អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួង​សុខាភិបាល​បញ្ជាក់​ថាកុមារី​នៅខេត្ត​ព្រៃវែង​ពិត​ជា​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី H5N1

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​នៃក្រសួង​សុខាភិបាល ​(CDC)​ កាល​ពីថ្ងៃ​ទី២២ ​ខែកុម្ភៈ​ បាន​ប្រកាស​ពីករណី​រក​ឃើញ​កុមារី​ម្នាក់​ មាន​អាយុ១១ឆ្នាំ​ រស់នៅ​ភូមិ​រលាំង​ ឃុំរំលេច ​ស្រុកស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី ​H5N1។​ ការ​ប្រកាស​នេះ ​ក្រោយ​ពីក្រុម​គ្រូពេទ្យ​បាន​យក​សំណាក់​ពីកុមារី​នោះ ​ទៅធ្វើរោគវិនិច្ឆ័យ​ហើយ​រក​ឃើញថា ​ពិតជាមាន​ជំងឺផ្តាសាយបក្សី H5N1មែន។​

ជំងឺផ្តាសាយបក្សី H5N1
ជំងឺផ្តាសាយបក្សី H5N1 © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយពីកុមារីម្នាក់ស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថាក្រុមគ្រូពេទ្យគ្រប់ឯកទេសបាននិងកំពុងបន្តចុះពិនិត្យស្រាវជ្រាវលើមនុស្ស និងសត្វនៅតំបន់នោះ ក្រែងនៅមានអ្នកឆ្លងជំងឺផ្តាសាយបក្សី H5N1នេះ ដើម្បីងាយស្រួលគ្រប់គ្រងនិងព្យា បាលសម្រាប់អ្នកឆ្លង។

យ៉ាងណាមិញបើតាមនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC កុមារីដែលស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H5N1នោះ បានចាប់ផ្តើមឈឺនៅថ្ងៃទី១៦ កុម្ភៈ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ CDC បានអះអាងថាក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្តើម​ហត់ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។ 

នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកុម្ភៈ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផលថ្ងៃទី២២ ខែកុម្ភ: បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1។ ទន្ទឹមគ្នានេះ CDC ក៏បានក្រើនរំលឹកប្រជាពលរដ្ឋកុំឲ្យប៉ះពាល់សត្វឈឺឬងាប់​ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ​ ហើយអ្នកសង្ស័យសូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬ​ទូរស័ព្ទ​ទៅ​លេខ១១៥។​

បើតាមលោកវេជ្ជ​បណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៣នេះ កម្ពុជារកឃើញអ្នកឆ្លង​ជំងឺផ្តាសាយបក្សី H5N1 ៥៧ករណី ធ្វើឲ្យមានអ្នកស្លាប់សរុប ៣៨នាក់ហើយ។

ទាក់ទិនទៅនឹងរកឃើញកុមារីដែលស្លាប់ដោយជំងឺផ្តាសាយបក្សី H5N1នេះ ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងការពារកុំឲ្យឆ្លងជំងឺផ្តាសាយបក្សីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ជាពិសេសកុំបរិភោគសត្វដែលងាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ