អានតួអត្ថបទ
កម្ពុជា-សង្គម

លីកាដូ៖​ កម្ពុជា​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ឃាតកម្ម​លើ​ស្ត្រី​ពី​សំណាក់​ដៃគូ​ស្និទ្ធស្នាល

 អង្គការ​សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ ​នៅថ្ងៃសុក្រ​នេះ ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ​ស្តី​អំពី​ ភាពបរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ឃាតកម្ម​លើស្ត្រី​ពី​សំណាក់​ដៃគូស្និទ្ធស្នាល។​ របាយការណ៍​របស់​អង្គការ​លីកាដូ ​បាន​រក​ឃើញថា​ មាន​អំពើ​ឃាតកម្ម​កើត​ឡើង​លើស្រ្តី​ចំនួន​២៦នាក់​ ពីសំណាក់​ដៃគូ​ស្និទ្ធស្នាល ​ក្នុង​ចន្លោះ​ឆ្នាំ​២០២០​ដល់២០២២។​

រូបតំណាង ស្ត្រីរងការធ្វើអំពើហិង្សាពីបុរស
រូបតំណាង ស្ត្រីរងការធ្វើអំពើហិង្សាពីបុរស © Internet
ផ្សាយពាណិជ្ជកម្ម

ចាប់ពីខែមករាឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២២ មានអំពើឃាតកម្មលើស្ត្រីចំនួន២៦នាក់ ដែលប្រព្រឹត្តដោយដៃគូស្និទ្ធស្នាលបច្ចុប្បន្ន និងអតីតដៃគូរបស់ពួកគេ ដោយក្នុងនោះមាន កុមារចំនួន៥នាក់ និងបុរសម្នាក់ ត្រូវបានសម្លាប់ជាមួយនឹងស្ត្រីរងគ្រោះទាំងនោះ។ នេះបើតាមការរកឃើញនូវក្នុងរបាយការណ៍របស់អង្គការលីកាដូ។

របាយការណ៍កម្រាស់២០ទំព័រ បានឲ្យដឹងថា ក្នុងករណីទាំង២៦ ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់ដោយដៃគូស្និទ្ធស្នាល រួមមាន ជាស្វាមី ១៦ករណី, ដៃគូស្និទ្ធស្នាល ៥ករណី, អតីតស្វាមី ២ករណី, និងអតីតដៃគូស្និទ្ធស្នាល ៣ករណី។ ក្នុងចំណោមស្ត្រីទាំង២៦រូប ដែលត្រូវបានសម្លាប់ មានអាយុចន្លោះពី២០ដល់៥៧ឆ្នាំ ដែលភាគច្រើនមានអាយុជាង៣០ឆ្នាំ។

អង្គការលីកាដូ បានកត់សម្គាល់ថា អំពើឃាតកម្មលើស្ត្រីពីសំណាក់ដៃគូស្និទ្ធស្នាល មានការកើនឡើង ដ្បិតមានស្ត្រី៦នាក់ និងកុមារម្នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២០។ ហើយក្នុងឆ្នាំ២០២១ មានឃាតកម្មលើស្ត្រីដល់ទៅ១៣នាក់ និងកុមារចំនួន៤នាក់។ រីឯ៦ខែនៃឆ្នាំ២០២២កន្លងទៅ មានអំពើឃាតកម្មលើស្ត្រីចំនួន៧នាក់។ តួលេខទាំងនេះ ត្រូវបានអង្គការលីកាដូ ចាត់ទុកថា ជាសញ្ញាដែលគួរឲ្យបារម្ភ ព្រោះបង្ហាញពីទំនោរថា ស្ត្រីកំពុងប្រឈមនឹងអំពើហិង្សាកាន់តែធ្ងន់ធ្ងរ។

អ្វីដែលអង្គការលីកាដូ កត់សម្គាល់ធ្ងន់បំផុត គឺនៅឆ្នាំ២០២១ ដែលអត្រាស្ត្រីនិងកុមារត្រូវបានសម្លាប់ ដោយដៃគូស្និទ្ធស្នាល ឈានដល់កម្រិតខ្ពស់បំផុត ក្នុងអំឡុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តវិធានការ កូវីដ១៩ យ៉ាងរឹតត្បិត។ តាមរបាយការណ៍ គឺរដ្ឋាភិបាលមិនបានផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយអំពីចំនួនអំពើហិង្សាលើស្ត្រី ហើយការរឹតត្បិតសកម្មភាពអំឡុងពេលអនុវត្តវិធានការកូវីដ១៩ បានធ្វើឲ្យស្ត្រីមួយចំនួនមិនអាចរាយការណ៍ពីអំពើហិង្សាក្នុងគ្រួសាររបស់ពួកគេ។

បើតាមអង្គការធ្វើការផ្នែកសិទ្ធិមនុស្សមួយនេះ គឺអំពើហិង្សានៅក្នុងគ្រួសារ មិនត្រូវបានទប់ស្កាត់ឡើយ បើទោះបីជាកម្ពុជាជាភាគីនៃអនុសញ្ញាស្តីពីការលុបបំបាត់គ្រប់នៃការរើសអើងប្រឆាំងលើស្ត្រី តាំងពីឆ្នាំ១៩៩២មក។ ស្រ្តីនិងកុមារនៅកម្ពុជា នៅតែប្រឈមនឹងការរំលោភបំពានសិទ្ធិ និងមិនត្រូវបានអើពើ។ មូលហេតុ គឺការព្រងើយកន្តើយពីស្ថាប័នច្បាប់ ការរារាំងស្ត្រីមិនឲ្យរាយការណ៍ព័ត៌មាន។ ហើយអ្វីដែលចម្បង គឺអំពើពុករលួយបានបន្តប៉ះពាល់ដល់ការតស៊ូរបស់ស្ត្រីដើម្បីសុវត្ថិភាព និងការគោរពសិទ្ធិរបស់ពួកគេ។ នេះបើតាមរបាយការណ៍របស់លីកាដូ។

នៅចំពោះមុខនៃអំពើឃាតកម្ម និងអំពើហិង្សាលើស្ត្រី បាននិងកំពុងកើនឡើង អង្គការលីកាដូ បានស្នើរដ្ឋាភិបាលឲ្យបង្កើតបរិយាកាសអំណោយផលដល់ស្ត្រី ដែលរងគ្រោះអាចរាយការណ៍ព័ត៌មានដោយសុវត្ថិភាពនិងឯករាជ្យ, រដ្ឋាភិបាលត្រូវត្រួតពិនិត្យឡើងវិញ និងធ្វើវិសោធនកម្មច្បាប់ដែលមានស្រាប់ ស្តីពីអំពើហិង្សាក្នុងគ្រួសារ, រៀបចំផែនការ និងផ្តល់ហិរញ្ញប្បទានដល់ប្រព័ន្ធជាតិ ក្នុងការផ្តល់ទីជម្រកដល់ស្រី្តនិងកុមារ ដែលរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ។ ល។ តាមលីកាដូ ប្រសិនបើរដ្ឋាភិបាលមិនមានចំណាត់ការទូលំទូលាយនោះទេ នោះស្រីនិងកុមារកម្ពូជា នឹងនៅតែមិនទទួលបានសុវត្ថិភាព និងសិទ្ធិរស់រានមានជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ