អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ប្រកាសជាថ្មីថាមិនញញើតនឹងប្រើគ្រប់មធ្យោបាយដើម្បីការពារសន្តិភាព

 ជាថ្មីម្តងទៀតនៅក្នុងឱកាសនៃពិធីបុណ្យទន្លេនៅឯខេត្តកំពង់ធំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមគ្នាដើម្បីការពារសន្តិភាពដែលលោកយល់ថារកបានដោយលំបាក។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានប្រកាសប្រើប្រាស់គ្រប់មធ្យោបាយដែរ ដើម្បីកំចាត់អ្នកដែលបំផ្លាញសន្តិភាព។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបុណ្យទន្លេនៅឯខេត្តកំពង់ធំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបុណ្យទន្លេនៅឯខេត្តកំពង់ធំ។ © FB/SPM
ផ្សាយពាណិជ្ជកម្ម

 

នៅចំពោះមុខមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថាលោកមិនខ្វល់ថាមានអ្វីកើតឡើងទេ អ្នកណាក៏ដោយដែលមានបំណង ឬធ្វើសកម្មភាពដើម្បីបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា លោកមិនញញើតជាមួយនឹងការប្រើគ្រប់មធ្យោបាយ និងវិធានការទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សាសន្តិភាព ធានាដល់ការអភិវឌ្ឍន៍ប្រទេស។

លោកនាយករដ្ឋមន្ត្រីបន្តការពារទ្រឹស្តីរបស់លោកថា សន្តិភាពត្រូវដើរមុនអ្វីៗទាំងអស់ បើគ្មានសន្តិភាពក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយក៏គ្មានអ្វីៗទាំងអស់។

ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ ត្រូវគេមើលឃើញថាបន្ទាប់ពីមានការរិះគន់មិនទាន់អស់ចំហាយពីសំណាក់ប្រទេសលោកខាងលិច អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ជុំវិញការកាត់ទោសលោក កឹម សុខា មេដឹកនាំនយោបាយប្រឆាំងឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិដោយឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ។

ក្រុមអង្គការសង្គមស៊ីវិល និងអ្នកតាមដាននយោបាយខ្មែរមួយចំនួន យល់ឃើញថាការប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការការពារសន្តិភាពដូច្នេះ មិនមែនជារឿងថ្មីទេ ដែលវោហាសាស្ត្រនេះត្រូវគេកត់សម្គាល់ថាច្រើនកើតមានពេលនយោបាយតានតឹង និងអំឡុងពេលមុនការបោះឆ្នោត។

ទោះយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល និងអ្នកតាមដាននយោបាយដដែល នៅតែអះអាងថាប្រទេសមួយដែលមានសន្តិភាពពេញលេញល្គឹកណាតែប្រជាជនមានសន្តិភាពទាំងផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ក៏ប៉ុន្តែលោក ហ៊ុន សែន បានច្រានចោលតាមរយៈវេទិកាជាច្រើនកន្លងមកថាលោកមិនអាចរកសន្តិភាពផ្លូវចិត្តឲ្យមនុស្សគ្រប់គ្នាបានទេ ដោយសារតែមានអ្នកខ្លះបានប្រព្រឹត្តខុសច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ