អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ថ្លែងថាលោកក្រវែលជុំវិញកម្ពុជាដើម្បីត្រៀមលក្ខណៈចូលកម្ពុជា

ក្រោយពីបំពេញទស្សនកិច្ចអស់រយៈពេល១០ថ្ងៃ នៅប្រទេសអូស្ត្រាលី លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ទីដែលគណបក្សប្រឆាំងធ្លាប់ជួបប្រជុំគ្នាស្តីពីនយោបាយនៅកម្ពុជា ដើម្បីរកច្រកចូលទៅកម្ពុជា។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមីនា ឆ្នាំ២០២៣ បានបង្ហើបថាមេដឹកនាំម៉ាឡេស៊ីថ្មីធ្លាប់ពិភាក្សាជាមួយលោក មិនអនុញ្ញាតឲ្យក្រុមប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី ចូលទឹកដីម៉ាឡេស៊ីឡើយ។

លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ត្រៀមលក្ខណៈចូលកម្ពុជាវិញ។
លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ត្រៀមលក្ខណៈចូលកម្ពុជាវិញ។ © Internet
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានបញ្ចប់ទស្សនកិច្ចរយៈពេល១០ថ្ងៃ នៅប្រទេសអូស្ត្រាលី ហើយកំពុងបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសក្នុងតំបន់អាស៊ាន។ តាមហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី បានថ្លែងនៅព្រលានយន្តហោះអូស្ត្រាលីថា លោកនឹងធ្វើដំណើរវិលជុំវិញប្រទេសកម្ពុជា និងត្រៀមលក្ខណៈចូលកម្ពុជានៅក្នុងពេលឆាប់ៗនេះ។

ក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា មេដឹកនាំបក្សប្រឆាំងលោក សម​ រង្ស៊ី នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ីពិតប្រាកដឬយ៉ាងណានោះទេ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនាកន្លងទៅ បានព្រលយពាក្យថានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងមិនស្វាគមន៍ក្រុមលោក សម រង្ស៊ី នោះទេ។

លោកនាយករដ្ឋមន្ត្រី បានបង្ហើបថា មានក្រុមតំណាងរាស្ត្រម៉ាឡេស៊ីបានស្នើទៅលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយសុំឲ្យក្រុមរបស់លោក សម រង្ស៊ី ចូលមកទឹកដីម៉ាឡេស៊ីដើម្បីធ្វើបទបង្ហាញ ក៏ប៉ុន្តែសំណើនេះត្រូវបាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីបដិសេដ។ លោក ហ៊ុន សែន បញ្ជាក់ថាប្រសិនបើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហ៊ានឲ្យក្រុមលោក សម រង្ស៊ី ជាន់ទឹកដីម៉ាឡេស៊ី នោះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរដ្ឋ និងរដ្ឋ ដោយមើលមុខគ្នាមិនត្រង់។

សូមបញ្ជាក់ថាកាលពីសប្តាហ៍មុន លោក សម រង្ស៊ី ដែលកំពុងមានទោសជាប់ខ្លួនជាច្រើន បានប្រកាសនៅក្នុងប្រទេសអូស្ត្រាលីថា លោកនឹងវិលចូលប្រទេសកម្ពុជាជាថ្មី ក្រោយស្ថានភាពនយោបាយនៅប្រទេសថៃមានការប្រែប្រួល ពោលគឺមេដឹកនាំរដ្ឋប្រហារយោធាថៃបានចាញ់ឆ្នោតយ៉ាងដំណំ នៅក្នុការបោះឆ្នោតកាលពីពាក់កណ្តាលខែឧសភាថ្មីៗនេះ។

គឺជាលើកទី៣ហើយ ដែលលោក សម រង្ស៊ី រស់នៅប្រទេសបារាំង បានប្រកាសត្រលប់ចូលមកកម្ពុជា ខណៈដែល២លើកមុនៗ លោក សម រង្ស៊ី បានបរាជ័យ និងមានភាពចម្រូងចម្រាសនយោបាយគ្នាយ៉ាងចខ្លាំងជុំវិញដំណើរវិលចូលប្រទេសនេះ។ ចម្រូងចម្រាស ដោយសារមានការចោទប្រកាន់ថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើគ្រប់មធ្យោបាយទប់ស្គាត់ និងហាមប្រទេសជិតខាងកម្ពុជាមិនឲ្យលោក សម រង្ស៊ី ឆ្លងកាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ