អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​សម​ រង្ស៊ី ​ថា​មាន​សេណា​រីយ៉ូ​២​ដែល​ធ្វើ​ឲ្យ​លោក​ ហ៊ុន​ សែន​ ព្រួយ​បារម្ភ

ប្រ​មុខ​គណ​បក្ស​ប្រ​ឆាំង​នៅ​ក្រៅ​ប្រទេស​បាន​លើក​ឡើង​នូវ​សេណារី​យ៉ូ​ចំនួន​២​ ដែល​លោក​ សម​ រង្ស៊ី​ អះ​អាង​ថា​ជា​ការ​ព្រួយ​បារម្ភ​របស់​លោក​ ហ៊ុន​ សែន​ បង្ខំ​ចិត្ត​កែ​ច្បាប់​ថ្មី​ដើម្បី​បង្ខំ​ពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត​។​ បើ​តាម​ លោក ​សម ​រង្ស៊ី ​ចលនា​ពហិកានេះ​ ជា​ការ​បង្ហាញ​ពី​កម្លាំង​របស់​គណ​បក្ស​ប្រឆាំង ​ដែល​នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ភាព​ស្រប​ច្បាប់ ​នៃ​រដ្ឋាភិបាល​ថ្មី ​ក្រោយ​ការ​បោះ​ឆ្នោត​។​ ប៉ុន្តែ​នៅថ្ងៃនេះ​ លោក​ ហ៊ុន​ សែន​ បាន​បន្ត​រំឭក​ពី​ច្បាប់​ដែល​លោក​បញ្ជា​ឲ្យ​ចែង​បន្ថែម​នោះ​គឺ​មាន​ទោស​ទណ្ឌ​អាច​ជាប់​ពន្ធនា​គារ​ថែម​ទៀត​ ចំពោះអ្នក​រារាំង​ ឬ​បង្ក​បញ្ហា​ដល់​ការ​បោះ​ឆ្នោត​។ 

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រោយពីការរារាំង គណបក្សភ្លើងទៀន មិនឲ្យចូលរួមក្នុងការបោះឆ្នោត លោក ហ៊ុន សែន ប្រឈមសេណារីយ៉ូ ២ ដែលធ្វើឲ្យគាត់ព្រួយបារម្ភដូចគ្នា។ នេះជាការលើកឡើង​នៅលើ​ហ្វេសប៊ុក​លោក សម រង្ស៊ី ម្សិលមិញ ដែលធ្វើឲ្យលោក ហ៊ុន សែន ឆ្លើយតប​បន្ថែមទៀតនៅថ្ងៃនេះ។

នៅចំពោះ​មុខកម្មករ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅពុធ លោក ហ៊ុន សែន ​បានបង្ហើបថា​មាត្រា​ថ្មី​នៅក្នុងសេចក្តីព្រាង​ច្បាប់​ដែលលោក​បញ្ជាឲ្យធ្វើ​ការកែប្រែនោះ គឺមាន​ការពិន័យជាប្រាក់ពី៥លានទៅ២០​លានរៀល និងក៏ទោស​ទណ្ឌ​ជាប់​ពន្ធនា​គារ​ថែម​ទៀត​ ចំពោះអ្នក​រារាំង​ ឬ​បង្ក​បញ្ហា​ដល់​ការ​បោះ​ឆ្នោត។

យោងតាមមាត្រា១៤២នៃច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រចែងថា ត្រូវផាកពិន័យពី៥ទៅ២០​លាន​រៀល​​ដោយ​មិនគិតទោសព្រហ្មទណ្ឌចំពោះជនណាដែលប្រើ​មធ្យោបាយទុច្ចរឹក រារាំងមិនឲ្យពលរដ្ឋទៅ​បោះ​ឆ្នោត និងការធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត​ជាដើម។​

​ប៉ុន្តែ​សម្រាប់ លោក សម រង្ស៊ី ការ​ជំរុញឲ្យ​ចេញច្បាប់ថ្មីដែល​យល់ថា​ដើម្បី​ពលរដ្ឋឲ្យទៅបោះឆ្នោតនេះ បង្ហាញពីការភ័យខ្លាចរបស់ លោក ហ៊ុន សែន ចំពោះចលនាពហិការ មិនចូលរួមក្នុងការបោះឆ្នោត ថ្ងៃ ២៣ កក្កដា ខាងមុខ។

ប្រមុខបក្សប្រឆាំងនៅក្រៅប្រទេស ព្រមានថា ចលនាពហិការដ៏ធំបែបនេះ ជាការបង្ហាញពីកម្លាំងរបស់គណបក្សប្រឆាំង ដែលនឹងធ្វើឲ្យខូចខាតដល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត ហើយនឹងមិនអាចទៅរួចចំពោះ​ការ​ផ្ទេរអំណាចទៅកូនលោក ហ៊ុន សែន។

សេណារីយ៉ូ បែបនេះ ត្រូវបានលោក សម រង្ស៊ី អះអាងថាធ្វើឲ្យ លោក ហ៊ុន សែន ព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះបើ លោក ហ៊ុន ម៉ាណែត មិនអាចមកជំនួសគាត់បានទេ គាត់នឹងបាត់បង់និទណ្ឌភាព ។

លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន គ្មានមធ្យោបាយអ្វី ទប់ទល់យុទ្ធវិធីគូសសន្លឹក​ឆ្នោត​ចោលនេះទេ ពីព្រោះការបោះឆ្នោត ត្រូវមានការសម្ងាត់។

យ៉ាងណាក៏ដោយ​ លោក ហ៊ុន សែន ព្រមាន​នៅថ្ងៃនេះថា ប្រសិនបើអ្នក​នៅក្នុង​ស្រុក​ហ៊ាន​ធ្វើ​តាម​អ្វី​ដែល​លោក សម រង្ស៊ី គូសវាស​នេះ នោះគណបក្សភ្លើងទៀន​នឹង​ត្រូវរំលាយចោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ