អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី៖ សហភាពអឺរ៉ុបនឹងរៀបចំដាក់ទណ្ឌកម្មបិទទិដ្ឋាការលើមន្រ្តីកម្ពុជា

លោក សម រង្ស៊ី ប្រធាស្ដីទីអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសពីភាពជោគជ័យក្នុងដំណើរទស្សនៈកិច្ចរបស់ខ្លួននៅសហភាពអឺរ៉ុប។ ជោគជ័យ ដែលលោក សម រង្ស៊ី អះអាងថា សហភាពអឺរ៉ុប កំពុងរៀបចំដាក់ទណ្ឌកម្មបិទទិដ្ឋា​ការមកលើមន្រ្តីរដ្ឋាភិបាលកម្ពុជា ដោយមិនអនុញ្ញាតឲ្យទៅជាន់ទឹកដីរបស់សហភាពអឺរ៉ុប ដូចទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកន្លងមកដែរ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អះអាងថា មិនខ្វល់ឡើយ វាគ្រាន់តែជាសម្ពាធនយោបាយប៉ុណ្ណោះ។ 

លោក សម រង្ស៊ី ប្រធាស្ដីទីអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសពីភាពជោគជ័យក្នុងដំណើរទស្សនៈកិច្ចរបស់ខ្លួននៅសហភាពអឺរ៉ុប
លោក សម រង្ស៊ី ប្រធាស្ដីទីអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសពីភាពជោគជ័យក្នុងដំណើរទស្សនៈកិច្ចរបស់ខ្លួននៅសហភាពអឺរ៉ុប © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងដំណើរទស្សនៈកិច្ចនៅសហភាពអឺរ៉ុប លោក សម រង្ស៊ី បានអះអាងថា សហភាពអឺរ៉ុបនៅតែមានការយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅប្រទេសកម្ពុជា។ បើតាមលោក សម រង្ស៊ី សហភាពអឺរ៉ុប គេនៅតែឲ្យតម្លៃមកលើមន្រ្តីគណបក្សសង្រ្គោះជាតិ ក្នុងនោះមានរូបលោកផ្ទាល់ផងដែរ ជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌។ មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុប គេមិនជឿថាលោក សម រង្ស៊ី ជាអ្នកប្រព្រឹត្តបទល្មើសជាច្រើននៅកម្ពុជា ដូចអ្វីដែលរដ្ឋាភិបាលបានឃោសនាឡើយ នេះជាការលាបពណ៌មកលើអ្នកប្រជាធិបតេយ្យតែប៉ុណ្ណោះ។ នេះបើ​តាមលោក សម រង្ស៊ី។

ជាមួយនឹងការលើកឡើងបែបនេះ ប្រមុខបក្សប្រឆាំងបានអះអាងផងដែរថា សហភាពអឺរ៉ុបនឹងរៀបចំដាក់ទណ្ឌមកលើរដ្ឋាភិបាលកម្ពុជា ដោយទណ្ឌកម្មនេះមិនមែនជាទណ្ឌកម្មសេដ្ឋកិច្ចឡើយ ជាទណ្ឌកម្មដាក់មកលើបុគ្គលផ្ទាល់តែម្ដង គឺបិទទិដ្ឋការ មិនអនុញ្ញាតឲ្យមន្រ្តីរដ្ឋាភិបាលនិងក្រុមគ្រួសារមកជាន់លើទឹកដីសហភាពអឺរ៉ុប ដូចទៅនឹងទណ្ឌរបស់សហរដ្ឋអាមេរិកដែលបានដាក់កន្លងមកលើមន្រ្តីរដ្ឋាភិបាលកម្ពុជាដែរ។ ចំណែកជំនួយផ្សេងៗដែលជួយតាមរយៈរដ្ឋាភិបាលកម្ពុជា ត្រូវបានលោក សម រង្ស៊ី អះអាងដែរថា សហភាពអឺរ៉ុបនឹងបង្វែរជំនួយនេះដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋវិញ។

ឆ្លើយតបនៅអ្វីដែលលោក សម រង្ស៊ី អះអាងនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលមិនខ្វល់ពីការដើរនិយាយរបស់លោក សម រង្ស៊ី ឡើយ។ ចំណែករឿងថា សហភាពអឺរ៉ុបនឹងរៀបចំដាក់ទណ្ឌ​កម្មមកលើមន្រ្តីរដ្ឋាភិបាលចំពោះបុគ្គលផ្ទាល់ ដោយបិទទិដ្ឋា​ការ មិនឲ្យជាន់ទឹកដីសហភាពអឺរ៉ុបនោះ ត្រូវបានលោក ផៃ ស៊ីផាន ថាគ្រាន់តែជាសម្ពាធនយោបាយប៉ុណ្ណោះ មិនធ្វើឲ្យប៉ះ​ពាល់ដល់កិច្ចដំណើរការអភិវឌ្ឍជាតិរបស់កម្ពុជាឡើយ។ លោកថា ចំពោះបុគ្គលដែលរងនូវទណ្ឌកម្មនេះអាចមានសិទ្ធិតវ៉ាដោយខ្លួនឯង។

បើតាមលោក សម រង្ស៊ី នេះជារឿងថ្មីមួយទៀត បន្ទាប់ពីសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%ពីកម្ពុជា ដោយសារតែបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដើរថយក្រោយ នៅពេលមានការចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិ។ ចំណែក សហរដ្ឋអាមេរិកវិញ បានសម្រេចដាក់ទណ្ឌលើបុគ្គលមន្រ្តីរដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងចូលរួមបំផ្លាញប្រជាធិតេយ្យជាដើម ដោយបិទទិដ្ឋាការ មិនឲ្យជាន់ទឹកដីសហរដ្ឋអាមេរិក។

ទណ្ឌកម្មទាំងនេះ ត្រូវបានរដ្ឋាភិបាលឆ្លើយតបជារឿយៗថា កម្ពុជាមិនអាចយកអធិបតេយ្យរបស់ខ្លួនទៅដោះដូរជំនួយ ឬលក្ខខណ្ឌពីប្រទេសណាមួយឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ