អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុម​កូដករ​ណាហ្គាវើលដ៍ ​ដាក់​លិខិត​សុំ​តុលាការ​បំភ្លឺ​ពីលក្ខខណ្ឌ ​ដែល​ពួក​គេ​ត្រូវ​ដាក់​ក្រោម​ការ​ឃ្លាំមើល

ក្រុម​កូដករ​ណាហ្គាវើលដ៍​ នៅថ្ងៃ​ចន្ទនេះ ​បាន​ដាក់​លិខិត​មួយ​ច្បាប់ ​ស្នើ​សុំ​តុលាការ​ក្រុង​ភ្នំពេញ ​បំភ្លឺ​អំពី​លក្ខខណ្ឌ​ដែលតុលាការ​បាន​ដាក់​ពួក​គេឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​តាម​ផ្លូវច្បាប់។​ ការ​ដាក់​លិខិត​សុំការ​បំភ្លឺ​នេះ ​ធ្វើឡើង​បន្ទាប់​ពីក្រុមកូដករ​ណាហ្គាវើលដ៍​ ព្រួយ​បារម្ភ​អំពី​ការ​ចាប់ខ្លួន​ ដូច​ករណី​សហជីព​ កញ្ញា ​ឈឹម ស៊ីថរ​ ដែល​តុលាការ​ប្រើប្រាស់​វិធានការ​ច្បាប់​ ដើម្បី​ឃុំឃាំង​នៅពន្ធនាគារ។​

បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើល​កាន់​ផ្ទាំង​ប៉ាណូ និង​បដា​ក្នុង​ពេល​ជួប​ជុំ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ
បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើល​កាន់​ផ្ទាំង​ប៉ាណូ និង​បដា​ក្នុង​ពេល​ជួប​ជុំ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ក្រុមកូដករណាហ្គាវើលដ៍បានអះអាងថា ការដាក់លិខិតនេះ គឺដើម្បីដឹងថា តើក្រុមកូដករណាហ្គាវើលដ៍ត្រូវដាក់ឲ្យស្ថិតក្រោមលក្ខខណ្ឌឃ្លាំមើលយ៉ាងណាខ្លះ? បើតាមក្រុមកូដករ គឺក្រោយពេលដែលពួកគេត្រូវបានដោះលែងពីការឃុំឃាំងរួចហើយ នៅមិនទាន់ទទួលបានលិខិតបញ្ជាក់ថា ពួកគេស្ថិតក្នុងលក្ខខណ្ឌបម្រាមសកម្មភាពអ្វីខ្លះពីតុលាការនៅឡើយ។

កញ្ញា ឈឹម សុខន តំណាងក្រុមកូដករ ដែលបានដាក់លិខិតចូលទៅតុលាការក្រុងភ្នំពេញ នាព្រឹកនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រុមកូដករចង់ដឹងអំពីបម្រាមរបស់តុលាការមកលើពួកគេ តួយ៉ាង តើមិនអនុញ្ញាតឲ្យក្រុមកូដករចេញទៅក្រៅប្រទេស ជាដើម។ បើតាមកញ្ញា ឈឹម សុខន មិនមែនក្រុមកូដករមិនចង់គោរពតាមបម្រាមរបស់តុលាការនោះទេ។ ក៏ប៉ុន្តែដោយសារក្រុមអ្នកតវ៉ាណាហ្គាវើលដ៍ មិនបានដឹងថា បម្រាមរបស់តុលាការដែលបង្គាប់ពួកគេតាំងពីឆ្នាំ២០២២មកនោះ មានអ្វីខ្លះ។

បើតាមក្រុមអ្នកតវ៉ាណាហ្គាវើលដ៍ គឺសង្ឃឹមថា តុលាការនឹងបំភ្លឺអំពីលក្ខខណ្ឌ និងបម្រាមទាំងនោះ ក្រោយពួកគេបានដាក់លិខិតទៅសាលាដំបូងភ្នំពេញ នាព្រឹកនេះ។

ទឡ្ហីករណ៍កញ្ញា ឈឹម ស៊ីថរ បានធ្វើឲ្យក្រុមកូដករណាហ្គាវើលដ៍មួយចំនួន បង្ហាញក្តីកង្វល់អំពីការប្រើប្រាស់វិធានការច្បាប់មកលើពួកគេ ដ្បិតដីកាបង្គាប់កន្លងមក គឺតុលាការសាលាដំបូងរាជធានីភ្នំពេញ បានដាក់ពួកគេឲ្យស្ថិតក្រោមលក្ខខណ្ឌឃ្លាំមើលសកម្មភាពតាមផ្លូវច្បាប់។

កញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករណាហ្គាវើលដ៍ ​ត្រូវ​បាន​អាជ្ញាធរចាប់​ខ្លួន​ជាថ្មីម្តងទៀត ​កាលពីចុង​ខែ​វិច្ឆិកា ​ ​ដោយ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ​សហជីពរូបនេះ​បាន​រំលោភ​លក្ខខណ្ឌ​ដែល​ហាម​ឃាត់មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស។ មកដល់ពេលនេះ មេសហជីពរូបនេះ បានស្ថិតនៅក្នុងដំណាក់ឃុំឃាំងរបស់តុលាការ ខណៈដែលការទាមទារឲ្យដោះលែងកន្លងមក មិនត្រូវតុលាការអើពើ។

យ៉ាងណាមិញ ក្រុមកូដករណាហ្គាវើលដ៍ នៅតែរក្សាជំហរដដែល ថាកញ្ញា ឈឹម ស៊ីថរ មិនមានទោសទណ្ឌ ខណៈដែលក្រុមអ្នកតវ៉ាទាំងនោះ នៅតែបន្តកូដកម្មប្រឆាំងនឹងការបញ្ឈប់បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បើទោះបីជាមិនមានមេសហជីពរបស់ខ្លួនតំណាងក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ