អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរថា កម្ពុជានៅតែបន្តទទួលបានពាក្យបណ្តឹងស្តីពីករណីជួយដូរមនុស្ស

 មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃទទួលស្គាល់ថា ករណីជួញដូរមនុស្ស និងករណីចាញ់បោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានដដែលក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ ករណីទាំងនេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ស្ថិតក្នុងកម្រិតតិចតូចជាងពេលមុន។ តិចតូចដោយសារតែ ពាក្យបណ្តឹងស្នើឱ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍សង្គ្រោះជនបរទេសដែលរងគ្រោះ គឺមានតិចជាង៣បណ្តឹងក្នុងមួយថ្ងៃ បើធៀបនឹងឆ្នាំកន្លងមក មានប្រមាណជិត២០បណ្តឹង។ តែយ៉ាងណា អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបង្កើនប្រសិទ្ធភាពចុះបង្ក្រាបបន្តទៀត។  

ករណីជួញដូរមនុស្ស និងករណីចាញ់បោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានដដែលក្នុងប្រទេសកម្ពុជា។
ករណីជួញដូរមនុស្ស និងករណីចាញ់បោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានដដែលក្នុងប្រទេសកម្ពុជា។ © Internet
ផ្សាយពាណិជ្ជកម្ម

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានស្វែងរកឃើញជនរងគ្រោះពីការចាញ់បោកតាមប្រព័ន្ធអនឡាញ និងករណីជួញដូរមនុស្សខុសច្បាប់ជាបន្តបន្ទាប់ ក្រោយពេលដែលអាជ្ញាធរទទួលបានពាក្យបណ្តឹង​ស្នើឱ្យជួួយសង្គ្រោះជនរងគ្រោះដែលភាគច្រើនជាជនជាតិចិន និងតៃវ៉ាន់។  

បច្ចុប្បន្នករណីជួញដូរមនុស្ស និងការបង្ខាំងមនុស្សដើម្បីបោកប្រាស់តាមប្រព័ន្ធអនឡាញនៅកម្ពុជា មានសភាពអន់ថយ និងវិវត្តន៍ទៅរកស្ថានភាពល្អប្រសើរ ពិសេសពាក្យបណ្តឹងស្នើឱ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះវិញ ក៏មានតិចតូចបំផុត ពោលគឺមានចំនួនមិនដល់៣បណ្តឹងនោះទេក្នុងមួយថ្ងៃ ខណៈនាពេលកន្លងទៅបណ្តឹងអាចមានចន្លោះពី១៥ដល់២០បណ្តឹងក្នុងមួយថ្ងៃ។ នេះបើតាមការអះអាងពីលោក ខៀវ សុភ័គ។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ គិតចាប់តាំងពីពេលដែលអាជ្ញាធរចុះបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះពីករណីជួញដូរមនុស្ស និងការបង្ខាំងមនុស្សខុសច្បាប់ គឺអាជ្ញាធរបានសង្គ្រោះជនរងគ្រោះប្រមាណ២ពាន់នាក់ និងបិទអាជីវកម្មដែលជាប់ពាក់ព័ន្ធករណីខាងលើចំនួន៥កន្លែង និង៤កន្លែងផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ទីតាំងដែលជាប់ពាក់ព័ន្ធភាគច្រើន គឺមានភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ និងស្វាយរៀង។

ជាជំហានបន្ទាប់លោក ខៀវ សុភ័គបញ្ជាក់ថា នាយកដ្ឋានអន្តោប្រវេសន៍នឹងពង្រឹងការចេញចូលរបស់ជនបរទេសដែលមកធ្វើការ ឬប្រកបអាជីវកម្មក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ករណីជួញដូរ ឬបង្ខាំងមនុស្សខុសច្បាប់។

លោក អំ សំអាត នាយកគ្រប់គ្រងទូទៅនៃអង្គកាលីកាដូសង្កេតឃើញករណីជួញដូរមនុស្សនៅកម្ពុជាពិតជាមានសភាពអន់ថយមួយកម្រិត។ ក៏ប៉ុន្តែករណីខ្លះនៅតែកើតមានដដែល ដែលទាមទារឱ្យអាជ្ញាធរបង្កើនប្រសិទ្ធិភាពចុះស្រាវជ្រាវ និងអនុវត្តច្បាប់ឱ្យបានតឹងរ​ុឹង។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលជួយសង្គ្រោះជនបរទេសរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតមកទល់ពេលនេះ អាជ្ញាធរកម្ពុជាទទួលបានពាក្យបណ្តឹងសរុបចំនួន៩៣៦ករណី ដែលមានមនុស្សចំនួន២,២៨៤នាក់ ឬ១៦សញ្ជាតិ។ ក្នុងនោះ អាជ្ញាធរបានចុះស៊ើបអង្កេតចំនួន៨៩៨បណ្តឹង និងបានរកឃើញមនុស្សចំនួន១,៣៧៣នាក់ដែលមាន១៤សញ្ជាតិ។ ក្នុងចំណោមអ្នកដែលបានរកឃើញ អាជ្ញាធរឃាត់ខ្លួនចំនួន១៣៧នាក់ (ចិន៖ ១០៥នាក់ ខ្មែរ៖ ១៧នាក់ វៀតណាម១២ និងថៃ០៣នាក់)។  

ដោយឡែកបណ្តឹងចំនួន៣៨ផ្សេងទៀត អាជ្ញាធរកំពុងបន្តចុះប្រតិបត្តិការសា្រវជ្រាវ ខណៈបណ្តឹងចំនួន៣០៣ករណីដែលមានមនុស្សចំនួន៧៤២នាក់បានបិទបញ្ចប់ដោយមូលហេតុរកពុំឃើញ។ នេះបើតាមរបាយការណ៍ដដែលខាងលើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ