អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការ​ចំនួន​៤០​ស្នើ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​បង្គាប់​ឲ្យ​លោក​ ផែង​ វណ្ណៈ​ សុំ​ទោស​ជា​សាធារ​ណៈ

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​៤០​ស្ថាប័ន​រួម​គ្នា​ស្នើ​ទៅ​ក្រសួង​ពាក់​ព័ន្ធ​ចំនួន៤​ឲ្យ​មាន​ចំណាត់​ការ​លើ​លោក​ ផែង​ វណ្ណៈ ​ថា​បាន​ប្រមាថ​ទៅ​លើ​ស្ត្រី​ម្នាក់​ជា​អ្នក​សារ​ព័ត៌​មាន​វីអូឌី​។​ លិខិត​ចំហ​ដែល​ចេញ​ថ្ងៃ​ទី​១៤​កុម្ភៈ​នោះ​ បាន​ធ្វើ​ឡើង​ ខណៈ​ដែល​លោក​ ផែង ​វណ្ណៈ ​អះ​អាង​ថា​ខ្លួន​នឹង​មិន​សុំ​ទោស​ចំពោះ​អ្វី​ដែល​លោក ​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​នោះ​ឡើយ​ ដោយ​ថា​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​។​ 

លោក ផែង វណ្ណៈ
លោក ផែង វណ្ណៈ © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តី​ថ្លែងការណ៍​រួមចុះថ្ងៃទី១៤​កុម្ភៈ ក្រុម​អង្គការ​ផ្នែក​សិទ្ធិ​ស្ត្រី បានទទួច​ដល់​ក្រសួង​កិច្ច​ការនារី ក្រសួង​វប្បធម៌ ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ បង្គាប់ឲ្យ​លោក ផែង វណ្ណៈ ត្រូវ​ទទួល​ស្គាល់​កំហុស និង​កែ​តម្រូវពាក្យពេចន៍​ប្រមាថ ម៉ាក់ងាយ​ និង​សូមទៅសជាសាធារណៈ​ចំពោះ​ស្ត្រីម្នាក់ជាអ្នក​សារព័ត៌មានវីអូឌី។

ក្រុមអង្គការចំនួន៤០នេះ ដែលនាំមុខដោយ​គណៈកម្មាធិការលប់​បំបាត់​ការ​រើសអើសស្ត្រី(NGO-CEDAW) តាមពីក្រោយ​អង្គការយែនឌ័រ និងអភិវឌ្ឍន៍(GADC) អង្គការក្លាហាន អង្គការបន្ទាយស្រី ជាដើមបានគូសបញ្ជាក់ថា អ្វីដែលលោក ផែង វណ្ណៈ បានសរសេរនោះគឺជាការ​ប្រមាថម៉ាក់ងាយ ប៉ះពាល់​ទៅ​ដល់​កិច្ច​ប្រឹង​ប្រែងរបស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​យែនឌ័រ ឆ្ពៅទៅសម្រេច​គោល​ដៅឆ្នាំ​២០២៣។

ក្រុម​អង្គការ​ទាំងនេះ បានស្នើឲ្យក្រសួង​ហៅលោក ផែង វណ្ណៈទៅរៀនសូត្រអំពីយែនឌ័រ​ក្នុង​វិស័យ​ព័ត៌មាន​ ទប់​ស្កាត់​មាតិកាព័ត៌មាន​ដែលបង្កប់​ខ្លឹម​សារ​ប្រមាថ​ដល់​ស្រ្តី កុំឲ្យ​កើតមាន​បន្តទៀត។

សំណេររបស់លោក ផែង វណ្ណៈ គឺបន្ទាប់ពី​ស្ត្រី​អ្នកសារព័ត៌មានវីអូឌីបានផ្សាយ​ព័ត៌មាន​មួយពាក់​ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត ​ដែលនាំឲ្យមាន​ប្រតិកម្មខ្លាំងៗពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទីបំផុតបានបញ្ជាឲ្យ​បិទអាជ្ញាប័នវីអូឌី។​

លោកស្រី ស ស៊ីណែត អ្នកនាំពាក្យ​ក្រសួងកិច្ចការនារីប្រាប់RFI កាលពីថ្ងៃចន្ទថា ស្ត្រីអ្នកសារព័ត៌មានVOD អាចដាក់ពាក្យប្តឹងទៅតុលាការ ។បើតាមអ្នកនាំពាក្យដដែល ករណីលោកផែង វណ្ណៈប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅលើអ្នកសារព័ត៌មានជាស្ត្រីនោះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់សាមីខ្លួនជាខ្លាំង។  

លោកស្រី ស ស៊ីណែត គូសបញ្ជាក់ថា ស្ត្រីអ្នកសារព័ត៌មានដែល​រងការ​ប្រមាថក៏មានសិទ្ធិពេលលេញក្នុងការស្វែងរកកិច្ចគាំទ្រផ្នែកច្បាប់ ជាពិសេសអាចដាក់ពាក្យប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតខ្លួនបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ