អានតួអត្ថបទ
កម្ពុជា-សង្គម

សមាគមធនាគារ ក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នពីករណីសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ

សមាគមធនាគារនៅកម្ពុជា អំពាវនាវឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ជុំវិញករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអុិនធើណេត ពិសេសសារកន្លែងបន្លំតាមប្រព័ន្ធកម្មវិធីទូរស័ទ្ទស្មាតហ្វូន។ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានសមាគមធនាគារកត់សម្គាល់ឃើញថា កំពុងរីករាលដាលយ៉ាងខ្លាំង ដែលទាមទារឱ្យពលរដ្ឋត្រូវធានាឱ្យបាននូវព័ត៌មានផ្ទាល់ខ្លួន ដោយមិនត្រូវផ្តល់ព័ត៌មានណាមួយដែលអាចបង្កហានិភ័យមកលើសុវត្ថិភាពរបស់ខ្លួនទៅកាន់ប្រភពមិនច្បាស់លាស់។ 

សមាគមធនាគារនៅកម្ពុជា អំពាវនាវឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ជុំវិញករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអុិនធើណេត ពិសេសសារកន្លែងបន្លំតាមប្រព័ន្ធកម្មវិធីទូរស័ទ្ទស្មាតហ្វូន។
សមាគមធនាគារនៅកម្ពុជា អំពាវនាវឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ជុំវិញករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអុិនធើណេត ពិសេសសារកន្លែងបន្លំតាមប្រព័ន្ធកម្មវិធីទូរស័ទ្ទស្មាតហ្វូន។ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៥ ខែមិថុនា សមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នរូបភាពឆបោកតាមប្រព័ន្ធអនឡាញ តាមសារSMS និងការផ្ញើតំណភ្ជាប់(លីង)តាមប្រព័ន្ធទូរសព្ទ កំពុងកើតមានឡើងយ៉ាងហូរហែរ ហើយបញ្ហានេះ វាមានភាពស្មុគស្មាញដែលតម្រូវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯង។

ភាគីសមាគមធនាគារ ក៏ស្នើឱ្យពលរដ្ឋមិនត្រូវចុច ឬបំពេញព័ត៌មានផ្ទាល់ខ្លួន ដូចជា លេខទូរសព្ទ លេខគណនីធនាគារ លេខកូដសម្ងាត់ លេខPIN តាមរយៈតំណភ្ជាប់ដែលគ្មានប្រភពច្បាស់លាស់ ឬតាមរយៈការផ្ញើបែបអនាមិក។ ខណៈសមាគមអះអាងថា ប្រសិនបើពលរដ្ឋបំពេញព័ត៌មានទាំងនេះ ចង់មិនចង់ ជនបន្លំអាចចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទ ឬប្រតិបត្តិការធនាគារតាមអុីនធើណិតរបស់អ្នកប្រើប្រាស់បានយ៉ាងងាយស្រួល ថ្វីត្បិតស្វាម៉ីខ្លួនមានវិធានការសន្តិសុខតឹងរ៉ឹងយ៉ាងណាក្តី។

ចំពោះករណីនេះ លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលទទួលស្គាល់ថា ករណីឆបោក និងក្លែងសារតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសតាមទូរស័ព្ទដៃក្នុងប្រទេសកម្ពុជា កំពុងកើតឡើងច្រើនពិតមែន​ ដែលតម្រូវឱ្យរាល់អ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឬមានកម្មវិធីសំខាន់ៗក្នុងទូរស័ព្ទត្រូវបង្កើនការប្រុងប្រយ័ត្ន និងដាក់ប្រព័ន្ធសុវត្ថិភាពឱ្យបានខ្ពស់ជាដាច់ខាត។ ម្យ៉ាងវិញទៀត លោកក៏ផ្តល់ជាយោបល់ថា អ្នកប្រើប្រាស់ទូរស័ព្ទក៏មិនត្រូវរក្សាទុកទិន្នន័យ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយក្នុងកម្មវិធីដែលមានសុវត្ថិភាពខ្សោយនោះដែរ ពីព្រោះ គ្មានវិធីសាស្ត្រណាអាចទប់ស្កាត់ជនឆបោកតាមប្រព័ន្ធអនឡាញបានឡើយ។

ម្ល៉ោះហើយ លោក សុផាតថា មានតែវិធីសាស្រ្តមួយគត់ គឺបន្តបញ្ចៀបព័ត៌មាន និងចំណេះដឹងផ្នែកសុវត្ថិភាពឌីជីថលទៅកាន់ពលរដ្ឋឱ្យយល់ដឹងបន្ថែម និងបង្រៀនពលរដ្ឋពីរបៀបពិនិត្យផ្ទៀងផ្ទាត់ចំពោះរបៀបដែលជនបោកប្រាស់ឆបោក។ 

ចំណែកទាក់ទិននឹងប្រព័ន្ធសុវត្ថិភាពលើវិស័យហិរញ្ញវត្ថុ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុបានបញ្ជាក់ថា វិស័យហិរញ្ញវត្ថុជារួមនៅកម្ពុជា បានរៀបចំប្រព័ន្ធសុវត្ថិភាពដែលមានភាពរឹងមាំដើម្បីការពារជូនអតិថិជន ខណៈបច្ចុប្បន្ន ទាំងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពស្របតាមស្តង់ដារពិភពលោកដែលអាចធានាបានរាល់ហានិភ័យនានា។

តែយ៉ាងណា លោកថា ដោយសារពេលខ្លះ ពលរដ្ឋនៅមានកម្រិតពាក់ព័ន្ធនឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា ទើបករណីឆបោក និងករណីសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទនៅតែបន្តកើតមាន ហើយឈានដល់ការបាត់បង់សមតុល្យសាច់ប្រាក់ក្នុងទំហំណាមួយ។ ម្ល៉ោះហើយ លោក កាំង តុងងី ស្នើឱ្យវិស័យហិរញ្ញវត្ថុទាំងអស់ បន្តអប់រំដល់អតិថិជនបន្ថែម ដើម្បីទប់ស្កាត់ករណីទាំងនេះកើតឡើងសារជាថ្មី។

សូមរំឭកថា ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងកក្រើកឡើងជាថ្មីម្តងទៀត ខណៈជនរងគ្រោះភាគច្រើនជាពលរដ្ឋដែលនៅមានកម្រិតលើផ្នែកបច្ចេកវិទ្យានេះផ្ទាល់តែម្តង។ ភាគច្រើនរូបភាពបោកបញ្ឆោតតាមប្រព័ន្ធអុិនធើណេតនេះ គឺជាការផ្ញើតំណភ្ជាប់ដើម្បីបំពេញឈ្នះរង្វាន់ ប្រភេទសារ SMS(SMS Phishing)  ការបន្លំតំណភ្ជាប់កម្មវិធីប្រព័ន្ធធនាគារ( Fraudulent Link) និងការជ្រៀតចូលក្នុងកម្មវិធីទូរស័ព្ទដូចជា តេលេក្រាមជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ