អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការ​ICJ​ ស្នើ​ក្រុមហ៊ុន​ហ្វេសប៊ុក​ពិនិត្យ​ករណី​លោក ហ៊ុន សែន ​ប្រើប្រាស់​សម្តី​ហិង្សា​តាម​បណ្តាញ​សង្គម

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​ ICJ​ ស្នើ​ឱ្យ​ក្រុមហ៊ុន​Meta​ ពិនិត្យ​លើ​ករណី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍ហិង្សា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក​ ដែល​ជា​វេទិកា​លោក ​យក​ទៅ​គំរាម​កំហែង​ដៃគូ​ប្រកួត​នយោបាយ​របស់​ខ្លួន។​ សម្រាប់ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​លើ​ការ​តស៊ូ​មតិ ​និង​សិទ្ធិ​មនុស្ស​ខាង​លើ​នេះ​ចាត់​ទុក​ថា ​សម្តី​ហិង្សា​របស់​លោក​ហ៊ុន សែន ​គឺ​ជា​ក្តី​កង្វល់​មួយ​ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​មេតា​ពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SPM
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីថ្លែងការណ៍ចំនួន៥សន្លឹករបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ ICJ ដែលផ្ញើទៅកាន់ក្រុមហ៊ុនមេតា គឺICJ តម្រូវឱ្យក្រុមហ៊ុន មេតាវាយតម្លៃលើករណីប្រើប្រាស់សម្តីហិង្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនតាមប្រព័ន្ធផ្សាយផ្សព្វសង្គម ឱ្យស្របទៅតាមច្បាប់ និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ពិសេសឱ្យអនុលោមទៅតាម គោលការណ៍នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ក៏ដូចជាស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស។

ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រើក និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ពីស្គន់ទៅក្រុងកំពង់ចាមកាលពីថ្ងៃទី០៨ ខែមករា លោក ហ៊ុន សែន បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ និងប្រើប្រាស់អំណាចរបស់លោកកម្ចាត់កម្លាំងអ្នកនយោបាយណាមួយដែលហ៊ានចេញមុខវាយប្រហារគណបក្សប្រជាជនកម្ពុជា។ ត្រង់ចំណុចនេះ លោក ហ៊ុន សែនសង្កត់ធ្ងន់ថា លោកនឹងមិនឱ្យបុគ្គលណាមួយចោទប្រកាន់បក្សលោកថា ជាចោរមួយជីវិតឡើយ ហើយលោកនឹងត្រូវបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត។

បើតាមវីដេអូផ្សាយផ្ទាល់ចេញពីគេហទំព័ររបស់លោកហ៊ុន សែននៅថ្ងៃដដែលនោះ លោកក៏បានអះអាងថា ជម្រើសដែលលោកត្រៀមអនុវត្តចំពោះអ្នកប្រឆាំង គឺតាមផ្លូវច្បាប់ និងការប្រើដំបង។

ក្រោយ លោកនាយករដ្ឋមន្ត្រីថ្លែងសារបែបនេះ អង្គការអន្តរជាតិICJ ចាត់ទុកថា ជាសម្តីហិង្សា និងមានចេតនាគំរាមកំហែងដល់ដៃគូនយោបាយ ស្របពេលដែលស្ថានភាពនៃសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្តដា ឆ្នាំ២០២៣ខាងមុខ កំពុងបន្តដាំក្បាលចុះ។

តាមសេចក្តីថ្លែងការណ៍ដដែល ICJ សង្កេតឃើញថា លោក ហ៊ុន សែន និងក្រុមអាជ្ញាធរ បន្តសកម្មភាពយ៉ាងសកម្ម ដើម្បីបំបិទសម្លេងអ្នកប្រឆាំងតាមរយៈការថ្លែងសារគំរាម ឬព្រមានចាប់ខ្លួនចំពោះអ្នកដែលហ៊ានរិះគន់មកលើលោក ក៏ដូចជាគណបក្សរបស់លោក។ ខណៈ ICJ​ ព្រួយបារម្ភថា ការរំលោភសិទ្ធិមនុស្ស និងការបង្ក្រាបអ្នកប្រឆាំងនឹងបន្តកើនឡើងមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្តដា ឆ្នាំ២០២៣។

តែយ៉ាងណា នៅថ្ងៃចន្ទម្សិលមិញ ក្នុងពិធីសម្ពោធមន្ទីរពេទ្យមួយក្នុងខេត្តត្បួងឃ្មុំក្រោមជំនួយរបស់ជប៉ុនលោក ហ៊ុន សែន បានឆ្លើយតបថា លោកមិនប្រើពាក្យពេចន៍ហិង្សាអ្វីឡើយ ផ្ទុយទៅវិញ លោកប្រើតែច្បាប់មួយមុខប៉ុណ្ណោះ។

សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា រាល់ពាក្យសម្តីធ្ងន់ៗរបស់លោកនាយករដ្ឋមន្ត្រី នៅលើតាមបណ្តាញសង្គមនាពេលកន្លងមក គឺដើម្បីកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលមានចេតនាទាញកម្ពុជាឱ្យធ្លាក់ចូលវិបត្តិសង្គ្រាម និងម្យ៉ាងវិញទៀត ដើម្បីធានាបានការបោះឆ្នោតថ្នាក់ជាតិឱ្យមានភាពរលូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ