អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរក្រុងហាមបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ាអំឡុងបុណ្យអុំទូក និងពេលប្រជុំអាស៊ាន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​៥​វិច្ឆិកា​ បាន​ចេញ​បំរាម​មួយ​ដោយ​ហាម​មិន​ឲ្យ​បុគ្គលិក​ក្រុម​ណាហ្គាវើលដ៍​ ចេញ​តវ៉ា​ទៀត​ឡើយ​ នៅ​អំឡុង​ពេល​បុណ្យ​អុំទូក​ និង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​នៅ​សប្តាហ៍​ក្រោយ​នេះ​។  ជា​មួយ​គ្នា​នេះ​ អាជ្ញាធរ​ក្រុង​ភ្នំពេញ ​បាន​ព្រមាន​ថា​ បើ​ក្នុង​ករណី​មាន​ការ​ចេញ​តវ៉ា​ នោះ​នឹង​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។​ប៉ុន្តែ​ជំហ​របស់​ក្រុម​អ្នក​តវ៉ា​ គឺ​ អត់ ​ផ្អាក ​ទេ ​ ដោយ​សំអាង​ថា ​គ្មាន ​ច្បាប់​ ហាម​ពួក​គេ​មិន​ឲ្យ​ប្រើ ​សិទ្ធិ​ខ្លួន​ឯង​ នៅ​ពេល​មាន​កម្ម​វិធី​បុណ្យ​ជាតិ​ ឬ​ពេល​មាន​កិច្ច​ប្រជុំ​ណា​មួយ​នោះ​ឡើយ​។​

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏កំពុងធ្វើកូដកម្ម
បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏កំពុងធ្វើកូដកម្ម © FB
ផ្សាយពាណិជ្ជកម្ម

ដោយ​បន្ត​លើកឡើងថា ការ​តវ៉ា​របស់​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ បានធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់សង្គមនោះ  ចាប់​ពីថ្ងៃទី៦​ដល់​ថ្ងៃទី១៣​វិច្ឆិកា ដែលមានពិធី​បុណ្យ​អុំទូក និង​កិច្ច​ប្រជុំកំពូល​អាស៊ាន​នៅភ្នំពេញ គឺសាលាក្រុង​មិនអនុញ្ញាតឲ្យមានការជួបតវ៉ានៅខាង​មុខក្រុម​ហ៊ុន​កាស៊ីណូនេះទៀតឡើយ។

អាជ្ញាធរទីក្រុង​ភ្នំពេញ បានគូសបញ្ជាក់ថា ខ្លួនបានព្យាយាម​សម្រប​សម្រួល​ពន្យល់ ណែនាំ និង​ធ្វើ​ជា​អន្តរការី​ក្នុង​ការ​ដោះស្រាយ​វិវាទការងារនេះជាច្រើន​លើក​ច្រើន​សារ​តែ​ថា​ក្រុម​អ្នក​តវ៉ា​នៅ​តែ​បដិសេធ​មិនទទួល​ដំណោះស្រាយ។

បើតាម​អាជ្ញាធរដដែល នៅក្នុង​ករណី ក្រុម​អ្នក​តវ៉ា​នៅ​បន្ត​សកម្មភាព​ប្រមូល​ផ្តុំ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​ក្នុង​ពេល​ប្រជុំ​អាស៊ាន​ នោះនឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

​ជាឆ្លើយតបមកវិញ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រ​ទ្រង់​សិទ្ធិ​ការងារ​ នៃបុគ្គលិក កម្មករ​ខ្មែរ ប្រចាំ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ ចាត់ទុកថា នេះរឿងអសមត្ថភាពដដែលៗរបស់សាលាក្រុង  ដែលមិនហ៊ាន ជំរុញ ឲ្យថៅកែ បរទេស មករកស៊ី នៅកម្ពុជា ឲ្យគោរពច្បាប់ការងារ  គោរព សេរីភាព សហជីព  តែថា អាជ្ញាធរ ចេះតែគំរាម និងប្រើហិង្សាលើ ពលរដ្ឋខ្លួនឯង។

ទោះជាមានការ​ព្រមានចាត់​វិធានការ​តាម​ច្បាប់ ក្នុង​ករណី​នៅតែបន្តការតវ៉ាក៏ដោយ តែបើ​តំណាង​សហជីពរូបនេះ គឺជំហរ កម្មករ  ពួក គាត់ អត់ ផ្អាក ទេ  ដោយសំអាងថា គ្មាន ច្បាប់ ហាមពួកគេមិនឲ្យប្រើ សិទ្ធិខ្លួនឯង នៅពេលមានកម្មវិធីបុណ្យជាតិ  ឬពេលមានកិច្ចប្រជុំណាមួយនោះឡើយ។

គួរឲ្យដឹងថា មកទល់ពេលនេះ ក្រុម​អ្នកតវ៉ា​ដែល​នៅសល់តែជាង១០០នាក់ គឺភាគ​ច្រើន​កំពុង​ជាប់​បណ្តឹង​នៅតុលាការ​ដែល​ប្តឹង​ដោយ​ភាគី​ថៅកែក្រុម​ហ៊ុនណាហ្គាវើលដ៍​ដោយ​ចោទ​ថា អ្នក​តវ៉ា​ទាំងនោះ​រំលោភសិទ្ធិ​លំនៅឋាន ខណៈពួកគេតវ៉ានៅខាងមុខ​ក្រុមហ៊ុន​ល្បែង​ស៊ីសងមួយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ