អានតួអត្ថបទ
កម្ពុជា-សង្គម

តើអ្វីទៅជាដើមចមនាំឲ្យមានរដ្ឋប្រហារ១៨មីនា១៩៧០?

ថ្ងៃ​ទី​១៨ ​ខែ​មីនា ​ឆ្នាំ​២០២៣​នេះ ​គឺ​ជា​ខួប​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​៥៣​ឆ្នាំ​មុន​ (១៨​ មីនា​ ឆ្នាំ​១៩៧០​) ​ទម្លាក់​សម្តេច​ សីហនុ ​ចេញពី​ប្រមុខ​រដ្ឋ ​ដោយក្រុម​សេនា​ប្រមុខ​ លន់ ​នល់​។ ​ការធ្វើ​រដ្ឋ​ប្រហារ​នេះ ​កើត​ឡើង​នៅ​អំឡុង​ពេល​សម្តេច​ សីហនុ ​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ ​អឺរ៉ុប​ សហ​ភាព​សូ​វៀត ​និង​ចិន​។​ គ្រា​នោះ​បាតុកម្ម​ប្រឆាំង​ វៀត​ណាម ​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​បាន​ផ្ទុះ​ឡើង​នៅ​ភ្នំពេញ​។​ តើ​អ្វី​ទៅ​ជា​ដើម​ចម​នាំ​ឲ្យ​មាន​រដ្ឋ​ប្រហារ​១៨​មីនា​១៩៧០​?​

សេនា​ប្រមុខ​ លន់ ​នល់
សេនា​ប្រមុខ​ លន់ ​នល់ © Internet
ផ្សាយពាណិជ្ជកម្ម

 

ការអប់រំខុស ការសម្រេចខុស​របស់អ្នក​ដឹក​​នាំខ្មែរ​សម័យនោះ គឺជាដើមចម​ធំជាងគេ ដែលនាំឲ្យមាន​រដ្ឋ​ប្រហារ​ថ្ងៃ​១៨មីនា១៩៧០។ នេះគឺជាកត់សំគាល់របស់លោក សំបូរ មាណារ៉ា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ។

មាន​មនុស្ស​៣​នាក់​ជា​មេគំនិត​នាំឱ្យមានរដ្ឋប្រហារទម្លាក់​សម្តេច សីហនុ គឺព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ សេនាប្រមុខ លន់ នល់ និងអ៊ិន តាំ។​

ប៉ុន្តែ សាស្ត្រាចារ្យ សំបូរ មាណារ៉ា លើកឡើងថា ក្នុងចំណោម​មេដឹកនាំទាំង៣រូបនេះ មិនមែនជាអ្នកបង្កើតឲ្យមានព្រឹត្តិការណ៍​រដ្ឋប្រហារនោះទេ តែលោកថាក្នុងនោះគឺ ​ ​លន់ ណុន ជាប្អូន​បង្កើតរបស់ លន់ នល់ គឺ​ជា​មនុស្ស​ខ្ចីដៃ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ ធ្វើឱ្យ​រដ្ឋ​ប្រហារដោយ​ជោគជ័យ។ លន់ ណុន បាន​ធ្វើការ​ជា​ច្រើនជាង លន់ នល់ និងជា​មនុស្ស​ម្នាក់​ចេញ​មុខ​ទទួលខុសត្រូវ​ក្នុងការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​សម្តេច សីហនុ ។

បើតាមលោក សំបូរ មាណារ៉ា ការ​បណ្តុះ​មនោគវិជ្ជាឲ្យស្អប់ វៀតណាម ស្អប់អ្នកចេះដឹង ស្អប់អ្នកមាន​គឺជាការ​បំផុសគំនិត​យុវជនអ្នកក្រឲ្យ​ងើបឡើង​ប្រឆាំងនឹងរបប​សង្គមរាស្ត្រនិយម​របស់​សម្តេច សីហុន ហើយទីបំផុត​បាននាំឲ្យមានរដ្ឋប្រហារ​ឆ្នាំ១៩៧០។

តែ​ក្រោយ​ជោគជ័យនៃរដ្ឋប្រហារ របបសាធាណររដ្ឋរបស់​សេនាប្រមុខ លន់ នល់ រស់បានតែ៥ឆ្នាំ​ក៏ដួលរំលំ​ទៅវិញ ដោយសារជំនួសមកវិញនូវរបប​ខ្មែរ​ក្រហម។

យោងតាមឯកសារប្រវត្តិសាស្ត្រ ​ការ​ញាំងឲ្យមានការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ១៩៧០ គឺដោយសារតែ​ភូមិ​សាស្ត្រ​នយោបាយ​ពេលនោះ ប្រទេសជិតខាងកម្ពុជា ទាំងថៃ និងវៀតណាម ទទួលយក​ឥទ្ធិពលពីលោកសេរី​ដែលមានអាមេរិក​ជាបងធំ។ ចំណែកកម្ពុជា​នៅចន្លោះកណ្តាល ត្រូវរង​សម្ពាធ ​ទាំង​ផ្ទាល់ និងប្រយោល​ ដោយ​សារតែ​ សម្តេច ​សីហុន ប្រកាន់​ជំហការទូត​បែបអព្យាក្រិត មិនចូលបក្សសម្ព័ន្ធ។ ប្រទេសដែលចូលជាមួយអង្គការសេអាតូ (SEATO) គឺរួមគ្នាទប់ស្កាត់ឥទ្ធិពលកុម្មុយនិស្ដនៅអាស៊ីអាគ្នេយ៍ពីសំណាក់​សហភាពសូវៀត និងចិន។

នៅដើមឆ្នាំ១៩៥៥ លោក John Foster Dulles រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមកទស្សនកិច្ចនៅកម្ពុជា ហើយនៅក្នុងឆ្នាំដដែលនោះ ប្អូនប្រុសរបស់លោករដ្ឋមន្ត្រី គឺលោក Allen Welsh Dulles ក៏បានមកទស្សនកិច្ចនៅរាជធានីភ្នំពេញផងដែរ ដើម្បីបញ្ចុះបញ្ចូលឱ្យសម្តេចព្រះនរោត្តម សីហនុ ចូលរួមជាមួយអង្គការសេអាតូ (SEATO)។ តែម្តងហើយម្តងទៀត សម្តេច សីហនុ បដិសេធ។

ក្រោយមក នៅឆ្នាំ១៩៥៥ ដដែល សម្ដេច សីហនុ ចូលរួមសន្និសីទអាស៊ី-អាហ្វ្រិក នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី ជាទីដែលមានវត្តមានថ្នាក់ដឹកនាំអន្តរជាតិចំនួន ២៩ ប្រទេស។ ព្រះអង្គបានជួបជាលើកដំបូងជាមួយនាយករដ្ឋមន្ត្រីចិន លោក Zhou Enlai និងរដ្ឋមន្ត្រីការបរទេសវៀតណាមខាងជើង លោក Pham Van Dong។

ក្នុងជំនួបនោះ សម្តេច សីហនុ បានគូសបញ្ជាក់ថា កម្ពុជានឹងចូលជាមួយអង្គការសេអាតូ ជាដាច់ខាត ដែលធ្វើឲ្យលោក ជូ អេនឡាយ បានសម្តែងការពេញចិត្តយ៉ាងខ្លាំង។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៦ សម្ដេច សីហនុ បានយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំចិនបានយល់ព្រម ផ្ដល់ជំនួយសេដ្ឋកិច្ចដល់កម្ពុជាដោយគ្មានលក្ខខណ្ឌ។ ក្រោយ​មកទ័ពព្រៃ​ខ្មែរ​ក្រហម​ចេះតែរីកខ្លួនពីរាប់ពាន់នាក់ទៅដល់រាប់ម៉ឺននាក់ ហើយ​បាន​វាយ​ចូល​ទីក្រុង​ភ្នំពេញឈ្នះលើ របប លន់ នល់ នៅថ្ងៃទី១៧មេសា១៩៧៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ