អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

គិត​ពីឆ្នាំ២០១៨​ ដល់​ខែកញ្ញា​ឆ្នាំ​២០២២ ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់​ពី៥ជាន់​ទៅមាន​ជិត​ ២ ៥០០អគារ

 គិត​ពីចាប់​ផ្តើម​អនុវត្ត​កាលពីឆ្នាំ២០១៨ ​រហូត​ដល់​ដំណាច់​ខែកញ្ញា ​ឆ្នាំ២០២២​ គម្រោង​អគារ​ខ្ពស់ៗ​ ចាប់ពី៥​ជាន់​ឡើងទៅ​នៅទូទាំង​ប្រទេស​មាន​ចំនួន​ ២ ៤៩២អគារ​ ក្នុង​នោះ៦៨២អគារ​ នៅខេត្ត​ព្រះសីហនុ។ ​តាមរបាយការណ៍​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​សម្រាប់​រយៈពេល​៩ខែ ​គម្រោង​សាងសង់​អគារ​ខ្ពស់​នៅឆ្នាំ២០២២​ មាន​ការ​ធ្លាក់ចុះ ​ទោះ​ជាតួលេខ​មិន​ទាន់​ពេញ​មួយ​ឆ្នាំក៏ដោយ។​

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមអគារខ្ពស់ទាំង ២៥០០អគារ អគារខ្ពស់ៗចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន ១ ៣៩៣អគារ ចាប់ពី១០ជាន់ដល់១៩ជាន់ មានចំនួន ៦៩៤អគារ ចាប់ពី២០ជាន់ដល់២៩ជាន់ មានចំនួន២៣០អគារ ចាប់ពី៣០ជាន់ដល់៣៩ជាន់ មាន១២៥អគារ និងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៥០អគារ។ នេះបើតាមតួលេខរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

ដោយឡែកសម្រាប់ឆ្នាំ២០២២វិញ គិតត្រឹមរយៈពេល៩ខែ ឃើញថាមានគម្រោងសាងសង់អគារខ្ពស់តិចតួចធៀបទៅនឹងឆ្នាំកន្លងៗទៅ ដោយចាប់ពី៥ជាន់ទៅដល់៩ជាន់ មានចំនួន៦៩អគារ ពី១០ជាន់ដល់១៩ជាន់ មានចំនួន១៩អគារ និងពី២០ជាន់ដល់២៩ជាន់ មាន៣អគារ។ ចំណែកអគារកម្ពស់ចាប់ពី៣០ជាន់ឡើងទៅ មិនមានគម្រោងសាងសង់ទេ ខណៈឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩ គម្រោងអគារខ្ពស់បែបនេះមានរហូតដល់ជាង៤០អគារ។

ចំពោះគម្រោងអគារស្នាក់នៅរួម និងបុរីវិញ ក៏មានការថយចុះដែរ សម្រាប់រយៈពេល៩ខែឆ្នាំ២០២២ ដោយអគារស្នាក់នៅរួមមានចំនួន៤២ និងបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរីមានចំនួន២០ ខណៈដែលពេញ១ឆ្នាំ២០២១ អគារស្នាក់នៅរួមមានចំនួន៨៤ និងបុរីលំនៅឋានមានចំនួន ៨១។ ជារួមអគារស្នាក់នៅរួមសរុបមានចំនួន ៤២៥គម្រោង និងបុរីលំនៅឋានសរុបមានចំនួន ៤៩៥គម្រោង។

ទោះយ៉ាងណាតួលេខទាំងនេះ ត្រូវអ្នកជំនាញផ្នែកអចលនទ្រព្យនានាមើលឃើញថាមិនមានការផ្លាស់ប្តូរច្រើននោះទេ បើទោះជារបាយការណ៍ឆ្នាំ២០២២ នៅខ្វះ៣ខែទៀតក៏ដោយ។ សូមបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ប្រទេសកម្ពុជាមានគម្រោងសំណង់នៅទូទាំងប្រទេសចំនួនជាង ៣ ៨០០គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦,៥លាន​ម៉ែត្រការ៉េ គិតជាទុនវិនិយោគ គឺមានជាង ២ ៦០០ លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ