អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រសួងមហាផ្ទៃស្នើប៉ូលិសអន្តរជាតិអាំងទែរប៉ូលចាប់លោក សម រង្ស៊ី បញ្ជូនមកកម្ពុជា

ក្រសួង​មហាផ្ទៃ​អះអាង​នៅ​ថ្ងៃទី៥​វិច្ឆិកា​​នេះ​ថា​ កម្ពុជា​​បាន​ស្នើ​ទៅ​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល​ ដើម្បី​តាម​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ពី​ប្រទេស​បារាំង​ត្រលប់​មក​កម្ពុជា ​តាម​រយៈ​អធិបញ្ជា​ពី​ក្រសួង​យុត្តិធម៌​កាល​ពី​ពេល​ថ្មីៗ​នេះ។​ តាម​ការ​បញ្ជាក់​របស់​​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ចំណាត់​ការ​នេះ ​គឺ​ដោយសារ​តែ​លោក​ សម រង្ស៊ី ​ត្រូវ​បាន​កាត់​ទោស​ជា​ច្រើន​ ដែល​ចុង​ក្រោយ​គឺ​បទ​​ប្រមាថ​ព្រះមហាក្សត្រខ្មែរ។​

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នគរបាល​ជាតិកម្ពុជា បានដាក់សំណើទាក់ទងទៅ​​ប៉ូលិស​អន្តរជាតិអាំងទែរប៉ូល ​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី ​ពីប្រទេសបារាំង ក្រោយ​​ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី​២៥ខែ​តុលា បាន​ចេញ​​ដីកាតុលាការឱ្យ​អនុវត្តច្បាប់​តាមចាប់ខ្លួន​លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស​ ក្នុងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រថ្មីៗនេះ។

លោក​ ខៀវ​ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃនៅថ្ងៃ​ទី​៥វិច្ឆិកា​​ បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងថា កិច្ចសហប្រតិបត្តិការតាមចាប់ខ្លួន​លោក សម រង្ស៊ី​ ពីក្រៅប្រទេសនេះ ហាក់មានភាពស្មុគ្រស្មាញ​និងពិបាកស្មានដឹងពីលទ្ធផលណាស់​ ដោយសារតែលោក សម រង្ស៊ី មានសញ្ជាតិបារាំង​។ តែយ៉ាងណា សមត្ថ​កិច្ចកម្ពុជា​នៅតែចង់ចាប់ខ្លួន​លោក សម រង្ស៊ី ដោយផ្ទាល់ដៃ ប្រសិនបើ​​លោក សម រង្ស៊ី ហ៊ានជាន់ទឹកដីកម្ពុជា ​ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។

លោក សម រង្ស៊ី ធ្លាប់បានលើកឡើងថា លោកត្រូវបានគេរារាំងបិទផ្លូវចូលស្រុក​វិញនៅតាមជើងហោះហើរជាច្រើន​ ទើបលោកមិនអាចធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញបាន​។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃយល់ថា ជាការបំភ្លៃការពិត​​ដើម្បីទាមទារចំណាប់អារម្មណ៍​ពីសាធារណៈមតិតែប៉ុណ្ណោះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនៅថ្ងៃទី​៤វិច្ឆិកា​ លោក សម រង្ស៊ី យល់ថាប៉ូលិសអន្តរជាតិអាំងទែរប៉ូលនឹងមិនអាចអនុវត្តតាមចាប់លោក​បញ្ជូន​លោកទៅប្រទេស​​កម្ពុជាវិញតាមសំណើនោះ​​ឡើយ ព្រោះវាជារឿងនយោបាយសុទ្ធសាធ​​។ ហើយ​លោក សម រង្ស៊ី បានបង្វែរទៅសំណុំរឿងចាប់ខ្លួនមេកង​​​អង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ គឺលោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ នោះទៅវិញទេ ដែលត្រូវ​ធ្វើឡើង​។

សូមរំព្ញក​ថា មេកងអង្គរក្សរបស់លោក ហ៊ុន សែនទាំង២នាក់នេះ ត្រូវបានបារាំងចេញ​ដីកា​ចាប់ខ្លួន​​ចាប់ពីថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ២០២១មកម្ល៉េះ ពី​បទ «ប៉ុនប៉ង​សម្លាប់​មនុស្ស» ពាក់ព័ន្ធ​នឹង​ហេតុការណ៍​គប់គ្រាប់បែក​លើ​ហ្វូង​បាតុករ កាល​ពី​ឆ្នាំ១៩៩៧។

គួរជម្រាបដែរថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ​ កំពុងត្រូវ​​​​ហ៊ុមព័ទ្ធទៅដោយរឿង​ក្តីក្តាំជាច្រើន ដែល​ត្រូវបានតុលាការកម្ពុជា​​ដាក់ទោសឱ្យ​ជាប់ពន្ធនាគារស្ទើរតែរាប់ភ្លេចទៅហើយ ដែលសំណុំរឿងក្រោយគេនេះ គឺជាការប្រមាថអង្គព្រះមហាក្សត្រ​កម្ពុជាក្នុងវេទិកាសាធារណៈនៅប្រទេសបារាំង ដែលញ៉ាំងឱ្យ​​លោក ហ៊ុន សែន ប្រកាស«កម្ចាត់​ចោល» ​លោក សម រង្ស៊ី ​ខណៈ​លោក ហ៊ុន សែន ចោទ​ថា​ជា «ពូជ​ក្បត់​ជាតិ​៣​ជំនាន់»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ