អានតួអត្ថបទ
កម្ពុជា-សង្គម

សមាគម​ដឹកជញ្ចូន​ ស្នើ​ឱ្យ​ក្រុមហ៊ុន​សម្រួល​តម្លៃ​បន្ថែម​ ក្រោយ​រថយន្ត​ដឹក​ទំនិញ​មិន​សូវ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿន

សមាគម​ភស្តុភារកម្ម​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​សេវា​នៃការ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿន​សម្រាប់​ប្រភេទ​រថយន្ត​ដឹកទំនិញ​ធន់ធ្ងន់​ឱ្យ​ស្ថិត​ក្នុង​តម្លៃ​មួយ​សមរម្យ​ដែល​អាច​ទទួល​យកបាន។​ ការ​ស្នើនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​មើល​ឃើញ​ថា ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿន​ពីសំណាក់​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​កុងតឺន័រ​ នៅមាន​ចំនួន​តិច​តូច​នៅឡើយ​ បើធៀប​នឹង​រថយន្ត​ទេសចរណ៍​ និង​រថយន្ត​លក្ខណៈគ្រួសារ។​ បើ​តាម​សមាគម​ ចំនួន​តិចតូច​នេះ ​គឺ​ដោយសារ​តែ​តម្លៃ​សេវា​នៃការ​ប្រើប្រាស់​ផ្លូវល្បឿនលឿន​បន្ត​ចោទ​ជាបញ្ហា ​បើទោះបី​ក្រុមហ៊ុន​ផ្លូវល្បឿនលឿន​បាន​បញ្ចុះតម្លៃ​២០ភាគរយ​សម្រាប់​ឆ្នាំ​ដំបូង​យ៉ាងណាក្តី។​ 

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ © Internet
ផ្សាយពាណិជ្ជកម្ម

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានអះអាងថា ហេតុផលដែលរថយន្តប្រភេទដឹកទំនិញមិនសូវប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ច្រើនដូចលក្ខណៈរថយន្តទេសចរណ៍ និងគ្រួសារ គឺដោយសារតែថ្លៃសេវាប្រើប្រាស់នៅមានតម្លៃខ្ពស់ពេក ពោលគឺមានតម្លៃជាង១០០ដុល្លារសម្រាប់ការធ្វើដំណើរទៅ-មក ខណៈរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនភាគច្រើនជាប្រភេទរថយន្តមួយទឹក និងមានសភាពចាស់ដែលមិនសមស្របទៅនឹងលក្ខខណ្ឌប្រើប្រាស់ផ្លូវល្បឿនលឿន។ ចំណែក តម្លៃសណ្តោងរថយន្តនៅពេលមានករណីអាសន្ន ឬខូច ក៏មានតម្លៃថ្លៃថែមទៀត។

ម្ល៉ោះហើយ លោកឧកញ៉ាចាត់ទុកថា ហេតុផលទាំងអស់នេះហើយ ទើបរថយន្តដឹកទំនិញប្រភេទកុងតឺន័រ មានការរារែកមិនប្រើប្រាស់ផ្លូវល្បឿនលឿន បើទោះបីភាគីក្រុមហ៊ុនបានបញ្ចុះតម្លៃ២០ភាគរយសម្រាប់ឆ្នាំដំបូងយ៉ាងណាក្តី និងត្បិតថា ការប្រើប្រាស់ផ្លូវល្បឿនលឿនអាចចំណេញពេលវេលា។ ប៉ុន្តែទិន្នាការបច្ចុប្បន្ន ផលចំណេញលើតម្លៃដឹកជញ្ចូនរបស់ក្រុមហ៊ុនកំពុងធ្លាក់ចុះ ដែលធ្វើឱ្យក្រុមហ៊ុនមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកទំនិញលើផ្លូវល្បឿនលឿន។  

បើតាមប្រធានសមាគមរូបនេះ ការខ្សត់រថយន្តដឹកទំនិញលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺឆ្លុះបញ្ចាំងឱ្យឃើញពីសញ្ញាណអវិជ្ជមានចំពោះការវិនិយោគផ្លូវល្បឿនលឿននេះ។ អវិជ្ជមានដ៏ហេតុថា ផ្លូវល្បឿនលឿនមិនបានផ្តល់ឱកាសឱ្យរថយន្តដឹកទំនិញទទួលបានការប្រើប្រាស់ក្នុងតម្លៃសមរម្យ ដើម្បីជួយជំរុញកំណើន និងចរន្តសេដ្ឋកិច្ចជាតិ។

ទាក់ទិននឹងការប្រើប្រាស់ផ្លូវល្បឿនលឿននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុនដឹកជញ្ចូនទំនិញដែលធ្លាប់ប្រើប្រាស់ផ្លូវជាតិលេខ៤ឱ្យងាកមកដឹកទំនិញតាមផ្លូវល្បឿនលឿនជំនួសវិញ ដោយលោកនាយករដ្ឋមន្ត្រីលើកហេតុផលថា ការប្រើប្រាស់ផ្លូវល្បឿនលឿនអាចចំណេញវេលា និងថវិកាច្រើន។ ការអំពាវនាវបែបនេះ ធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រីសង្កេតឃើញថា ការដឹកជញ្ចូនតាមផ្លូវល្បឿនលឿនពីសំណាក់រថយន្តដឹកទំនិញមិនសូវមានចំនួន បើធៀបនឹងរថយន្តទេសចរណ៍ និងរថយន្តលក្ខណៈគ្រួសារ។

សូមជម្រាបថា ផ្លូវល្បឿនលឿន​នេះសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយចំណាយថវិកាជិត ២ពាន់លានដុល្លារ។ ផ្លូវនេះមានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តចំនួន០៤បួនក្នុងនោះរួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុប្រវែង។ ចំណែករាល់ការធ្វើដំណើរ ក្រុមហ៊ុនវិនិយោគ នឹងយកថ្លៃធ្វើដំណើរឆ្លងកាត់​ផ្លូវល្បឿនលឿននេះ ចាប់ពី ១២ដុល្លារ ដល់ ៦០ដុល្លារ តាមប្រភេទយានយន្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ