អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា​នឹងចាប់​ផ្តើម​រៀបចំ​ពិធីបុណ្យ​«រំលឹក​គុណអង្គរ​» ​ដើម្បី​រំលឹក​គុណ​បុព្វបុរស​ខ្មែរ

កម្ពុជា​នឹងចាប់​ផ្តើមការ​រៀប​ចំ​ពិធីបុណ្យ ​«រំលឹក​គុណអង្គរ​» ​ចាប់ពីឆ្នាំ​២០២២​នេះតទៅ។ ​នេះ​បើតាម​សារាចរ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ នៅថ្ងៃទី២៤វិច្ឆិកា។​ ការ​ចាប់ផ្តើម​រៀបចំ​ពិធីបុណ្យ​នេះ ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ បញ្ជាក់ថា​ ដើម្បី​តបស្នង​ និង​រំលឹកដឹង​គុណ​ដល់​បុព្វបុរសខ្មែរ​ ដែល​បន្សល់​មរតក​ដ៏អស្ចារ្យ​សម្រាប់​មនុស្សជាតិ។​ 

ភ្ញៀវទេសចរណ៍រង់ចាំថ្ងៃរះនៅប្រាសាទអង្គរវត្តត្រើយខាងកើតនៃខេត្តសៀមរាប។
ភ្ញៀវទេសចរណ៍រង់ចាំថ្ងៃរះនៅប្រាសាទអង្គរវត្តត្រើយខាងកើតនៃខេត្តសៀមរាប។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ថា ធ្វើឡើងដើម្បីបង្ហាញដល់ប្រជាពលរដ្ឋខ្មែរ និងពិភពលោក បន្ថែមទៀតពីការដឹងគុណ និងប្រពៃណីទំនៀមទម្លាប់ដែលខ្មែរមានតាំងពីបុរាណមក។ បើតាមលោកស្រី ភឿង សកុណា ពិធីបុណ្យនេះ ក៏ជាការបំផុសស្មារតីប្រជាពលរដ្ឋ ជាពិសេសយុវជន ឲ្យយល់ដឹងពីអត្ថន័យពាក្យថា «អង្គរ»។ យ៉ាងណាមិញការណ៍ដែលពិធីបុណ្យ «រំលឹកគុណអង្គរ» ទើបតែធ្វើឡើងពេលនេះមែន តែមិនមែនមានន័យថា ប្រជាពលរដ្ឋខ្មែរមិនធ្លាប់ដឹងគុណនោះទេ។ នេះបើតាមលោកស្រី ភឿង សកុណា។

បើតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិធីបុណ្យ«រំលឹកគុណអង្គរ» នឹងធ្វើឡើងចំនួនបីថ្ងៃ ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ធ្នូខាងមុខ។ លោកស្រី ភឿង សកុណា​ បញ្ជាក់ថា ការជ្រើសរើសយកថ្ងៃទី១៤ធ្នូ ជាថ្ងៃចាប់ផ្តើម ដោយសារតែជាថ្ងៃដែលតំបន់អង្គរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូនីស្កូឆ្នាំ១៩៩២។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បញ្ជាក់ទៀតថា ការរៀបចំពិធីបុណ្យនេះ នឹងធ្វើឡើងដោយមានទាំងការផ្សារភ្ជាប់ផ្នែកសាសនា និងវប្បធម៌ខ្មែរ ដោយមានការរៀបចំពិធីបុណ្យតាមបែបពុទ្ធសាសនាផង និងមានទាំងការសម្តែងល្ខោន របាំប្រពៃណី និងការដាក់តាំងបង្ហាញផ្ទាំងគំនូរអប្សរាផង។

បើតាមលោកស្រី ភឿង សកុណា ពិធីបុណ្យរយៈពេលបីថ្ងៃនេះ ក៏ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការបង្ហាញឲ្យពិភពលោក បានដឹងបន្ថែមទៀត ពីសក្តានុពលនៃទេសចរណ៍វប្បធម៌ខ្មែរ តាមរយៈប្រាង្គប្រាសាទទាំងឡាយនៅក្នុងខេត្តសៀមរាប ហើយក៏ជាការទាក់ចិត្តភ្ញៀវអន្តរជាតិមកដើរកម្សាន្ត។

គួរជម្រាបថា  កន្លងមក ក្រសួងវប្បធម៌ក៏ធ្លាប់បានរៀបចំពិធីបុណ្យមួយថា ហៅថា «រាត្រីចងចាំ»​ ដើម្បីរំលឹកអំពីស្នាដៃមរតកដែលខ្មែរជំនាន់មុនបានបន្សល់ទុកមកដល់បច្ចុប្បន្ន និងក្លាយជាប្រយោជន៍នៃមនុស្សជាតិទាំងមូល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ