អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុម​អ្នក​តស៊ូ​មតិ​ជំរុញ​ឲ្យ​បង្កើត​ប្រអប់​មួយ​ឲ្យ​សាធារណៈ​ជន​ផ្តល់​យោបល់​លើ​ការ​ធ្វើ​លទ្ធ​កម្ម​នានា

ក្រុម​អ្នក​ធ្វើ​ការ​ខាង​តស៊ូ​មតិ ​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​បង្កើត​ប្រព័ន្ធ​មួយ​សម្រាប់​ឲ្យ​សាធារណៈ​ជន​ផ្តល់​យោ​បល់​ទៅ​លើ​ផែន​ការ​ធ្វើ​លទ្ធ​កម្ម​នានា​ ខណៈ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធកម្ម​សាធារណៈ​កំពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ពិភាក្សា​។​ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​តាម​រយៈ​របាយ​ការណ៍​ «សិក្សា​ស្រាវ​ជ្រាវ​លើ​ក្រប​ខណ្ឌ​ច្បាប់​លទ្ធកម្ម​សាធារណៈ»​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​សិក្ខា​សាលា​មួយ​ កាលពី​ម្សិល​មិញ ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​TI​  វិទ្យា​ស្ថាន​តស៊ូ​មតិ​ និង​គោល​នយោបាយ​ API​ ដោយមាន​ជំនួយ​ផ្នែក​ច្បាប់​ពី​ការិយាល័យ​មេធាវី ​សិដ្ឋាល័យ​។​ 

សិក្ខាសាលា «សិក្សាស្រាវជ្រាវលើក្របខណ្ឌច្បាប់លទ្ធកម្មសាធារណៈ​ នៅកម្ពុជា»
សិក្ខាសាលា «សិក្សាស្រាវជ្រាវលើក្របខណ្ឌច្បាប់លទ្ធកម្មសាធារណៈ​ នៅកម្ពុជា» © FB
ផ្សាយពាណិជ្ជកម្ម

របាយ​ការណ៍​ចំនួន​៤ទំព័រ​ ទាក់ទង​នឹង​បញ្ហា​លទ្ធកម្ម​សាធារណៈ​នេះ ក្រុម​អ្នក​តស៊ូមតិ បានផ្តោតសំខាន់លើបញ្ហាបច្ចេកទេស ៧ចំណុច ដូចជា តម្លាភាព ការគ្រប់គ្រង គណនេយ្យភាព និងសុចរិតភាព ការគ្រប់គ្រង និងត្រួតពិនិត្យ សិទ្ធិប្តឹងទាមទារ ការចូលរួមពីសាធារណជន និងការបើកចំហ និងបរិយាបន្ន។

តាមរយៈរបាយការណ៍នេះ ពួកគេ បានផ្តល់យោបល់ថា រដ្ឋាភិបាលគួរបង្កើតប្រព័ន្ធមួយដែលអនុញ្ញាតឱ្យសាធារណជនអាចផ្តល់យោបល់ទៅលើផែនការលទ្ធកម្ម និងគម្រោងលទ្ធកម្ម ដោយយកគណនេយ្យភាពសង្គមដែល​បង្កើតឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិជាគំរូ។

ជុំវិញគណនេយ្យភាព និងសុចរិតភាព របាយការណ៍នេះ​ស្នើឲ្យសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈចាត់ទុក​វិធី​ដេញ​ថ្លៃ​ដោយ​ប្រកួត​ប្រជែង ជាសាធារណៈ ជាវិធីសាស្ត្រ​លទ្ធកម្ម​ទូទៅ និង​ស្វ័យ​ប្រវត្តិ ជាជាងកត់​សំគាល់ថា វិធី​សាស្ត្រ​ដេញ​ថ្លៃ​ដោយ​ប្រកួត​ប្រជែង​នេះ គឺជា​វិធី​សាស្ត្រ​លទ្ធកម្ម​ដែល​មាន​តម្លាភាព​ខ្ពស់​ និង​ជំរុញ​ឲ្យ​ប្រើ​ក្នុង​លទ្ធកម្ម​សាធារណៈ។

បើតា​ម​ក្រុម​អ្នក​តស៊ូ​តមិ ដើម្បីជំរុញឱ្យមានការចូលរួមពីសាធារណជនឱ្យមានប្រសិទ្ធភាព ព័ត៌មានអំពីគម្រោងលទ្ធកម្មសាធារណៈរួមមានព័ត៌មានអំពីតម្លៃ គុណភាព និងការអនុវត្ត គួរត្រូវបានបោះផ្សាយជូនសាធារណជន ជាទម្រង់សង្ខេប និងងាយយល់។សាធារណជនអាចត្រូវបានតំណាងដោយសមាជិកសភា ឬក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យនិងសម្រេចលើការចំណាយទៅលើគម្រោងលទ្ធកម្មសាធារណៈ។ ដូច្នេះ រាល់ថវិកាដែលត្រូវចំណាយទៅលើគម្រោងលទ្ធកម្មសាធារណៈ និងផែនការគម្រោងលទ្ធកម្មសាធារណៈ គួរត្រូវបានរាយការណ៍ជាសង្ខេបជូនសភា និងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ភ្ជាប់ជាមួយនឹងឯកសារថវិកាប្រចាំឆ្នាំ សម្រាប់ឱ្យសភា និងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ពិនិត្យ និងសម្រេច។

ប៉ុន្តែក្នុង​​របាយការណ៍ដដែលនេះ ក្រុម​អ្នក​តស៊ូ​មតិ បានស្នើការពិចារណាទៅលើការផ្ទេរមុខងារត្រួតពិនិត្យលទ្ធកម្ម ទៅស្ថាប័នដោយឡែក ក្រៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានានូវតុល្យភាពនៃអំណាច និងចៀសវាងនូវបញ្ហាទំនាស់ផលប្រយោជន៍ ខណៈ​ក្រសួងសេដ្ឋកិច្ចមានមុខងារគ្រប់គ្រងលទ្ធកម្មសាធារណៈរួចទៅហើយ។

លើសពីនេះ របាយការណ៍នេះ ក៏បានស្នើឱ្យសេចក្តីព្រាងច្បាប់លទ្ធកម្មសាធារណៈ ចែងនូវបញ្ញត្តិពិសេស លុបលើបញ្ញត្តិទូទៅនៃច្បាប់កិច្ចសន្យា ដើម្បីមោឃៈរាល់កិច្ចសន្យាលទ្ធកម្មដែលត្រូវបានធ្វើឡើងដោយមិនស្របច្បាប់។ ប្រការនេះអាចជួយកាត់បន្ថយបញ្ហាពុករលួយដែលផ្តើមឡើងដោយវិស័យឯកជន ដើម្បីទទួលបានកិច្ចសន្យាលទ្ធកម្មសាធារណៈផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ