អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ទាមទារឱ្យនាយករដ្ឋមន្ត្រីសងប្រាក់៣០ពាន់លានដុល្លារ បន្ទាប់ពីលោក ហ៊ុន សែន ថាលោក សម រង្ស៊ី នៅជំពាក់៣០ម៉ឺនដុល្លារ

លោក​ សម រង្ស៊ី​ ទាមទារ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ផ្តល់​សំណង​មក​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ទំហំ​ទឹក​ប្រាក់​៣០ពាន់​លាន​ដុល្លារ​ ដោយ​លោក​ចោទ​ថា ​ប្រមុខ​រដ្ឋាភិបាល ​និង​មន្ត្រី​ជិត​ដិត​របស់​លោក​ បាន​​កេង​ប្រវ័ញ្ច​លុយ​ជាតិ​ យ៉ាង​តិច​១ពាន់​លាន​ដុល្លារ​មួយ​ឆ្នាំ ​ក្នុង​រយៈ​ពេល​៣០ឆ្នាំ​កន្លង​មក​នេះ។ ​ប្រតិកម្ម​របស់​លោក​សម រង្ស៊ី​ គឺ​ជា​ការ​ឆ្លើយ​តប​បន្ទាប់​ពី​លោក​ ហ៊ុន សែន ​បាន​ប្រកាស​នៅ​ពេល​ថ្មីៗ​តាម​ទារ​លុយ​ លោក​ សម រង្ស៊ី​ នៅ​ជំពាក់​លុយ​ចំនួន​៣០​ម៉ឺន​ដុល្លារ​ទៀត ​ជុំវិញ​បទ​បរិហាកេរ្តិ៍​ បើ​ទោះ​ជា​លក់​ទី​ស្នាក់​បក្ស​ហើយ​តែ​នៅ​សង​មិន​គ្រប់។​

លោក ហ៊ុន សែន និងលោក សម រង្ស៊ី
លោក ហ៊ុន សែន និងលោក សម រង្ស៊ី © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុងសំណេរនៅលើបណ្តាញសង្គមរបស់ លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេសរូបនេះបានរៀបរាប់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអស់រយៈពេល៣០ឆ្នាំកន្លងមក លោកតែងតែមើលឃើញនូវរូបភាពកាប់បំផ្លាញព្រៃឈើ ការប្លន់ដីធ្លីពលរដ្ឋ ការលុបបឹងរំលាយភ្នំ ការធ្វើអាជីវកម្មបិតបាំងលើរ៉ែមាស និងលោហធាតុផ្សេងទៀត ក៏ដូចជា ការលួចជំនួយអន្តរជាតិដែលមិនបានមកដល់ដៃពលរដ្ឋជាដើម។ ផ្អែកតាមសកម្មភាពទាំងអស់នេះ លោក សម រង្ស៊ីចាត់ទុកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោកបាន«ប្លន់ជាតិ និងប្លន់រាស្ត្រ»មិនតិចជាង១ពាន់លានដុល្លារនោះទេក្នុងមួយឆ្នាំ។

ខ្លឹមសារប្រតិកម្មរបស់លោក សម រង្ស៊ីនាពេលនេះ ស្តែងឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាសត្រូវនយោបាយរបស់លោកបានប្រកាសថា លោក សម រង្ស៊ីនៅជំពាក់លុយលោកចំនួន៣០ម៉ឺនដុល្លារបន្ថែមទៀត ជុំវិញបណ្តឹងទាមទារសំណងជំងឺចិត្ត ១លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងបទបរិយាកេរ្តិ៍ជាសាធារណ។  គឺជាបណ្តឹង​របស់លោក ហ៊ុន សែន បន្ទាប់ពីលោក សម រង្ស៊ីបានចោទថា រដ្ឋាភិបាលកម្ពុជា គឺនៅពីក្រោយខ្នងនៃករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី និងមួយទៀត គឺករណីស្លាប់របស់លោក ហុក ឡង់ឌី​នៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយ​ក្នុងអំឡុងឆ្នាំ២០០៨។

គួររំឭកផងដែរថា ក្នុងសំណុំរឿងបទបរិហាកេរ្តិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានប្តឹងលោក សម រង្ស៊ីទៅកាន់តុលាការប្រទេសបារាំងផងដែរ ដោយលោកចាត់ទុកថា ការលើកឡើងរបស់លោក សម រង្ស៊ីបានប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោកខ្លាំង។ ប៉ុន្តែនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សហមេធាវីការពារក្តីឱ្យលោកសមរង្ស៊ីបញ្ជាក់ថា តុលាការបារាំងបានសម្រេចលើកលែងការចោទប្រកាន់ចំពោះលោក សម រង្ស៊ី ក្នុងសំណុំរឿងបទបរិហារកេរ្តិ៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ​​​

ក្នុងនោះ តុលាការបារាំងក៏មិនបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីជុំវិញករណីស្លាប់របស់លោក ហុក ឡង់ឌីឡើយ ដោយតុលាការបារាំងអះអាងថា លោក សម រង្ស៊ីមានភស្តុតាងណាមួយឱ្យបានច្បាស់លាស់ជុំវិញពីការចោទប្រកាន់ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ទោះជាយ៉ាងណា នៅវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ កាលពីថ្ងៃទី២២ ខែ ធ្នូកន្លងទៅ លោក ហ៊ុន សែនបានរំលឹកដល់លោក សម រង្ស៊ីឱ្យសងលុយដែលនៅជំពាក់៣០ម៉ឺនដុល្លារទៀត បន្ទាប់ពីលោកបានទទួលប្រាក់សំណង៧០ម៉ឺនដុល្លារក្រោយតុលាការចេញដីកាសម្រេចរឹបអូសទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិយកទៅលក់ឡៃឡុងកាលពីពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ