អានតួអត្ថបទ
កម្ពុជា-សង្គម

សកម្មជនបន្តស្នើឲ្យផ្តល់​យុត្តិធម៌​ដល់​សកម្មជនថៃ​ដែល​បាត់​ខ្លួន​នៅកម្ពុជា

យុវជនដែលជាសកម្មជនសិទ្ធិមនុស្សចំនួន២១នាក់ បានធ្វើការប្រមូលផ្តុំគ្នានៅមុខហាងកាហ្វេមួយ​កន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ជាទីកន្លែងដែលសកម្មជនសិទ្ធិមនុស្សថៃលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បានបាត់ខ្លួនកាលពីថ្ងៃទៅ០៤ ខែមិថុនា ឆ្នាំ២០២០ ពោលគឺអស់រយៈពេល៣ឆ្នាំមកហើយ។ នៅក្នុង​ការរំលឹកខួបនេះ ក្រុម​សកម្មជននៅតែ​បន្ត​ស្នើ​អាជ្ញាធរកម្ពុជាបន្តការស៊ើបអង្កេតលើពីការបាត់ខ្លួននេះ និង​ផ្តល់​យុត្តិធម៌​នៅក្នុងករណីនេះ។ ប៉ុន្តែ​ពីខាងអាជ្ញាធរកម្ពុជា គូសបញ្ជាក់ថា សំណុំរឿង​នេះនៅមិនទាន់​បិទ​ការ​ស៊ើបអង្កេតនៅឡើយ តែគ្មានឡើយ​តម្រុយ​ ឬក៏ស្រមោលណាមួយ។ 

យុវជនដែលជាសកម្មជនសិទ្ធិមនុស្សចំនួន២១នាក់ បានធ្វើការប្រមូលផ្តុំគ្នានៅមុខហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ជាទីកន្លែងដែលសកម្មជនសិទ្ធិមនុស្សថៃលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បានបាត់ខ្លួនកាលពីថ្ងៃទៅ០៤ ខែមិថុនា ។
យុវជនដែលជាសកម្មជនសិទ្ធិមនុស្សចំនួន២១នាក់ បានធ្វើការប្រមូលផ្តុំគ្នានៅមុខហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ជាទីកន្លែងដែលសកម្មជនសិទ្ធិមនុស្សថៃលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បានបាត់ខ្លួនកាលពីថ្ងៃទៅ០៤ ខែមិថុនា ។ © CCHR
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃកម្ពុជា ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថា សមត្ថកិច្ច​កម្ពុជា​នៅមិនបិទ​ការ​ស៊ើប​អង្កេត​លើ​សំណុំរឿងនេះការ​បាត់​ខ្លួនសកម្មជនសិទ្ធិមនុស្សថៃលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធនោះនៅឡើយ។ ជាមួយគ្នានេះ លោក ខៀវ សុភ័គ ថ្លែងថា ប្រសិន​សិន​បើសកម្មជន​ដែលជាអ្នក​ធ្វើ​ការ​ជួបជុំ​នោះ​មាន​តម្រុយ​ណាមួយគួរតែ​សហការជាមួយអាជ្ញាធរកម្ពុជា ខណៈលោក​យល់ថា ​ការ​បាត់​ខ្លួន​នេះអាចជារឿងនយោបាយ។

បើតាម លោក ខៀវ សុភ័គ មកទល់ពេលនេះ អាជ្ញាធរកម្ពុជា នៅគ្មាន​តម្រុយ ឬស្រមោលណាមួយ​បង្ហាញ​ពីការ​បាត់​ខ្លួនលោក វ៉ាន់ឆាឡឺម សោះឡើយ នៅពេល​ដែល​សាកសួរ​ពីសកម្មភាព​ដែល​ថតបាននៅតាម​កាមេរ៉ា​សុវត្ថិភាព។

នៅក្នុង​ការរំលឹកខួប៣ឆ្នាំ​នៃការ​បាត់​ខ្លួន​សកម្មជនថៃអាវក្រហមរូបនេះ កាលពីថ្ងៃទី៤មិថុនា ក្រុម​សកម្មជនចំនួន២១នាក់​ដែលពាក់ស្រោម​មុខ​សកម្មជនវ៉ាន់ឆាឡឺម នៅតែ​បន្ត​ស្នើ​អាជ្ញាធរកម្ពុជាបន្តការស៊ើបអង្គេតលើពីការបាត់ខ្លួននេះ និង​ផ្តល់​យុត្តិធម៌​នៅក្នុងករណីនេះ។

ក្នុងអំឡុងពេលជួបជុំគ្នានោះ ក្រុមយុវជនបាននិមន្តព្រះសង្ឃដើម្បីធ្វើកិច្ចតាមបែបសាសនា និងបន្តដើរជាក្បួនពីចំណុចបាត់ខ្លួនរហូតដល់រង្វង់មូលជ្រោយចង្វារ។ ក្នុងពេលប្រមូលផ្តុំនិងដើរហែរក្បួន អាជ្ញាធរស្លៀកពាក់ស៊ីវិលជាច្រើនបានមកថតរូបភាព និងថតវីដេអូ ការជួបជុំនោះពីដើមរហូតដល់ចប់។ នេះបើតាម​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្សកម្ពុជា។

វ៉ាន់ឆាលឺម ដែលបាត់​ខ្លួន​នៅអាយុ៣៧ឆ្នាំ ត្រូវ​គេ​ស្គាល់​ថា​ជាសកម្មជន​ប្រជាធិបតេយ្យ​មួយ​រូប ដែល​ហ៊ាន​រិះគន់​វាយ​ប្រហារ​ដោយ​ចំ​ៗ​ទៅលើ​រដ្ឋាភិបាល​ថៃ​ដឹក​នាំ​ដោយ​លោក ប្រាយុទ្ធ ចាន់អូឆារ​។ ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​២២​ឧសភាឆ្នាំ​២០១៤​នៅ​ប្រទេស​ថៃ លោកវ៉ាន់ឆាលឺម​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ឡាវ និង​ក្រោយ​មក​មក​កាន់​កម្ពុជា ដើម្បី​គេច​ពី​រឿង​ក្ដី​ក្ដាំ​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាលថៃ ទាក់ទង​នឹង​​បទ​ល្មើស​ប្រមាថ​ព្រះ​មហាក្សត្រ និង​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។

មួយ​ថ្ងៃ​មុន​ពេល​ត្រូវ​ចាប់​ពង្រត់ ពោល​គឺ​នៅ​ថ្ងៃ​ទី​០៣​ខែ​មិថុនា លោក​វ៉ាន់ឆាលឺម បាន​បង្ហោះ​នូវ​វីដេអូ​ដ៏​ខ្លី​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​ខ្លឹមសារជេរ​ប្រមាថ​នាយករដ្ឋ​មន្ដ្រី​ថៃ លោក​ប្រាយុទ្ធ ចាន់អូឆារ ថា​ជា​មេ​ដឹក​នាំ​ដែល​ល្ងង់​ខ្លៅ បាន​តែ​និយាយ តែ​ដឹក​នាំ​ប្រទេស​មិន​កើត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ