អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ច៖ ការគិតគូសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរបស់រដ្ឋាភិបាលគឺជារឿងអាទិភាព

អ្នក​ជំនាញ​សេដ្ឋកិច្ច​យល់ថា​ការ​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ​ និង​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​ពី​សំណាក់​រដ្ឋាភិបាល​ គឺ​ជា​រឿង​អាទិភាព​ដែល​ចាំ​បាច់​ត្រូវ​តែ​ធ្វើ ​ដើម្បី​ជំរុញ​ដល់​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​កាន់​តែ​ឆាប់​រហ័ស​ ហើយ​ចំណេញ​ពេល​វេលា។​ ក្រៅ​ពី​នេះ​ការ​មាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ក៏​ជា​ផ្នែក​មួយ​កាត់​បន្ថយ​ការ​ដឹក​​ជញ្ជូន​តាម​ផ្លូវ​គោក​នាំ​ឱ្យ​ខូច​ផ្លូវ ​ខាត​បង់​ថវិកា​ជួស​ជុល​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។​

រថភ្លើងល្បឿនលឿន(រូបតំណាង)
រថភ្លើងល្បឿនលឿន(រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត​ ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បានលើកឡើងថា ​គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរបស់រដ្ឋាភិបាលជាផ្នែកមួយនៃសសៃឈាមសេដ្ឋកិច្ច ដែលកម្ពុជាគួរតែធ្វើការសាងសង់ឲ្យបានឆាប់ ខណៈប្រទេសជិតខាងគេបានធ្វើផ្លូវរថភ្លើងល្បឿនលឿននេះ ហើយគេបាននិងកំពុងសិក្សាធ្វើនៅកន្លែងផ្សេងៗទៀត។ បើតាមលោក ហុង វណ្ណៈ ការមានផ្លូវរថភ្លើងល្បឿនលឿន នឹងធ្វើឱ្យវិស័យដឹកជញ្ជូននៅកម្ពុជាកាន់ប្រសើរថែមទៀត និងជាផ្នែកមួយកាត់បន្ថយផលប៉ះពាល់សម្រាប់ការដឹកជញ្ជូនដែរ។

ជាមួយគ្នានេះលោកឧកញ៉ា ស៊ិន ចាន្ធី ប្រធានសមាគមភស្តភារ ក៏គាំទ្រចំពោះការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញទៅក្រុងប៉ោយប៉ែតផងដែរ។ បើតាមលោកឧកញ៉ា ស៊ិន ចាន្ធី ការដឹកជញ្ជូនតាមផ្លូវគោក គឺផ្លូវរថភ្លើងល្បឿនលឿននេះហើយជា​សក្ដានុពលដ៏មានសារសំខាន់ក្នុងវិស័យដឹកជញ្ជូន ជាពិសេសធ្វើឲ្យចំនេញពេលវេលា ហើយដឹកជញ្ជូនបានច្រើន មិនធ្វើឲ្យប៉ះពាល់ដូចការដឹកជញ្ជូនតាមផ្លូវថ្នល់ នាំឲ្យខូចខាតផ្លូវជាដើម។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញទៅក្រុងប៉ោយប៉ែត។ ការលើកឡើងរបស់លោក បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមករា។

បើតាមលោក ហ៊ុន សែន ការទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែក្រោយនេះ លោកនឹងស្នើសុំការគាំទ្រពីចិនទាក់ទងការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ