អានតួអត្ថបទ
កម្ពុជា-សង្គម

អគ្គិសនី​កម្ពុជាថា​ ឆ្នាំ​នេះ​ពលរដ្ឋ​មិន​ខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ឡើយ

អគ្គិសនី​កម្ពុជា​អះអាង​ថា ​ប្រជាពលរដ្ឋ​មិន​គួរ​ព្រួយ​បាម្ភ​ឡើយ​ទាក់​ទិន​នឹង​កង្វះខាត​នៃតម្រូវការ​ប្រើប្រាស់ ​និង​ផ្គត់ផ្គង់​ប្រភពថាមពល​អគ្គិសនី​នៅឆ្នាំនេះ ​ជាពិសេស​ក្នុង​រដូវប្រាំង។​  មិនគួរ​ឱ្យព្រួយបាម្ភ​ ក៏ហេតុថា ​អគ្គិសនី​កម្ពុជា​បាន​អភិវឌ្ឍ ​និង​បង្កើត​នូវអនុភាព​ថាមពល​ប្រភព​អគ្គិសនី​ឱ្យកើន​ដល់ជាង​៤ពាន់​៥រយ​មេហ្គាវ៉ាត់​រួច​មក​ហើយ ​ខណៈពលរដ្ឋ​ទូទាំង​ប្រទេស​មាន​តម្រូវការ​ប្រើប្រាស់​ថាមពល​ត្រឹមជាង​២ពាន់​មេហ្គាវ៉ាត់​នៅពេលថ្ងៃ ​និង​ពេល​យប់​មាន​ត្រឹម​ជាង​១ពាន់​មេហ្គាវ៉ាត់​ប៉ុណ្ណោះ។ ​បើតាម​អគ្គិសនី​កម្ពុជា​។  

ការតបណ្តាញថាមពលអគ្គិសនី
ការតបណ្តាញថាមពលអគ្គិសនី © Internet
ផ្សាយពាណិជ្ជកម្ម

លោក កែវ រតនៈ អគ្គនាយកនៃអគ្គសនីកម្ពុជា​បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា នៅឆ្នាំនេះ អគ្គិសនីកម្ពុជាបានបង្កើនអនុភាពថាមពលនៃប្រភពអគ្គិសនីកើនដល់ជាង៤ពាន់៥រយមេហ្គាវ៉ាត់កាលពីចុងឆ្នាំ២០២២ ហើយបរិមាណថាមពលបានកើនឡើងពី១៣ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២១ មកដល់ជាង១៥ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ កំពុងតែបង្កើនអនុភាពបន្ថែមទៀត។

លោកបន្តថា ប្រជាពលរដ្ឋនឹងមិនខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ឡើយទាំងនៅឆ្នាំនេះ និងឆ្នាំខាងមុខទៀត ពីព្រោះអគ្គិសនីកម្ពុជាបានបង្កើតអនុភាពថាមពលអគ្គិសនីកើនដល់ជាង៤ពាន់៥រយមេហ្គាវ៉ាត់នៃអនុភាពប្រើប្រាស់ប្រចាំថ្ងៃ ខណៈពលរដ្ឋមានតម្រូវការថាមពលអគ្គិសនីជាង២ពាន់២រយមេហ្គាវ៉ាត់សម្រាប់ប្រើប្រាស់នៅពេលថ្ងៃ និងនៅពេលយប់តម្រូវការប្រើប្រាស់ថយចុះមកត្រឹមជាង១ពាន់មេហ្គាវ៉ាត់។

ដោយឡែក នៅចំពោះមុខការដាច់ចរន្តអគ្គិសនីជាញឹកញាប់នារដូងប្រាំងកន្លងមក លោក កែវ រតនៈឱ្យដឹងថា  អាចហេតុថា មានភាពរអាក់រអ៊ូលផ្នែកស្តារហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដូចជាការជីកប៉ះខ្សែអគ្គិសនី និងការឆ្លងចរន្តអគ្គិសនីដោយយថាហេតុណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកថា បរិមាណថាមពលដែលអគ្គិសនីកម្ពុជាត្រៀមផ្គង់ផ្គង់ជូនពលរដ្ឋនៅឆ្នាំនេះ នឹងមិនខ្វះខាតនោះទេ។

បើតាម អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ អគ្គិសនីកម្ពុជាក៏នឹងមិនដំឡើងថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះដែរ បើទោះបីតម្លៃថ្លៃដើមពីបណ្តាប្រទេសផលិតអគ្គិសនីផ្សេងៗទៀតកំពុងមានការកើនឡើងក្តី។ មិនដំឡើងថ្លៃ ក៏ព្រោះថា បច្ចុប្បន្នកម្ពុជាមានសមត្ថភាពផលិតថាមពលអគ្គិសនីស្អាតបានចំនួនជាង៦០ភាគរយទៅហើយ។ និងសល់មួយផ្នែកទៀត កម្ពុជាបានបន្តទិញថាមពលអគ្គិសនីពីប្រទេសជិតខាង ដើម្បីធានាបាននូវតម្លៃសមរម្យ ចំណេញដល់បរិស្ថាន និងសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា សព្វថ្ងៃនេះ អាជ្្ញាធរអគ្គិសនី និងសេវាករឯកជនបានផ្គត់ផ្គង់អគ្គិសនីប្រមាណជាង៩៩%នៃចំនួនភូមិសរុបនៅទូទាំងប្រទេសកម្ពុជា ដោយសល់១%ទៀត ឬភូមិចំនួន៨៨ ពុំទាន់មានការផ្គង់ផ្គង់អគ្គិសនីពីបណ្តាញជាតិទៅដល់។ ភូមិដែលនៅសល់នោះ ភាគច្រើនមានសភាពលំបាកដែលអាជ្្ញាធរអគ្គសនីមិនអាចតភ្ជាប់បានភ្លាមៗ និងខ្លះជាភូមិលើទឹកជាដើម។

ចំពោះភូមិមិនទាន់តភ្ជាប់បណ្តាញអគ្គិសនីជាតិ បើតាមការបញ្ជាក់បន្ថែមពីលោក កែវ រតនៈ គឺថា អគ្គិសនីកម្ពុជាកំពុងពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីស្នើសុំជំនួយឥតសំណងពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ វិស័យឯកជននានា ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីដែលប្រើប្រាស់ថាមពលព្រះអាទិត្យជាបណ្តោះអាសន្នសិន។

ហើយយ៉ាងហោចណាស់ កម្ពុជាក៏ត្រូវការទុនប្រមាណ១១ពាន់លានដុល្លារសម្រាប់អភិវឌ្ឍផែនការអគ្គិសនីពីចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០៤០។ ក្នុងនោះ ទំហំទុនជាង៩ពាន់លានដុល្លារ នឹងបើប្រាស់សម្រាប់អភិវឌ្ឍប្រភពអគ្គិសនី និងជាង១ពាន់៨រយលានដុល្លារទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធបញ្ចូនតង់ស្យុងខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ