អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួង​កិច្ចការ​នារី​ ប្រឆាំង​ការ​ប៉ះពាល់​តម្លៃ​ស្រ្តី ​ក្រោយ​មាន​សំណើ​បង្គាប់​ឲ្យ​លោក​ ផែង​ វណ្ណៈ​ សុំ​ទោស​ជា​សាធារ​ណៈ

ក្រសួង​កិច្ចការនារី​ នៅថ្ងៃ​ព្រហស្បត្តិ៍​នេះ ​បាន​សំដែង​នូវ​ការ​សោកស្ដាយ​ និង​មិនគាំទ្រ​ចំពោះ​សកម្មភាព​ទាំង​ឡាយ​ណា ​ដែល​ប៉ះពាល់​ដល់​តម្លៃស្រ្តី​ខ្មែរ​។ ​ប្រតិកម្ម​របស់​ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​អង្កការ​សង្គម​ស៊ីវិល​ចំនួន​៤០ ​បាន​ដាក់​សំណើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចំនួន៤ ​ក្នុង​នោះ​មាន​ក្រសួងកិច្ចការ​នារី​ផង​ដែរ​បង្គាប់​ឲ្យលោក​ ផែង វណ្ណៈ ​ម្ចាស់​គេហទំព័រ​ព័ត៌មាន​ Pheng Vannak News ​សុំទោស​ជាសាធារណៈ​ទាក់ទង​ទៅ​នឹង​ការ​ប្រមាថ​ស្រ្តី ​ដែល​ជាអ្នក​សារព័ត៌មាន​VOD​កាល​ពីពេល​ថ្មីៗនេះ។​

លោក ផែង វណ្ណៈ ម្ចាស់គេហទំព័រព័ត៌មាន Pheng Vannak News
លោក ផែង វណ្ណៈ ម្ចាស់គេហទំព័រព័ត៌មាន Pheng Vannak News © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ក្រសួងកិច្ចការនារីបានបង្ហាញជំហរប្រឆាំងយ៉ាងដាច់ណាត់ ចំពោះសកម្មភាពនិងទង្វើដែលមានចរិតអសីលធម៍ ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ស្រ្តីខ្មែរ។ ជាសកម្មភាព ដែលក្រសួងចាត់ទុកថា ជាគំរូមិនល្អ ដល់យុវជន យុវតី កុមារា កុមារីជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងរបស់ប្រទេសជាតិ។

ទោះយ៉ាងណាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី គឺធ្វើឡើងជាទូទៅ ដោយមិនសំដៅទៅរកបុគ្គលណាម្នាក់នោះទេ ក៏ប៉ុន្តែគេអាចដឹងបានថាសេចក្តីប្រកាសនេះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ ដែលបានស្នើឲ្យក្រសួងពាក់ព័ន្ធចំនួន៤ រួមមានក្រសួងកិច្ចការនារី ក្រសួងវប្បធម៍​និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងក្រសួងព័ត៌មានចាត់វិធានការ និងទាមទារឲ្យលោក ផែង វណ្ណៈម្ចាស់គេហទំព័រព័ត៌មាន Pheng Vannak News ទទួល​ស្គាល់​កំហុស និង​កែ​តម្រូវពាក្យពេចន៍​ប្រមាថ ម៉ាក់ងាយ​ និង​សុំទោសជាសាធារណៈ ​ចំពោះ​ស្ត្រីម្នាក់ជាអ្នក​សារព័ត៌មានវីអូឌីនោះ។

កន្លងមកសង្គមស៊ីវិល បានបង្ហាញការព្រួយបារម្ភ និង​មើល​ឃើញថា ​ការប្រើប្រាស់ភាសារបស់លោក​ផែង វណ្ណៈ លើ​ស្ត្រីអ្នក​កាសែត គឺជាការ​បៀតបៀន​លើ​វិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ដែល​អាចជាកត្តាមួយ​កាន់តែធ្វើឲ្យ​ចំនួន​អ្នក​សារព័ត៌មានជាស្ត្រីកាន់តែថយ​ចុះ។ ប្រការទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពផ្លូវកាយ ផ្លូវចិត្ត និងលទ្ធភាពក្នុងការបំពេញវិជ្ជាជីវៈរបស់ពួកគេ ហើយក៏អាចជាកត្តាបន្ទច់ បង្អាក់ស្រ្តីផ្សេងទៀត មិនឲ្យចាប់អាជីពការងារក្នុងវិស័យសារព័ត៌មានផងដែរ។

សូមរំលឹកថា លោកផែង វណ្ណៈ ម្ចាស់គេហទំព័រ Pheng Vannak News តាមរយៈបណ្ដាញសង្គមរបស់ខ្លួន បានប្រើពាក្យសម្ដីអសីលធម៍ ដល់អ្នកសារព័ត៌មានស្រ្តី VOD ជុំវិញព័ត៌មាន​មួយពាក់​ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត។ ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យ​បិទអាជ្ញាប័នវីអូឌីនេះរួចហើយ ដោយចោទថាល្មើសនឹងច្បាប់ស្ដីរបបសារព័ត៌មាន។

ក៏ប៉ុន្តែ ការប្រើភាសារបស់លោកផែង វណ្ណៈ គឺជារឿងមួយផ្សេងទៀត ដែលប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរ ជាពិសេស សេចក្ដីថ្លៃថ្នូររបស់សាមីខ្លួន។ យ៉ាងណាមិញ លោក ផែង វណ្ណៈកាលពីថ្ងៃទី១៤កុម្ភៈ បានឆ្លើយតបដោយបង្ហោះសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល ដែលមានស្នាមគូសខ្វែងចោល និងបានប្រកាសថាសេចក្ដី​ថ្លែងការណ៍​នេះ​ គ្មាន​តម្លៃ​សម្រាប់​កម្ពុជា​ ហើយក៏គ្មានតម្លៃ​សម្រាប់​លោក ​ ធ្វើ​ការ​សុំទោស​ដែរ​ ដោយលោកឆើ្លយតបថាលោកមិនបាន​មើលងាយ​ស្ត្រី​ខ្មែរ​នោះទេ​ ដោយអ្វី​ដែល​លោក​សរសេរនេះ គឺ​គ្រាន់​តែ​ជាឧទាហរណ៍តែ​ប៉ុណ្ណោះ​។ លោកឆ្លៀតគូសបញ្ជាក់ថា លោកសុខចិត្តសុំទោសអ្នកសារព័ត៌មានស្រ្តីម្នាក់នេះ​ បើអង្គភាពសារព័ត៌មាននិងអង្គការសង្គមស៊ីវិល បង្គាប់ឲ្យលោកសម រង្ស៊ី សុំទោសដែរ ក្នុងករណីដែលលោកចោទថាបានប្រមាថលើសាកសពប្អូនថ្លៃលោកនាយករដ្ឋមន្រ្តីហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ