អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិល អ្នកសារព័ត៌មាន ចង់ឃើញការគោរពតម្លៃស្ត្រីបន្ទាប់ពីមានការវាយប្រហារលើអ្នកសារព័ត៌មានស្ត្រីVOD

មន្ត្រី​សង្គម​ស៊ីវិល​ អ្នក​វិភាគ ​និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ចង់​ឃើញ​ការ​ផ្ដល់​តម្លៃ​ស្ត្រី ​ក្រោយ​អ្នក​សារព័ត៌មាន​VOD​ម្នាក់ ​រង​ការ​វាយ​ប្រហារ​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសបុក​ម្នាក់​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ ​លោក​ ផែង វណ្ណៈ។ ​ពួក​គេ​ចាត់​ទុក​ពាក្យ​សម្ដី​លោក​ ផែង វណ្ណៈ ​ដើរ​ផ្ទុយ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ដែល​តែង​លើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្រ្តី។​ លោក​ ផែង វណ្ណៈ ​នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​បាន​សសេរ​សំណេរ​រិះគន់​ស្ត្រី​អ្នក​សារព័ត៌មាន​VOD​ ជា​មួយ​នឹង​ខ្លឹម​សារ​បន្ទាប​តម្លៃ​ បន្ទាប់​ពី​នាង​ចេញ​ផ្សាយ​អត្ថបទ​ក្រោម​ចំណង់​ជើង​ថា ​«មន្ត្រី​រដ្ឋាភិបាល​ថា ​ការ​ដែល​លោក​ ហ៊ុន ម៉ាណែត ​ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្ដល់​ជំនួយ​ឱ្យ​តួកគី ​មិន​មែន​ជា​រឿង​ខុស​ឆ្គង»​។ ​

រូបតំណាងស្ថាប័ន VOD
រូបតំណាងស្ថាប័ន VOD © Internet
ផ្សាយពាណិជ្ជកម្ម

លោកស្រី ចក សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថា រឿងផ្សាយព័ត៌មានពិតឬមិនពិត​ បានមកពីប្រភពមិនច្បាស់ឬច្បាស់​ ទុកពេលវេលាឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយទៅតាមវិជ្ជាជីវៈរបស់ខ្លួនទៅ។ តែសម្រាប់លោក​ ផែង វណ្ណៈ វាយប្រហារលើស្ត្រីជាអ្នកសារព័ត៌មាន​បានឆ្លុះបញ្ចាំងពីកម្រិតគុណធម៌របស់លោក​។ បើតាមលោកស្រី ចក សុភាព ក្នុងនាមជាបុគ្គលសាធារណៈ​លោក ផែង វណ្ណៈ គួរប្រកាន់សីលធម៌  ហើយលោកគួរសុំទោសជាសាធារណៈដល់ស្ត្រីអ្នកសារព័ត៌មានរូបនេះ​ និងបញ្ឈប់នូវឥរិយាបទដែលផ្ទុយពីឆន្ទៈរបស់រដ្ឋាភិបាលដែលតែងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្រ្តី​។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សរូបនេះចង់ឃើញស្ថាប័នពាក់ព័ន្ធមានចំណាត់ការលើទង្វើនេះ​ ដើម្បីបង្ហាញពីសចក្តីថ្លៃថ្នូរនិងសីលធម៌សង្គម។

ក្នុងពេលជាមួយគ្នានេះដែរ លោកបណ្ឌិត សេង សារី ​អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ជាដើមក៏បានសម្ដែងការហួសចិត្តចំពោះសំណេរវាយប្រហាររបស់របស់លោក ផែង វណ្ណៈ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏លេចធ្លោនិងជាអ្នកគាំទ្រគណបក្សប្រជាជនមកលើស្ត្រីអ្នកសារព័ត៌មានVODរូបនេះ។

បើតាមបណ្ឌិត សេង សារី   ការចាត់ការជនពាល​ និងជនវិកលចរិត​ ដែលសង្ងំក្នុងវិស័យព័ត៌មាន​ គឺអាចយកមកធ្វើជាគោលនយោបាយសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ​ ២០២៣​បានយ៉ាងមានប្រសិទ្ធ។ភ្លាមៗបន្ទាប់ពីចេញផ្សាយសំណេរនេះលោក ផែង វណ្ណៈ ក៏បានចោទសួរទៅកាន់លោក សេង សាវី វិញថា បណ្ឌិត​ សេង​ សារី​ គាំទ្រ​ VOD ដែល​បំពុល​ព័ត៌មាន​  ឬ​ លោកបណ្ឌិត​ជាជនបំពុលសង្គម​ដែរ​ ?

លោក ណុប វី នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា (ខាមបូចា)បង្ហាញការសោកស្តាយចំពោះការបង្ហាញ ក៏ដូចជាការបញ្ចេញមតិដែលធ្វើឲ្យមានការស្អប់ខ្ពើមនៅក្នុងសង្គម។ មតិរបស់លោកផែង វណ្ណៈ បានបង្ហាញនូវការប្រមាថដល់ស្ត្រីដែលមានសេចក្តីក្លាហានចូលរួមនៅក្នុងការផ្តល់ព័ត៌មានក្នុងសង្គម ហើយការបញ្ចេញមតិនេះជាការប្រមាថនឹងជាការចូលរួមធ្វើឲ្យមានការបែកបាក់ក្នុងសង្គម និងមិនបង្ហាញពីកាតព្វកិច្ចពលរដ្ឋល្អឡើយ។ ដូច្នេះលោក ផែង វណ្ណៈគួរសុំទោសដល់ស្ត្រីដែលលោកបានប្រមាថនេះ។  នេះបើតាមលោក ណុប វី។

ចំណែកអ្នកនាង ឡុង គឹមម៉ារីតា ជាអ្នកសារព័ត៌មានម្នាក់បានចោទសួរថា ហេតុអ្វីអ្នកកាសែតវិជ្ជាជីវៈ ត្រូវប្រឈមនឹងការតិះដៀល និងគំនាប។ ជាចាស់ជាទុំ គួរប្រើសម្តីឲ្យក្មេងគោរព មិនមែនប្រើអំណាច អាងចាស់ដើរជេគេ ហើយពោលថា ជាពាក្យប្រដៅនោះទេ។

ទន្ទឹមគ្នានេះកញ្ញា សុវណ្ណ ស្រីពេជ្រ ជាអ្នកសារព័ត៌មានមួយរូបទៀតបានបង្ហាញក្ដីព្រួយបារម្ភថា ពីមួយថ្ងៃទៅមួយថ្ងៃ អាជីពជាអ្នកសារព័ត៌មានគឺមានសម្ពាធមួយកម្រិតទៅហើយ តែគួរឱ្យខ្ពើមរអើមទៅទៀតនោះ គឺការប្រមាថមកលើអ្នកសារព័ត៌មានស្រ្តី ការលាបពណ៌ ការប្រើសម្ដីអសុរៈ មិនឱ្យតម្លៃ ទម្រង់វាយប្រហារជាសាធារណៈស្ដែងៗតែម្ដង។ បើតាមកញ្ញា សុវណ្ណ ស្រីពេជ្រ ចង់ឃើញស្ថាប័នពាក់ព័ន្ធ អន្តរាគមន៍ចំពោះ លោក ផែង វណ្ណៈ ដែលលោកប្រើពាក្យពេចន៍ចោទប្រកាន់ និងប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើស្រ្តី ផ្ទុយពីអ្វីដែលរដ្ឋាភិបាល និងសង្គមកំពុងលើកតម្កើងស្រ្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ