អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ប្រាប់ឲ្យក្រសួងប្រៃសណីយ៍ពិនិត្យមើលក្រុមហ៊ុនអ៊ិនធឺណែតក្នុងបុរី ក្រោយពិបាកទំនាក់ទំនង

នៅក្នុងឱកាសនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីតាំងថ្មីនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាព្រឹកថ្ងៃទី២៤ ខែឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការរិះគន់ជាថ្មីដល់ក្រុមហ៊ុនបំរើសេវាអ៊ិនធ័រណែតនៅតាមបុរី ដែលមិនមានគុណភាព។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ក៏ព្រោះតែលោកពិបាកទាក់ទងជាមួយមន្ត្រីរបស់លោក ដែលកំពុងរស់នៅតាមបុរីនានា ខណៈប្រទេសកម្ពុជាកំពុងដំណើរការការងារតាមបណ្តាញទំនាក់ទំនងបច្ចេកវិទ្យា។

សេវាអ៊ីនធ័រណែត
សេវាអ៊ីនធ័រណែត © Internet
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅក្រសួងប្រៃសណីយ៍ឲ្យចុះត្រួតពិនិត្យក្រុមហ៊ុនអ៊ិនធឺណែតនៅតាមបុរី ដោយលោកចង្អុលចំៗថាក្រុមហ៊ុន Home Internet ជាក្រុមហ៊ុនដែលអន់ជាងគេ មិនមានគុណភាព។ ការសម្តែងការមិនពេញចិត្តនឹងក្រុមហ៊ុនអ៊ិនធឺណែតនេះ ក៏ដោយសារតែលោកនាយករដ្ឋមន្ត្រីយល់ឃើញថាពិបាកទាក់ទងជាមួយមន្ត្រីរបស់លោក ដែលកំពុងរស់នៅក្នុងបុរី ដែលប្រើប្រាស់សេវាអ៊ិនធឺណិត មួយនេះ។ លោក ហ៊ុន សែន ក៏ធ្វើការស្តីបន្ទោសផងដែរដល់បុគ្គលិកបំរើសេវារបស់ក្រុមហ៊ុន Home Internet ដែលមិនបានឆ្លើយតបនឹងបញ្ហារបស់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថាបញ្ហាសេវាអ៊ិនធឺណិត នៅក្នុងបុរីនានា គឺជាកង្វល់ដ៏ធំសម្រាប់អ្នកប្រើប្រាស់ ដោយកន្លងទៅក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតខ្លះបានបង្កើតភាពផ្តាច់មុខ ដោយត្រូវរ៉ូវគ្នាជាមួយម្ចាស់បុរី។ ក៏ប៉ន្តែក្រោមកិច្ចអន្តរាគមន៍របស់ក្រសួងប្រៃសណីយ៍ ភាពផ្តាច់មុខក៏លែងមាន ក៏ប៉ុន្តែនៅតែបង្កការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីមួយចំនួន ដោយសារសេវាទូរស័ព្ទ និងសេវាអ៊ិនធឺណិតនៅតែខ្សោយ ក្រោមលេសថាបញ្ហាបច្ចេកទេស។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាក្រុមហ៊ុនសេវាទូរសព្ទ និងអ៊ិនធឺណិតនានាគួរតែមានឱកាសប្រកួតប្រជែងនៅតាមបុរី ខណៈដែលលោកយល់ឃើញថាការប្រើប្រាស់ប្រព័ន្ធតែមួយ បាននាំមកនូវការលំបាកសម្រាប់អ្នកប្រើប្រាស់។ 

កាលពីខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានប្រកាសលុបចោល នូវសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនទូរសព្ទ និងក្រុមហ៊ុនអ៊ិនធឺណិតនៅក្នុងបុរីទាំងអស់ ដោយផ្តល់ឱកាសឲ្យក្រុមហ៊ុន ឬប្រតិបត្តិករក្នុងស្រុកទាំងអស់មានសិទ្ធិប្រកួតប្រជែងដោយស្មើភាពគ្នានិងផ្តល់ឲ្យពលរដ្ឋមានជម្រើសច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធទូរសព្ទ និងសេវាអ៊ិនធឺណែត។

តាមក្រសួងប្រៃសណីយ៍ នៅរាជធានីភ្នំពេញបច្ចុប្បន្ន​មានជាង១០០បុរី ក្នុងនោះមានម្ចាស់បុរីមួយចំនួន បានផ្តល់សិទ្ធិផ្តាច់មុខឱ្យក្រុមហ៊ុនទូរសព្ទ និងក្រុមហ៊ុនផ្តត់ផ្គង់សេវា​អ៊ីធឺណិតនានា។ កម្ពុជាមានប្រតិបត្តិករក្នុងវិស័យទូរគមនាគមន៍ចំនួនជាង៦០ ក្នុងនោះ៥ ជាប្រតិបត្តិករទូរសព្ទចល័ត មាន៣៨ ជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត(ISP) និង៥ទៀត ជាប្រតិបត្តិករខ្សែរកាបអុកទិកលើគោក និងក្រោមបាតសមុទ្រ។ ដោយឡែក អ្នកប្រើប្រាស់សេវាទូរសព្ទចល័តនៅកម្ពុជាមានចំនួនជាង ១៣លាននាក់ អ្នកប្រើសេវាអ៊ីនធឺណិតចល័តមានជាង១៧លាននាក់ សេវាទូរសព្ទអចល័តមានប្រមាណ៤ម៉ឺននាក់ និងសេវាអ៊ិនធឺណិតអចល័តមានជាង៣០ម៉ឺននាក់។ នេះបើតាមរបាយការណ៍ក្រសួងប្រៃសណីយ៍កាលពីឆ្នាំកន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ