អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរ​កោះ​ហៅ​មេដឹក​នាំ​សង្គម​ស៊ីវិល​៤រូប​ទៅសួរ​រឿង​បង្ហោះ​ចម្រៀង​«ឈាមបាតុករ»

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤នាក់​ ត្រូវ​បាន​ប៉ូលីស​ក្រុង​ភ្នំពេញ​ចេញ​លិខិត​ឲ្យទៅ​បំភ្លឺ​រឿង​បង្ហោះបទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា«​ឈាមបាតុករ»។​ លិខិត​អញ្ជើញ​របស់​ប៉ូលីស​ក្រុង​បាន​ដាក់​កាល​បរិច្ឆេទ​ដូចៗ​គ្នា ​គឺថ្ងៃទី០៧​ ខែមករា​ ឆ្នាំ​២០២៣​ ក៏ប៉ុន្តែ​ការ​បំភ្លឺ​តម្រូវ​ឲ្យ​មេដឹកនាំ​សង្គម​ស៊ីវិល​ចូល​ទៅថ្ងៃ​ផ្សេងៗ​គ្នា​ចាប់​តាំង​ពីថ្ងៃទី០៩ ​ដល់ថ្ងៃទី១១ ​ខែមករា​នេះ។​ ការ​កោះហៅ​សកម្មជន​សង្គម​ស៊ីវិល​ទៅបំភ្លឺ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពីមាន​ការ​ស្នើសុំ​ពីក្រសួង​វប្បធម៌​កាល​ពីថ្ងៃទី០៦​ ខែមករា​កន្លងទៅ។​

បាតុករ​ (រូបតំណាង)
បាតុករ​ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំអង្គការសង្គមស៊ីវិល ដែលស្នងការប៉ូលីសក្រុងភ្នំពេញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាកោះហៅទៅសាកសួរនោះមាន លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ ដែលត្រូវចូលទៅនៅថ្ងៃទី០៩ ខែមករានេះ។ លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី លោក មឿន តុលា ប្រធាអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) ត្រូវចូលទៅស្នងការថ្ងៃទី១០ ខែមករា និងលោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវចូលទៅថ្ងៃទី១១ ខែមករា។

តាមលិខិតអញ្ជើញចំនួន៤ផ្សេងៗគ្នា មេដឹកនាំអង្គការសង្គមស៊ីវិលទាំង៤រូប ត្រូវប៉ូលីសក្រុងភ្នំពេញបញ្ជាក់ថាចូលទៅបំភ្លឺរឿងបង្ហោះចម្រៀងអមដោយរូបភាពមានចំណងជើងថា«ឈាមបាតុករ»។ បទចម្រៀងឈាមបាតុករនេះ គឺជាប្រភេទចម្រៀងរ៉េប ដែលដែលច្រៀង និងនិពន្ធដោយលោក គា សុគន្ធ រៀបរាប់ពីការប្រឈបមុខដាក់គ្នាដោយហឹង្សាររវាងបាតុករដែលជាកម្មករកាត់ដេរ និងកងកម្លាំងរដ្ឋាភិបាលនៅតាមបណ្តោយផ្លូវវេងស្រេង កាលពី៩ឆ្នាំមុន។

បទចម្រៀងក៏ក្តោបទៅលើខ្លឹមសារទាមទាររកយុត្តិធម៌ និងការចងចាំ ដែលបាតុករប្រដាប់ដោយដំបង និងដុំថ្ម ទាមទារតម្លើងប្រាក់ឈ្នួល ហើយរងការបង្ក្រាបបង្ហូរឈាមពីកងកម្លាំងរដ្ឋាភិបាល ដោយមេដឹកនាំសង្គមស៊ីវិលបង្ហាញរបាយការណ៍ថាមានមនុស្ស៤នាក់ស្លាប់ និងជិត៤០រងរបួស។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមករាកន្លងទៅ ក្រសួងវប្បធម៌បានចេញលិខិតមួយច្បាប់ទៅកាន់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើសុំផ្តល់កិច្ចអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គម ដែលបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើងថា«ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយ។

ការស្នើឲ្យប៉ូលីសចាត់វិធានការនេះ ក្រោយអង្គការលីកាដូ អង្គការសង់ត្រាល់ អង្គការ IDEA CAMBODIA របស់លោក វន់ ពៅ និងអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ព្រមទាំងមានការចែករំលែកជាលក្ខណៈបុគ្គលជាច្រើនទៀតផង បាននាំគ្នាបង្ហោះបទចម្រៀងនេះចាប់តាំងពីថ្ងៃទី០៣ ខែមករាមក។

ទោះយ៉ាងណា ក្រសួងវប្បធម៌បានចាត់ទុកថាខ្លឹមសារនៃបទចម្រៀង«ឈាមបាតុករ»នេះ បង្ហាញពីការអុជអាល ញុះញង់ អចនឹងបង្កអសន្តិសុខសណ្តាប់ធ្នាប់ដល់សង្គម។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលយល់ថាបទចម្រៀងនេះ បានឆ្លុះបញ្ចាំងពីការពិត ដែលជាសេរីភាពនៃការសម្តែងមតិ និងជាមធ្យោបាយដើម្បីទាមទាររកយុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ