អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង ប្រាប់សាលាក្រុងឲ្យពិនិត្យមើលសំណង់ប៉ះផ្លូវសាធាណៈដែលធ្វើឲ្យខូចសោភ័ណភាពទីក្រុង

លោក​ឧប​នាយករដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ពិនិត្យ​អំពី​ករណី​សាងសង់​សំណង់​ខុស​ច្បាប់​ នៅ​លើ​ផ្លូវ​ និង​ចំណី​ផ្លូវ​សាធារណៈ​ឡើង​វិញ​ បន្ទាប់​ពី​លោក​កត់​សម្គាល់​ថា ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន។​ សម្រាប់​លោក ​ស ខេង​ សំណង់​មួយ​ចំនួន​បាន​នឹង​កំពុង​សាងសង់​បាន​ប៉ះពាល់​ដល់​សោភ័ណភាព​ទី​ក្រុង​ភ្នំពេញ ​ដ្បិត​បាន​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ។​

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកកម្ពស់ការងារឆ្នាំ២០២៣ របស់សាលាក្រុងភ្នំពេញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ បាននឹងកំពុងទាក់ទាញការវិនិយោគពីវិនិយោគិនក្នុងស្រុក​ និងពីបណ្តាប្រទេសនានា​ ដើម្បីអភិវឌ្ឍវិស័យដីធ្លី អចលនទ្រព្យ និងផលិតកម្ម សេវាកម្ម​ ដែលធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍទីក្រុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តែនៅទន្ទឹមនឹងការអភិវឌ្ឍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានកត់សម្គាល់ថា ទីក្រុងភ្នំពេញកំពុងប្រឈមនឹងការរំលោភបំពានដីសាធារណៈ ដ្បិតសំណង់មួយចំនួនបានសាងសង់នៅលើផ្លូវ និងចំណីផ្លូវរបស់រដ្ឋ។ បើតាមលោក ស ខេង បញ្ហានេះ គឺសាលាក្រុងភ្នំពេញត្រូវតែពិនិត្យឡើងវិញ និងចាត់វិធានការឲ្យទាន់ពេលវេលា។ នេះក៏ព្រោះថា សំណង់ទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពរបស់ទីក្រុងទាំងមូល។

លោក ស ខេង បានគូសបញ្ជាក់ថា បញ្ហានេះ សាលាក្រុងភ្នំពេញត្រូវតែទប់ស្កាត់ ការសង់សំណង់គ្មានច្បាប់អនុញ្ញាត ក៏ដូចជាសំណង់ទាំងឡាយណា ដែលបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានរបស់ទីក្រុង។ តាមលោក ស ខេង អាជ្ញាធរត្រូវពង្រឹងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ស្ដីពីសំណង់ លិខិតបទដ្ឋានពាក់ព័ន្ធ និងបទដ្ឋានបច្ចេកទេស ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា សំណង់ខុសច្បាប់ ដោយរំលោភបំពានផ្លូវបំពានសាធារណៈ បានក្លាយជាបញ្ហាដែលរដ្ឋាភិបាលយកមកជជែក ក្រោយសំណង់អគារខ្ពស់ៗជាច្រើន បាននិងកំពុងរីកដូចផ្សិតក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត។ ករណីសំណង់អគារខុសច្បាប់មួយចំនួន ដែលអាចសាងសង់បាន ត្រូវបានធនាគារពិភពលោកយល់ថា ដោយសារតែការសាងសង់ជាមុន រួចផ្តល់អាជ្ញាបណ្ណជាក្រោយ។ តាមរបាយការណ៍ធនាគារពិភពលោក កាលពីឆ្នាំ២០១៨ គឺ ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ ​គុណភាព​អន់ថយ​នៃ​សំណង់​លំនៅដ្ឋាន​ ​និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទីប្រជុំជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ