អានតួអត្ថបទ
កម្ពុជា-សង្គម

UNនៅកម្ពុជាអំពាវនាវយុវវ័យត្រូវប្រុងប្រយ័ត្ននិងការពារខ្លួនពីការឆ្លងជំងឺអេដស៍

 តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន និងការពារពីករណីឆ្លងជំងឺអេដស៍ ខណៈនៅកម្ពុជាក្នុងចំណោមយុវវ័យដែលមានអាយុពី ១៥ដល់២៤ឆ្នាំ ក្នុងនោះបុរសវ័យក្មេងមានរហូតដល់ ៤១% បានឆ្លងជំងឺអេដស៍ថ្មី និងស្រ្តីវ័យក្មេងមានរហូតដល់ ៣៧% បានឆ្លងជំងឺអេដស៍ថ្មី​។ ការអំពាវនាវនេះ ត្រូវគេកត់សម្គាល់ឃើញថាធ្វើឡើងចំពេលបុណ្យនៃសេចក្ដីស្រលាញ់ ១៤​​កុម្ភៈ ជាថ្ងៃដែល​​យុវវ័យមួយចំនួនភ្លើតភ្លើនភ្លេចខ្លួន ងាយនឹងឆ្លងនូវជំងឺអេដស៍នេះ។ 

ការពារខ្លួនពីការឆ្លងជំងឺអេដស៍
ការពារខ្លួនពីការឆ្លងជំងឺអេដស៍ REUTERS - STRINGER/INDIA
ផ្សាយពាណិជ្ជកម្ម

 

បើតាមអង្គការសហប្រជាជាតិនៅកម្ពុជា នេះជាសមាមាត្រខ្ពស់បំផុតនៃការប៉ាន់ប្រមាណការឆ្លងថ្មីនៃមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា ដូច្នេះត្រូវប្រុងប្រយ័ត្ន និងការពារ។ របាយការណ៍នៃការឆ្លងជំងឺអេដស៍ថ្មីនៅកម្ពុជានេះ ត្រូវបានអង្គការសហប្រជាជាតិប្រចាំកម្ពុជាដកស្រង់មកពីរបាយការណ៍របស់អង្គការUNAIDS ឆ្នាំ២០២២ ខណៈអង្គការUNAIDSនេះ បានអះអាងថា នៅប្រទេសកម្ពុជា គឺជារៀងរាល់ថ្ងៃមនុស្ស​ចំនួន ៣នាក់ឆ្លងនូវមេរោគអេដស៍។

ក្នុងរបាយការណ៍របស់អង្គការUNAIDS ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងចំណោមយុវវ័យដែលមានអាយុពី ១៥-២៤ឆ្នាំ ជាបុរសវ័យក្មេងមានរហូតដល់ ៤១% នៃអ្នកឆ្លងថ្មីក្នុងចំណោមបុរស ហើយស្ត្រី​​វ័យក្មេងមានរហូតដល់ ៣៧% នៃអ្នកឆ្លងថ្មីក្នុងចំណោមស្រ្តី។ របាយការណ៍នេះ ត្រូវបានអង្គការសហប្រជាជាតិនៅកម្ពុជា ដកស្រង់យកមកបង្ហោះនៅលើទំព័រហ្វេសប៊ុក ដើម្បីដាស់តឿនពីការការពារខ្លួនកុំឲ្យឆ្លងជំងឺអេដស៍ និងជំងឺផ្សេងទៀត គឺត្រូវប្រើប្រាស់ស្រោមអនាម័យ។

យ៉ាងណាមិញរបាយការណ៍នៃអ្នកឆ្លងជំងឺអេដស៍នៅកម្ពុជា ដែលអង្គការសហប្រជាជាតិនៅកម្ពុជា យកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនេះ ត្រូវគេកត់សម្គាល់ឃើញផងដែរថា ធ្វើឡើងស្របពេល បុណ្យនៃទិវាសេចក្ដីស្រលាញ់ ១៤កុម្ភៈ ហាក់ដាស់ស្មារតីយុវវ័យនៅកម្ពុជា កុំភ្លើតភ្លើននឹងថ្ងៃនេះ ត្រូវប្រយ័ត្ន និងការពារខ្លួន កុំឲ្យឆ្លងនូវជំងឺអេដស៍។

សូម​រំលឹក​ថា មេរោគ​អេដស៍​បាន​ផ្ទុះ​រីករាល​ដាល​នៅ​កម្ពុជា​ខ្លាំង​នៅ​ឆ្នាំ​១៩៩៨ ដែល​មាន​អត្រា​ឆ្លង​ក្នុង​១០០​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​នោះ​ គឺ​មាន​អ្នក​ផ្ទុក​មេរោគអេដស៍​រហូត​ជិត ១៧ម៉ឺននាក់។ ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​នេះ ចំនួន​អ្នក​ផ្ទុក​មេរោគ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ៥​៧​០០០នាក់ ដែល​អត្រា​អ្នក​ឆ្លង​មេរោគ​នេះ មាន​ត្រឹម​២​នាក់ក្នុង​មួយ​ឆ្នាំ។

ការថយចុះនៃអ្នកឆ្លងនេះ ធ្វើឲ្យអង្គការ​សហ​ប្រជាជាតិ បាន​ចាត់​ទុក​កម្ពុជា ថា​ជា​ប្រទេស​មួយ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៦ ផ្សេងទៀត​នៅ​ទូ​ទាំង​ពិភព​លោក ដែល​ទទួល​ជោគជ័យ​នៃ​ការ​សម្រេច​បាន​មុន​៣​ឆ្នាំ នៃ​ទិសដៅប្រឆាំង​មេរោគ​អេដស៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ