អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងកិច្ចការនារីថា ស្ត្រីអ្នកសារព័ត៌មានVOD អាចដាក់ពាក្យប្តឹងទៅតុលាការ បើរងការប្រមាថធ្ងន់ធ្ងរ

ក្រសួងកិច្ចការនារីអះអាងថា អ្នកសារព័ត៌មានស្ត្រីវីអូឌី អាចស្នើសុំកិច្ចអន្តរាគមន៍ ឬដាក់ពាក្យប្តឹងទៅកាន់តុលាការបាន បើក្នុងករណីសាម៉ីខ្លួនយល់ថា កំពុងរងការជេរប្រមាថ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ខ្លួនធ្ងន់ធ្ងរ។  តែយ៉ាងណាក្រសួងកិច្ចការនារីឱ្យដឹងថា ក្រសួងមិនទាន់មានចំណាត់ការណាមួយនោះទេចំពោះករណីលោក ផែង វណ្ណៈប្រមាថលើស្ត្រីអ្នកសារព័ត៌មានវីអូឌី ​  ដោយហេតុថា ក្រសួងកំពុងពិនិត្យមើលអង្គហេតុនៃករណីនេះជាមុនសិន។ 

ក្រសួងកិច្ចការនារី
ក្រសួងកិច្ចការនារី © Internet
ផ្សាយពាណិជ្ជកម្ម

លោកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារីបានឱ្យដឹងថា ករណីលោកផែង វណ្ណៈប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅលើអ្នកសារព័ត៌មានជាស្ត្រីនោះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់សាមីខ្លួនជាខ្លាំង។   

បើតាមអ្នកស្រី ស ស៊ីណែត ស្ត្រីអ្នកសារព័ត៌មាននោះក៏មានសិទ្ធិពេលលេញក្នុងការស្វែងរកកិច្ចគាំទ្រផ្នែកច្បាប់ ជាពិសេសអាចដាក់ពាក្យប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតខ្លួនបំផុត។

បើទោះបីមិនទាន់មានចំណាត់ការណាមួយពីក្រសួងកិច្ចការនារី ក៏គេសង្កេតឃើញថា សម្លេងប្រតិកម្មពីបណ្តាអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងសាធារណជនបានចេញមកជាហូរហែរ នៅក្រោយពេលដែលអ្នកសារព័ត៌មានស្ត្រីម្នាក់របស់សារព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD រងការប្រមាថកាតទាន និងរងការប្រើប្រាស់ពាក្យសម្តីបៀតបៀនពីសំណាក់លោក ផែង វណ្ណៈ ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មាន និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផង។

ការរិះគន់របស់លោក ផែង វណ្ណៈ គឺធ្វើឡើងបន្ទាប់ពី អ្នកសារព័ត៌មានVOD បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា«មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយទៅឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។

ដោយឡែក នៅព្រឹកថ្ងៃច័ន្ទនេះ លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយនៅក្រៅប្រទេសបានស្នើឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ស្វែងរកយុត្តិធម៌ជូនស្ត្រីអ្នកសារព័ត៌មានVODដែលរងការជេរប្រមាថពីលោក ផែង វណ្ណៈ ខណៈលោកបណ្ឌិតថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកហ៊ុន ម៉ាណែតបានទទួលភាពស្អាតស្អំ និងកិត្តិយសរបស់ខ្លួនមកវិញហើយ តាមរយៈការដកអាជ្ញាបណ្ណរបស់VOD។ ម្ល៉ោះហើយ លោកបណ្ឌិត សេង សារីយល់ថា អ្នកសារព័ត៌មានរបស់VOD ក៏ត្រូវទទួលបានសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ខ្លួនមកវិញដូចគ្នា។

នៅចំពោះការស្នើឱ្យមានចំណាត់ការតាមផ្លូវច្បាប់ លោក ផែង វណ្ណៈបាននិយាយថា លោកនឹងមិនធ្វើការសុំទោសជាដាច់ខាត ហើយលោកមិនជំទាស់ចំពោះការប្តឹងរូបលោកនោះឡើយ ព្រោះលោកចាត់ទុកថា សំណេរដែលលោកបានសរសេរកាលពីយប់ថ្ងៃទី១២ កុម្ភៈ គឺជាការប្រៀបធៀបនឹងខ្លឹមសារអត្ថបទដែលអ្នកសារព័ត៌មានវីអូឌីបង្ហោះផ្សាយ ខណៈលោកចាត់ទុកថាអត្ថបទនោះ បានមូលបង្កាច់ការពិត និងប៉ះពាល់ដល់កត្តិយសរបស់លោក ហ៊ុន ម៉ាណែត។

តែយ៉ាងណា ក្រោយមក លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិយល់ថា គណបក្សប្រជាជនកម្ពុជានឹងខូចឈ្មោះ ព្រោះតែបុគ្គលរូបនេះ ដោយដើរផ្ទុយទៅនឹងអ្វីដែលរដ្ឋាភិបាលកំពុងលើកកម្ពស់ និងគោរពសិទ្ធិស្ត្រីនាពេលសព្វថ្ងៃ។ បន្ថែមពីនេះ​លោក សុវណ្ណរ៉ាថា រដ្ឋាភិបាលមិនគួរណាបើកដៃឱ្យបុគ្គលនេះធ្វើផ្គរធ្វើភ្លៀងតាមតែអំពើចិត្តដោយគ្មានវិធានការណ៍ច្បាប់នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ