អានតួអត្ថបទ
កម្ពុជា-សង្គម

ការ​បង្កើត​សហជីព​ និង​សិទ្ធិ​ធ្វើ​កូដកម្ម​ ត្រូវ​បាន​ចោទសួរ​អំឡុង​ពេល​កម្ពុជា​ឡើង​ការពារ​របាយការណ៍​នៅUN

ការ​អនុវត្ត​សិទ្ធិ​បង្កើត​សហជីព​ និង​សិទ្ធិ​ធ្វើកូដកម្ម​ ត្រូវ​បាន​ចោទ​សួរ​អំឡុង​ពេល​កម្ពុជា​ឡើង​ការពារ​របាយការណ៍ជាតិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌​របស់​កម្ពុជា​(ICESCR)។​ នេះ​បើ​តាម​បាយការណ៍​នៃកិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​សិទ្ធិ​សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌​នៃអង្គការ​សហប្រជាជាតិ​ កាលពីថ្ងៃទី២២​ ខែកុម្ភៈ​ ខណៈ​ដែល​ប្រតិភូ​កម្ពុជា​ឆ្លើយ​តប​ចំពោះ​ការ​ចោទសួរ​នោះថា​ កម្មករ​ទាំង​អស់​នៅ​កម្ពុជា​មាន​សិទ្ធិ​ធ្វើកូដកម្ម​តាម​ច្បាប់។​

កូដករ (រូបតំណាង)
កូដករ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូកម្ពុជា ការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ជារបាយការណ៍ផ្គួបលើកទី៥ ទី៦ និងទី៧ពីប្រទេសកម្ពុជា សម្រាប់សម័យប្រជុំលើកទី៧៣ របស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃអង្គការសហប្រជាជាតិ។

ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង សម្រាប់ការតាមដាន និងការធ្វើឲ្យប្រសើឡើងនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ជាសមាជិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

បើតាមសេចក្តីសង្ខេបនៃកិច្ចប្រជុំការពារនោះអ្នកជំនាញនៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌បានចោទសួរប្រតិភូកម្ពុជាជាច្រើនសំនួរពាក់ព័ន្ធជាពិសេសទៅនឹងបញ្ហាពុករលួយ ច្បាប់ប្រឆាំងការរើសអើង ស្ថានភាពសេដ្ឋកិច្ច បញ្ហាសិទ្ធិដីធ្លី ការងារចំណាកស្រុក តម្លាភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស ផលប៉ះពាល់កូវីដ១៩ ការទទួលបានការអប់រំ និងពលកម្មកុមារជាដើម។ ក្រៅពីនេះអ្នកជំនាញក៏បានចោទសួរថាតើ​កម្មករ​អាច​អនុវត្ត​សិទ្ធិ​បង្កើត​សហជីព និង​ធ្វើ​កូដកម្ម​ជាក់ស្តែង​បាន​ទេ?

គណៈប្រតិភូកម្ពុជាបានឆ្លើយបញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​បង្កើត និង​ចូលរួម​សហជីព។ តាមរយៈច្បាប់ស្តីពីសហជីព ដែលត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ២០២០ សហជីពអាចចុះបញ្ជីនៅថ្នាក់ខេត្តណាមួយ ហើយចំណុចនេះបាននាំឱ្យមានការកើនឡើងនៃចំនួនសហជីព។ កម្ពុជាបញ្ជាក់ថាកម្មករទាំងអស់នៅកម្ពុជាមានសិទ្ធិធ្វើកូដកម្មតាមច្បាប់ជាតិ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ហៅកាត់ថា CUMW លោក ប៉ាវ ស៊ីណា បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ អំឡុងឆ្នាំ២០២០មក សេរីភាពសហជីពបានរងការធ្វើទុក្ខបុកម្នេញ ដោយនិយោជកយកលេសអត់ការងារធ្វើ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ​។ លោក ប៉ាវ ស៊ីណា​ បានអះអាងទៀតថាតំណាងសហជីពខ្លះ ត្រូវជាប់ពន្ធនាគារទៀតផង បន្ទាប់ពីមានការប្តឹងពីក្រុមហ៊ុន។

គិតតែក្នុងឆ្នាំ២០២២ ក្រសួងបានចុះបញ្ជី អង្គការវិជ្ជាជីវៈបានចំនួន ២៦៨ក្នុងនោះមានសហជីពមូលដ្ឋាន ២៥២ សហព័ន្ធសហជីព ១៥ និងសមាគមនិយោជក ១បន្ថែម។ ចំនួននេះ នាំឱ្យបញ្ជិកាគិតត្រឹមឆ្នាំ២០២២ មានសរុបកើនដល់ ៦,០១៤ ក្នុងនោះ៖ សហជីពមូលដ្ឋាន៥,៦៩៤ សហព័ន្ធសហជីព២៦៧ សហភាពសហជីព៤០ និងសមាគមនិយោជក១៣។

តាមរយៈតួលេខនេះ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ អះអាងថា ការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅតែត្រូវបានធានា និងលើកកម្ពស់ មិនថាស្ថិតក្នុងកាលៈទេសៈនៃការផ្ទុះការរាលដាលនៃជំងឺកូវីដ១៩នោះទេ។ លោក ថាក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ