អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ចិន​អះអាង​ជាថ្មី​ នឹង​ជួយ​អភិវឌ្ឍន៍​មូលដ្ឋាន​ទ័ពរាម​កម្ពុជា​ឱ្យកាន់​តែទំនើប​ ក្រោយ​អាមេរិក​បង្ហាញ​កង្វល់

ចិន​បញ្ជាក់​ជំហរ​ជាថ្មី​របស់​ខ្លួនថា​ នឹង​ជួយ​អភិវឌ្ឍន៍​ទីតាំង​មូល​ដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា​ឱ្យកាន់​តែល្អ​ប្រសើរ​ជាមុន។​ ការ​បញ្ជាក់​បែបនេះ ​ធ្វើឡើង​បន្ទាប់​ពីលោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃឌិន ​បន្ត​លើក​ឡើង​ពីកង្វល់​ចំពោះមុខ​ជុំវិញ​តួនាទី​ និង​សកម្មភាព​របស់​ចិន​នៅមូលដ្ឋាន​ទ័ពរាម​កម្ពុជា ​អំឡុង​ពេល​លោកជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ប្រជុំអាស៊ាន។​

មូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា
មូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

ការធ្វើទំនើបភាវូបនីយកម្មនៃមូលដ្ឋានទ័ពជើងទឹករាមដែលភាគីចិនបានលើកឡើងគឺ ការអភិវឌ្ឍន៍មូលដ្ឋានទ័ពឱ្យទៅជាកំពង់ផែទឹកជ្រៅ និងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងនោះ។  

ក្នុងសន្នីសិទកាសែតពីទីក្រុងប៉េកាំងអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ ណីង បានថ្លែងថា ចិននឹងបន្តជួយធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាបន្ថែមទៀត បើទោះបីជាមានភាពចម្រូងចម្រាស និងភាពស្រពិចស្រពិលដែលជាចេតនាបង្កឡើងដោយសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ថា កម្ពុជាបានផ្តល់ភ្លើងខៀវឱ្យចិនអភិវឌ្ឍន៍សម្រាប់ជាផលប្រយោជន៍របស់យោធាចិននៅមូលដ្ឋានយោធារាមកម្ពុជា។   

អ្នកនាំពាក្យរូបនេះបន្តអះអាងថា ជំហររបស់ចិនក្នុងការជួយធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម គឺជាការជួយធម្មតាប៉ុណ្ណោះរបស់ចិនចំពោះកម្ពុជា ដោយមិនគិតពីផលប្រយោជន៍ឡើយ។

អ្វីដែលជាការកត់សម្គាល់នោះ ការលើកឡើងនូវសំណុំរឿងមូលដ្ឋានទ័ពរាមក្នុងសន្នីសិទកាសែតរបស់ក្រសួងការបរទេសចិនជាសាធារណៈនេះ គឺជាឆ្លើយតបទៅកាន់សហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅតែបន្តលើកយកបញ្ហាមូលដ្ឋានទ័ពរាមមកជជែកនៅចំពោះមុខ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងជំនួបទ្វេរភាគីកាលពីថ្ងៃទី១២ ខែ​ វិច្ឆិកា។ ក្រោយជំនួបទ្វេរភាគីរួច សេតវិមានសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានស្នើឱ្យកម្ពុជាបង្ហាញនូវតម្លាភាពពេញលេញពាក់ព័ន្ធនឹងសកម្មភាព យោធាចិននៅលើមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជា។

ក្នុងសំណុំរឿងដ៏ចម្រូសចម្រាសនេះ មួយផ្នែកពីជ្រុងអ្នកវិភាគភូមិសាស្ត្រនយោបាយធ្លាប់អះអាងថា ការធ្វើទំនើបភាវូបនីយកម្មមូលដ្ឋានកងទ័ពជើងទឹករាម គឺដើម្បីការពារសន្តិសុខជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជា ហើយក៏ដើម្បីការពារពីសកម្មភាពឈានពានដែនទឹកពីសំណាកប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមដែរ។

ប៉ុន្តែមួយផ្នែករបស់អ្នកវិភាគចាត់ទុកថា ការបើកទ្វារឱ្យចិនអភិវឌ្ឍន៍នៅលើមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា បានផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដោយមិនអនុញ្ញាតឱ្យយោធាបរទេសណាមួយមានវត្តមានលើដែនអធិបតេយ្យភាពខ្លួនបានឡើយ។

យ៉ាងណា លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាក៏បានថ្លែងបញ្ជាក់ជាថ្មីក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានថា កម្ពុជាមិនមានហេតុផលណាមួយលាក់បាំងចំពោះសកម្មភាពអភិវឌ្ឍន៍នៅលើមូលដ្ឋានទ័ពរាមនោះទេ ដោយជាក់ស្តែង កម្ពុជាតែងតែផ្តល់ឱកាសឱ្យភាគីបរទេសដូចជា សេនានុពន្ធសហរដ្ឋអាមេរិក និងបណ្តាស្ថានទូតមួយចំនួនចូលអង្កេតម្តងជាពីរដងរួចមកហើយ ដើម្បីស្រាយបំភ្លឺនូវការចោទប្រកាន់នានា។

លោក គង់ ភោគថា មែនទែនទៅ មិនមានប្រទេសណាមួយអនុញ្ញាតឱ្យរដ្ឋបរទេសចូលពិនិត្យក្នុងមូលដ្ឋានទ័ពនៃប្រទេសនោះដូចកម្ពុជាទេ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់ជាតិ និងដែនអធិបតេយ្យភាពរបស់កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ