អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួងសាធារណការ៖ កិច្ចព្រមព្រៀងក្របខណ្ឌសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតត្រូវបានឯកភាព

គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ខណៈកិច្ចព្រមព្រៀងសម្បទានរវាងរដ្ឋាភិបាល និងក្រុមហ៊ុន CRBC នឹងត្រូវពិភាក្សាបន្ដ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ 

កិច្ចព្រមព្រៀងក្របខណ្ឌសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត
កិច្ចព្រមព្រៀងក្របខណ្ឌសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត © MPWT
ផ្សាយពាណិជ្ជកម្ម

លោក​ហ៊ាង សុទ្ធាយុត្តិ ​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះថា កិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាព នៅក្នុងកិច្ចភិភាក្សាមួយ រវាងគណៈកម្មការអន្តរក្រសួងដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន CRBC។

អ្នកនាំពាក្យក្រសួងសាធារណការបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងសម្បទានរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន CRBC កំពុងត្រូវបានពិភាក្សាបន្ដ លើចំណុចមួយចំនួនទៀត ដែលរួមមាន ទំហំទឹកប្រាក់សាងសង់ និងកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ អ្នកនាំពាក្យរូបនេះរំពឹងថា កិច្ចព្រមព្រៀងសម្បទាន និងកិច្ចសន្យាផ្សេងៗ នឹងត្រូវចុះហត្ថលេខា នាជំនួបរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិននៅដើមខែក្រោយ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយពេលវាលា និងការចំណាយលើការដឹងជញ្ជូន ពីភ្នំពេញ ទៅបាវិត ប្រទេសវៀតណាម និងប្រទេសជិតខាង ដែលឆ្លងកាត់តាមបាវិត ព្រមទាំងសម្រួលការធ្វើដំណើរ និងទេសចរណ៍របស់ពលរដ្ឋ។ នេះបើតាម លោកហ៊ាង សុទ្ធាយុត្តិ។

គួរជម្រាបជូនថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន CBRC។ គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ ទទឹង ២៥.៥ ម៉ែត្រ ដែលមាន ៤គន្លង។ ផ្លូវនេះ នឹងសាងសង់ចាប់ពីភ្នំពេញនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គឺជាផ្លូវល្បឿនលឿនទី២ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ