អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គម​ស៊ីវិល៖​ សិទ្ធិ​សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌​កម្ពុជា ​ចំណុច​ខ្វះខាត​អាច​នឹង​ត្រូវ​លើក​ច្រើន

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ទៅចូល​រួម​ការពារ​របាយការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កតិ​កា​សញ្ញាអន្តរជាតិ​ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែកុម្ភៈ។ បើតាមសង្គមស៊ីវិល នៅក្នុងសម័យប្រជុំលើកទី៧៣ នៃការគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ គេអាចនឹងលើកពីសមិទ្ធផលរបស់កម្ពុជាតិច ប៉ុន្តែចំណុចដែលត្រូវកែកម្អអាចនឹងត្រូវគេលើកច្រើនក្នុងសម័យប្រជុំនេះ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការលីកាដូ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា នៅក្នុងសម័យប្រជុំលើកទី៧៣ នៃការគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គេនឹងធ្វើការត្រួតពិនិត្យរបាយការណ៍របស់កម្ពុជា ហើយបន្ទាប់មកគេនឹងផ្ដល់ជាអនុសាសន៍ដល់កម្ពុជា ក្នុងការការពារនូវរបាការណ៍របស់ខ្លួន។ បើតាមលោក អំ សំអាត នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការសិទ្ធិសេដ្ឋ សង្គម និងវប្បធម៌របស់អង្គការសហប្រជាជាតិអាចនឹងលើកពីចំណុចខ្វះខាត និងនៅតែមានការរំលោភបំពាន ជាពិសេសសិទ្ធិទាំង៥ គឺសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

នាយកប្រតិបត្តិនៃអង្គការលីកាដូរូបនេះ បានអះអាងថា ចុងក្រោយនេះ បញ្ហាចម្រូងចម្រាសនៅកម្ពុជា គឺគេលើកឡើងអំពីសេរីភាពចំនួន៤ ដែលនៅមានបញ្ហា គឺសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ លំហរសេរីភាពអ្នកសារព័ត៌មាន លំហរសេរីភាពសមាគមអង្គការសង្គមស៊ីវិលនិងសហជីព និងលំហរសេរីភាពខាងផ្នែកនយោបាយ។

ប៉ុន្តែលោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ បានលើកឡើងថា បញ្ហាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ សម្រាប់កម្ពុជា គឺកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់ ទាំងសេដ្ឋកិច្ច ទាំងការងារ ទាំងការអប់រំ ទាំងសាសនា និងវិស័យសុខាភិបាលជាដើម គឺកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់​។ បើតាមលោក កត្តា អ៊ន នៅក្នុងការការពារនូវរបាយការណ៍របស់ខ្លួន កម្ពុជាក៏នឹងទទួលនូវអនុសាសន៍មួយចំនួនដែលបណ្ដាប្រទេសផ្សេងៗលើកឡើងនូវចំណុចខ្វះខាត ដែលកម្ពុជាធ្វើមិនទាន់បានផងដែរ។

បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  កម្ពុជាបានដាក់របាយការណ៍ផ្គួបលើកទី៥ ទី៦ និងទី៧ ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នេះ នៅខែតុលា ឆ្នាំ២០១៩ និងបានផ្ញើជូននូវការឆ្លើយទៅនឹងបញ្ជីបញ្ហានេះ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ។

ស្ថាប័នដែលទៅចូលរួមការពារនូវរបាយការណ៍នេះ មានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រសួងចំនួន៤ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអបរំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ