អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា ខ្ចីប្រាក់កូរ៉េខាងត្បូង ជិត ២ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍បន្ថែម

រដ្ឋាភិបាលកម្ពុជា បានខ្ចីប្រាក់កូរ៉េខាងត្បូងជិត ២ពាន់លានដុល្លារបន្ថែម សម្រាប់ដំណើរកា​រគម្រោងអភិវឌ្ឍសេដ្ឋកិច្ច ឆ្នាំ២០២២ ដល់ ២០២៦   និងការ​កសាង​លើ​​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ក្នុង​ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ពិធីប្រគល់ និង​ទទួល​ប្រាក់កម្ចី បាន​ធ្វើឡើង​នៅព្រឹក​ថ្ងៃសុក្រ ទី ៩ខែធ្នូនេះ ក្រោមអធិបតី​ភាព លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយ​តំណាងជាន់ខ្ពស់​ប្រទេសកូរ៉េខាងត្បូង។ 

ពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន  នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ ឆ្នាំ ២០២២-២០២៦។
ពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ ឆ្នាំ ២០២២-២០២៦។ © FB/SPM
ផ្សាយពាណិជ្ជកម្ម

ទឹកប្រាក់​កម្ចីពីកូរ៉េខាងត្បូង​ ចំនួនជិត ២ពាន់លានដុល្លារ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា អះអាងថា សម្រាប់​គាំទ្រ​ដល់ការអភិវឌ្ឍនៅកម្ពុជា លើ​ ២កត្តា​ធំៗ។ ទី ១ គឺទឹកប្រាក់ចំនួន ១៥០០លានដុល្លារ ជាការ​ចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន  នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ ឆ្នាំ ២០២២-២០២៦។

ទី ២ ជាការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ  ដែលមានទឹកប្រាក់ចំនួន ៧០លានដុល្លារ។ ហើយ​ទឹកប្រាក់​ជិត ២៥០លានដុល្លារទៀត នឹងត្រូវប្រើប្រាស់លើ​គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ។ ទឹកប្រាក់​លើគម្រោងទាំង ២នេះ ត្រូវបាន​ចុះហត្ថលេខាប្រគល់ និងទទួល ដោយ​រដ្ឋមន្ត្រីក្រសួងការបរទេស និង​ក្រសួងសេដ្ឋកិច្ច របស់​កម្ពុជា ជាមួយ​តំណាង​ជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង។​​

គួរជម្រាបជូនថា គិតត្រឹម​ឆមាសទី ៣នៃឆ្នាំ ២០២២ បំណុល​សាធារណៈក្រៅប្រទេស របស់កម្ពុជា មានទំហំ​សរុបជាង ៩ពាន់​៥រយ​លានដុល្លារ។ ក្នុងនោះ បំណុល​ទ្វេភាគីផ្សេងៗ មាន​ ២១ភាគរយ និងបំណុលតែជាមួយ​ចិន គឺមានរហូតដល់ ៤១ភាគរយ។​ នេះបើយោងតាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដោយ​មាន​លម្អិតដែរថា រដ្ឋាភិបាលកម្ពុជា បានកំណត់ទំហំ​នៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២៣ ចំនួន ១ ៧០០លាន SDR កើន​ឡើង ១០០លាន SDR  ធៀបនឹងថវិកាឆ្នាំ ២០២២។

គម្រោងសំខាន់ៗ ​ដែល​រដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវការ​កម្ចីបន្ថែម មានពាក់ព័ន្ធនឹងវិស័យថាមពល វិស័យ​ធារាសាស្ត្រ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត វិស័យ​សុខាភិបាល វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យ​កសិកម្ម និង​វិស័យ​អាទិភាពផ្សេងទៀតចំនួន ៥គម្រោងជុំវិញ​ការគ្រប់គ្រងហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល ធម្មជាតិ និងបរិស្ថានជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ