អានតួអត្ថបទ
កម្ពុជា-នយោបាយ

សំណុំរឿងណាហ្គាវើលដ៍៖លោក ហ៊ុន សែន ថា មានអ្នកទំនុកបំរុងកម្មករ តែសង្គមស៊ីវិលប្រកែក

 ជាលើកដំបូងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះបាននិយាយដោយប្រយោលលើសំណុំរឿងរបស់កូដករណាហ្គាវើលដ៍។ ផ្ដើមពីវិបត្តិអត់ការងារធ្វើក្នុងពិភពលោកអំឡុងពេលកូវីដ១៩ លោកនាយករដ្ឋមន្ត្រីក៏បានទាញភ្ជាប់សំណុំរឿងកូដករណាហ្គាវើលដ៍ទៅជាមួយដោយអះអាងថា ប្រសិនបើគ្មានការគាំទ្រពីក្រោយខ្នងតើពួកគេមានលទ្ធភាពឯណាធ្វើកូដកម្មជាង១ឆ្នាំនោះ? បើតាមនាយករដ្ឋមន្ត្រីលោកបានដាក់សំណួរនេះទៅកាន់ភ្ញៀវបរទេសម្នាក់ដែលទំនងជាចោទសួរលោកលើបញ្ហានេះ។ 

កូដករណាហ្គាវើលដ៍
កូដករណាហ្គាវើលដ៍ © Internet
ផ្សាយពាណិជ្ជកម្ម

 

បើទោះជាមិននិយាយឲ្យចំឈ្មោះក៏គេដឹងស្មាន លោក ហ៊ុន សែន សំដៅដល់វិវាទរវាងក្រុមហ៊ុនណាហ្គាវើលដ៍និងបុគ្គលិកដែលចេញតវ៉ារកដំណោះស្រាយ ខណៈវិបត្តិនេះអូសជើងជាង១ឆ្នាំទៅហើយ។ ជាង១ឆ្នាំមកនេះ បើតាមលោក ហ៊ុន សែន ប្រសិនបើគ្មានអ្នកទំនុកបំរុងពីក្រោយទេ តើពួកគេមានលទ្ធភាពឯណាចេញធ្វើបាតុកម្ម។ ទន្ទឹមនឹងនេះលោកក៏ព្រមានវែកមុខ និងចាប់ខ្លួនអ្នកនៅពីក្រោយរឿងនេះដែរ។ លោកប្រមុខរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា ការតវ៉ាតាំងពីមានអ្នកចូលរួមជាង៣០០នាក់ធ្លាក់មកនៅជាង១០០នាក់ ដោយសារតែកម្មករភាពច្រើនយល់ព្រមទទួលសំណង់ និងចេញធ្វើការងារថ្មី តាមរយៈការជួយជ្រោមជ្រែងពីក្រសួងការងារ។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានការពារថា ការធ្វើកូដកម្មគឺជាសិទ្ធមូលដ្ឋានរបស់កម្មករដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ  តែបែរជាអាជ្ញាធរនិយាយថា ការធ្វើកូដកម្មរបស់កម្មករជារឿងខុស​នីតិវិធីទៅវិញ។ បើតាមលោក ឃុន ថារ៉ូ គេមិនគួរចាត់ទុកការធ្វើកូដកម្មរបស់កម្មករណាហ្គាវើលដ៍ទៅជាការធ្វើបាតុកម្មក្នុងទម្រង់បរិបទនយោបាយនោះទេ ហើយវិវាទការងារនេះងាយដោះស្រាយព្រោះវាបានកើតឡើងដោយការបញ្ឈប់កម្មករខុសពីនីតិវិធីដែលមានចែងក្នុងច្បាប់។ ចំពោះការចោទថា កម្មករទទួលបានមូនិធិជាថ្នូរនឹងការធ្វើបាតុកម្មគឺជាចោទប្រកាន់ដោយមិនមើលមូលដ្ឋានច្បាប់ព្រោះកុំភ្លេចថា កម្មករណាហ្គាវើលដ៍ជានីតិបុគ្គលដែលមានសហជីពជាតំណាងទទួលបានវិភាគទានពីសមាជិក អង្គការដៃគូ ដើម្បីទ្រទ្រង់ប្រតិបត្តិការនៃសកម្មភាពរបស់ខ្លួន។​

មាត្រា២២នៃច្បាប់ស្ដីពីសហជីពត្រង់ចំណុច(គ) ចែងថា អំណោយនិងជំនួយធនធានហិរញ្ញវត្ថុដែលទទួលបានដោយស្របច្បាប់ពីសមាជិកសហជីពឬសមាគមនិយោជកឬភាគីផ្សេងៗទៀត សម្រាប់បម្រើឲ្យសកម្មភាពស្រចច្បាប់។

បច្ចុប្ប​ន្នកូដករណាហ្គាវើលដ៍មួយចំនួនកំពុងប្រឈមបទល្មើសព្រហ្មទណ្ឌ៤ករណី។ ទី១-បទញុះញង់ ទី២-បំពានច្បាប់កូវីដ១៩ធ្វើបាតុកម្មអំឡុងពេលជំងឺកូវីដ១៩រីករាលដាល ទី៣-ក្រុមហ៊ុនប្ដឹងកម្មករទៅសាលាដំបូងរាជធានីភ្នំពេញ ទី៤-ក្រុមហ៊ុនប្ដឹងកម្មករពីរំលោភលើទ្រព្យសម្បត្តិឯកជននៅពេលដែលកូដករធ្វើកូដកម្ម។ ​

គួរជម្រាបជូនថា សាលាដំបូង​រាជធានី​ភ្នំពេញនៅថ្ងៃទី២១កុម្ភៈបាន​បើក​សវនាការ​ជំនុំ​ជម្រះអតីត​ថ្នាក់​ដឹកនាំ​សហជីពណា​ហ្គាវើលដ៍​ចំនួន​៩​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»។ ក្នុង​ចំណោម​សហជីព​ទាំង​៩​នាក់​នោះ មាន​តែ​កញ្ញា ឈឹម ស៊ីថរ ទេ ដែល​កំពុង​ជាប់​ពន្ធនាគារ ក្រោយ​កញ្ញា​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រោម​បទ​ចោទ​ថា​បំពាន​បម្រាម​របស់​តុលាការ ដែល​ហាម​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស។ សហជីព​៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ។

​គួរ​រំឭក​ផង​ដែរ​ថា ​បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជា​ច្រើន​ខែ ​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​១.៣២៩​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ កាល​ពីខែ​មេសា ​ឆ្នាំ​២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ