្ទាប់នេះ ជាការវិវត្តន៍ថ្មីមួយទៀតថ្មី ដោយប្រើប្រាស់ប្រព័ន្ធតុលាការបំបិតមាត់សិទ្ធិសេរីភាពអ្នកទាមទារសិទ្ធិ។

ក្រុមកូដករណាហ្គាវើល
ក្រុមកូដករណាហ្គាវើល © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមអ្នកទាំង៦នាក់នេះ ២នាក់ទើបទទួលដីកាកោះហៅនៅថ្ងៃទី១៨ខែតុលានេះ ហើយ៤នាក់ទៀតទទួលបានដីកាកោះហៅមុនថ្ងៃទី១៨តុលា។ អ្នកទាំង៤នាក់ដែលទទួលបានដីកាកោះមុនថ្ងៃទី១៨តុលារួមមានឈ្មោះ សៀក បញ្ញា. ជួប សោភ័ណ្ឌ .សុខ ថាវុធ. នេត ចរិយា។  អ្នកទាំង៤រូប នៅថ្ងៃទី១៧តុលាម្សិលមិញ ក៏បានធ្វើដំណើរ ទៅដាក់​លិខិតស្នើសុំ​ពន្យារពេលចូលឆ្លើយបំភ្លឺ​ នៅសាលាដំបូងរាជធានីភ្នំពេញ ព្រោះត្រូវពឹងពាក់មេធាវីដើម្បីការពារសិទ្ធិនៅតុលាការ​។

កញ្ញា សុខ ថាវុធ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨តុលានេះថា កញ្ញានិងអ្នកឯទៀតកំពុងស្វះស្វែងរកមេធាវីការពារក្ដី និងកំពុងរៀបចំឯកសារពាក់ព័ន្ធមួយចំនួន។ កញ្ញា សុខ ថាវុធ បន្ថែមថា ភ្ញាក់ផ្អើនៅពេលដែលតុលាការចេញដីកាកោះហៅក្នុងបទចោទ រំលោភលើលំនៅឋាន ដែលគ្រាន់តែធ្វើសកម្មភាពតវ៉ាតាមច្បាប់ស្ដីកូដកម្ម។

ជាមួយគ្នានេះ កញ្ញា ជួប សោភ័ណ្ឌ បានចាត់ទុកដីកាកោះនេះ ប្រែក្លាយអ្នកត្រូវទៅជាខុស អ្នកខុសបែរជាត្រូវទៅវិញ។  កញ្ញា រងចាំមើលតើមន្ត្រីតុលាការជួយអ្នកមានដែលជាថៅកែ ឬជួយអ្នកក្រដែលជាកម្មករកំពុងតវ៉ា។ ទោះប្រឈមបណ្ដឹងក៏ កញ្ញា ជួប សោភ័ណ្ឌ មិនរាថយក្នុងការចេញមុខតវ៉ាដែរ។ 

បញ្ហាផ្លូវច្បាប់រវាងថៅកែក្រុមហ៊ុននិងកម្មករណាហ្គាវើលដ៍មិនមែនជារឿងថ្មីទេ កាល​ពី​ខែមករា​​ដើមឆ្នាំ ​ ថ្នាក់​ដឹក​នាំ និង​​សកម្ម​ជន​​សហជីព​​ចំនួន ១១​នាក់ ​ដែល​​ជា​តំណាង​របស់​ក្រុម​កូដករណាហ្គាវើលដ៍ ត្រូវបាន​​តុលាការ​​​​​​ចោទ​ប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន​ ក្រោម​ការចោទ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍» និង​បទ «រារាំងការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរាលដាលជំងឺកូវីដ-១៩»។ តែអ្នកទាំង១១ត្រូវបាន​តុលាការ​​សម្រេច​ឱ្យដោះលែងនៅក្រៅឃុំ​វិញ ដើម្បី​ចូលរួម​​​​​ការចរចារកដំណោះស្រាយ​ស្រាយ​​វិវាទ​​ការ​ងារ​​រួម។  ការអូសបន្លាយនៃបញ្ហានេះ នៅត្រង់ថា  កម្មករដែលចេញតវ៉ា ចង់ឲ្យភាគីក្រុមហ៊ុនទទួលយកបុគ្គលិកទាំងអស់ចូលធ្វើការឡើងវិញ និងត្រូវមានសហជីពនៅក្នុងការងារ តែថៅកែមិនព្រមដាច់ខាត។

គិតត្រឹមខែកក្កដា បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍សរុបចំនួន២០៥នាក់ ក្នុងចំណោមបុគ្គលិកសរុប៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយភាគីក្រុមហ៊ុន។ ក្រសួងការងារអះអាង នឹងស្វែងរកឱកាសការងារថ្មីឱ្យអតីតបុគ្គលិកទាំងអស់ដែលបានទទួលយកប្រាក់សំណង ប៉ុន្តែពីខាងសហជីពវិញយល់ថា ការទទួលយកសំណងរបស់បុគ្គលិកមិនឆ្លុះបញ្ចាំងអំពីឆន្ទះពិតរបស់ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ