អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន៖ «យើងមានបញ្ហាជាមួយគ្នាបើ(លោក សម រង្ស៊ី)ចូលទៅវៀតណាម ហើយវៀតណាមមិនព្រមចាប់»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនាព្រឹកថ្ងៃពុធនេះ បានស្នើឲ្យវៀតណាមចាប់ខ្លួន(លោក សម រង្ស៊ី) ប្រសិនបើលោក សម រង្ស៊ី ប្រើប៉ាស្ព័របារាំងចូលទឹកដីវៀតណាម។ ការថ្លែងរបស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានប្រកាសព្យាយាមចូលទឹកដីកម្ពុជាជាថ្មី ដោយក្រវែលតាមប្រទេសអាស៊ាននានាជុំវិញកម្ពុជា។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ខាងឆ្វេង) និងលោក សម រង្ស៊ី (ខាងស្តាំ)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ខាងឆ្វេង) និងលោក សម រង្ស៊ី (ខាងស្តាំ) © សហការី
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងអង្គពិធីសម្ពោធសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាវៀតណាមនឹងមានបញ្ហាជាមួយកម្ពុជាប្រសិនបើវៀតណាមមិនព្រមចាប់(លោក សម រង្ស៊ី) ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ប្រសិនបើលោក សម រង្ស៊ី ប្រើប៉ាស្ព័របារាំង ហើយចូលទៅជាន់ដីវៀតណាមក្នុងនាមជាអ្នកទេសចរ។

លោកនាយករដ្ឋមន្ត្រីបានប្រាប់ត្រង់ទៅឯកអគ្គរដ្ឋទូតវៀតណាម ដែលអង្គុយកៅអីនៅលើវេទិកានៃកម្មវិធី ឲ្យជូនដំណឹងជាផ្លូវការទៅកាន់អាជ្ញាធរវៀតណាម ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ដោយសារលោក សម រង្ស៊ី បានក្លាយជាទណ្ឌិត និងមានដីការចាប់ខ្លួន ហើយដែលកម្ពុជា និងវៀតណាម មានទំនាក់ទំនងគ្នាខាងផ្លូវច្បាប់ និងមានបត្យាប័នបញ្ជូនអ្នកទោសរវាងគ្នាទៅវិញទៅមក។

តាមលោក ហ៊ុន សែន លោកបានទទួលដំណឹងពីអ្នកហូបបាយជាមួយលោក សម រង្ស៊ី ថាធ្វើយ៉ាងណាឲ្យលោក ហ៊ុន សែន ខឹង តាមរយៈរិះរកវិធីចូលទៅក្នុងទឹកដីវៀតណាម។

សូមរំលឹកថា ក្នុងគោលបំណងត្រលប់ចូលមកក្នុងប្រទេសកម្ពុជាជាថ្មី លោក សម រង្ស៊ី កាលពីចុងខែឧសភា​ កន្លងទៅបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងបានជួបជាមួយតំណាងរាស្ត្រម៉ាឡេស៊ីផងដែរ។ ក៏ប៉ុន្តែមិនបានយូរថ្ងៃទេ លោក សម រង្ស៊ី ក៏បានចាកចេញពីម៉ាឡេស៊ី ដែលបញ្ហានេះ បានបង្កើតភាពចម្រូងចម្រាសគ្នាយ៉ាងខ្លាំងដែរ។ ចម្រូងចម្រាស ក៏ព្រោះតែលោក ហ៊ុន សែន ថារដ្ឋាភិបាលម៉ាឡេស៊ី បានបណ្តេញលោក សម រង្ស៊ី ចេញពីប្រទេសគេ តែក្រុមលោក សម រង្ស៊ី បានច្រានចោល។

មួយវិញទៀតភាពចម្រូងចម្រាសដ៏ស្រួចស្រាល់ដែរ គឺលោក សម រង្ស៊ី ត្រូវគេយល់ឃើញថាបានជំនះចូលទៅកាន់ប្រទេសម៉ាឡេស៊ីដោយជោគជ័យ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាមុនដោយលើកឡើងពីការអះអាងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី ដែលបានសន្យាជាមួយលោកដល់ទៅ៤ដង ថានឹងមិនឲ្យលោក សម រង្ស៊ី ជាន់ដីម៉ាឡេស៊ីឡើយ។

ទោះយ៉ាងណា ទាំងលោក ហ៊ុន សែន ទាំងលោក សម រង្ស៊ី បានបន្តវាយប្រហារគ្នា និងប្រើយុទ្ធសាស្ត្រនយោបាយដាក់គ្នាទៅវិញទៅមក តាមរយៈវេទិកាសាធារណៈ តាមរយៈបណ្តាញសង្គមនានា ខណៈដែលលោក សម រង្ស៊ី ព្យាយាមរិះរកវិធីញោះ ឬជ្រលចង់ចូលមកកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រី បានព្រមានគ្រប់បែបយ៉ាងដោយប្រើមធ្យោបាយការទូត និងព្រមានបាញ់កំទេចដោយអាវុធ BM-21 ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ