អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ថា​កំពុង​ពិចារ​ណាកែ​រដ្ឋ​ធម្មនុញ្ញ​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​អ្នក​នយោបាយ

ប្រ​មុខ​រដ្ឋាភិ​បាល​កម្ពុជា​នៅ​ថ្ងៃចន្ទ​នេះ ​បាន​ថ្លែង​ថា​លោក​កំពុង​ពិចារ​ណា​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ ​ដើម្បី​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ ​ព្រម​ទាំង​មន្ត្រីរាជការ​ និង​​កង​កម្លាំង​ប្រដាប់​អាវុធ​ ខណៈ​ដែល​បច្ចុប្បន្ន​ការ​កំណត់​សញ្ជាតិ​តែ​មួយ​បាន​ដៅតែ​ទៅ​លើ​ឥស្សរជន​ចំនួន​១៣​រូប​ប៉ុណ្ណោះ​។ ​ការ​ព្រលយ​បែប​នេះ​របស់​លោក ​ហ៊ុន​ សែន​ ដោយ​សារ​តែ​លោក​សំដែង​ការ​ធុញ​ទ្រាន់​នឹង​អ្នក​កាទូត​បរទេស​មួយចំនួន​ តែង​តែ​លើក​ឡើង​ពី​បញ្ហា​អ្នក​នយោបាយ​ដែល​មានសញ្ជាតិ​បរទេស​កំពុង​ជាប់​ឃុំ​ ឬ​មាន​បញ្ហា​ផ្លូវច្បាប់​នៅ​កម្ពុជា​។​ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៧ពីស្គន់ ទៅក្រុងកំពង់ចាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៧ពីស្គន់ ទៅក្រុងកំពង់ចាម © FB/SPM
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីកកំណាត់ផ្លូវជាតិលេខ៧​ពីស្គន់ ទៅក្រុងកំពង់ចាម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់ថា ការធ្វើ​វិសោធនកម្ម ឬកែ​រដ្ឋធម្មនុញ្ញ​ជាច្បាប់​កំពូល​ដើម្បី​កំណត់​សញ្ជាតិតែមួយ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ ​គឺនឹងប៉ះពាល់​ផល​ផងដែរ​ ទៅ​លើ​សមាជិក​ជាន់​ខ្ពស់របស់គណបក្ស​ប្រជាជនកម្ពុជា។ តែលោកហ៊ានអះអាងថា​ ពួកគេ អាចនឹងលះបង់​សញ្ជាតិបរទេសចោល ប្រសិន​មានការ​កំណត់បែបនេះនោះ។​

សម្រាប់​លោក ហ៊ុន សែន គឺគ្មានឡើយ​ឧបសគ្គ​ក្នុង​ការ​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​តែមួយ​ពង្រីង​ទៅ​លើ​អ្នក​នយោបាយ​ជាទូទៅនោះ ខណៈ​ច្បាប់​កំពូល​នេះទើប​កែ​ប្រែ និងចូលជាធរមានកាល​ពី​ថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ​២០២១។ ការ​កំណត់​សញ្ជាតិ​តែ​មួយកន្លងមក គឺ​បាន​ដៅតែ​ទៅ​លើ​ឥស្សរជន​ចំនួន​១៣​រូប​ប៉ុណ្ណោះ​ ដែលកាន់​តំណែងជានាយក​រដ្ឋមន្ត្រី ប្រធានសភា ប្រធានព្រឹទ្ធសភា ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​សមាជិកទាំង៩​រូប​របស់គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត។

មូលហេតុ​ចំបង​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញចេតនាចង់​កំណត់​សញ្ជាតិ​តែមួយ​ពង្រីក​វិសាល​ភាព​គ្រប​ដណ្តប់​ទៅ​លើអ្នក​នយោបាយទាំងអស់នោះ គឺដោយសារតែ​លោក​សំដែង​ការ​ធុញទ្រាន់ ខណៈ​អ្នក​កាទូតបរទេសមួយចំនួន​តែង​តែ​លើក​ឡើង​ពី​បញ្ហា​អ្នក​នយោបាយ​ដែល​មានសញ្ជាតិ​បរទេស​កំពុង​ជាប់​ឃុំ​ ឬ​មាន​បញ្ហា​ផ្លូវ​ច្បាប់នៅ​កម្ពុជា​។

អ្នកនយោបាយ​ខ្មែរ​ដែលមានសញ្ជាតិ​បរទេសកំពុងជាប់​បណ្តឹង​នៅតុលាការ​ តួយ៉ាង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែល​ត្រូវ​បាន​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ទៅគណបក្ស​ប្រជាជនកម្ពុជា​១លាន​ដុល្លារ​ក្នុងបទបរិហាកេរ្តិ៍ ខណៈ​កញ្ញា សេង​ ធារី មេធាវីខ្មែរ​សញ្ជាតិ​អាមេរិកាំង​កំពុង​ជាប់​ពន្ធនាគារ​នៅខេត្ត​ព្រះ​វិហារ។

កាលពីជំនួបទ្វេភាគី​រវាង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន និង​លោក ហ៊ុន សែន កាលពីខែ​វិច្ឆិកា​នៅក្រៅ​កិច្ចប្រជុំ​កំពូលអាស៊ាន ក្រសួង​ការបរទេស​អាមេរិកបាន​គូសបញ្ជាក់ថា លោក ចូ បៃឌិន បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ដោះលែងកញ្ញា សេង ធារី និង​អ្នក​ទោសមនសិកា​ដទៃទៀត។ ប៉ុន្តែ​លោក ហ៊ុន សែន អះអាងថា ​លោកមិនបានឭប្រធានាធិបតីអាមេរិក​និយាយពីរឿងឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ