អានតួអត្ថបទ
កម្ពុជា-សង្គម

អាមេរិកបន្តឲ្យចំណាត់ថ្នាក់កម្ពុជាជាប្រទេសមិនបានទប់ស្កាត់បទល្មើសជួញដូរមនុស្ស

អាមេរិក​នៅ​​តែ​បន្ត​កំណត់​កម្ពុជា​ ជា​ប្រទេស​ដែល​មិន​បាន​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធិភាព​ដដែរ។​ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៣ ​ក្រសួង​ការ​បរទេស​អាមេរិក​ បាន​បន្ត​ដាក់​កម្ពុជា​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​កម្រិត​ទី​៣​ ទៅ​លើ​ការ​ដួញដូរ​មនុស្ស ​ដែល​មាន​ន័យ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​ស្តង់ដារ​អប្បបរមាន​សម្រាប់​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស ​និង​មិន​បាន​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​។​

ការជួញដូរមនុស្ស(រូបតំណាង)
ការជួញដូរមនុស្ស(រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ដូចទៅនឹងឆ្នាំ២០២២ដែរ កម្ពុជាបានបន្តស្ថិតនៅចំណាត់ថ្នាក់ទី៣ ឬបញ្ជីក្រហម នៅក្នុងបទល្មើសជួញដូរមនុស្សជាសកល។ នេះបើតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ។ ការឲ្យចំណាត់ថ្នាក់ទី៣នៅក្នុងរបាយការណ៍ជាសកលរបស់អាមេរិកបែបនេះ បានបង្ហាញថា កម្ពុជាបានស្ថិតនៅលំដាប់បញ្ជីក្រហម២ឆ្នាំជាប់គ្នាផ្ទួនៗ ដែលមិនបានទប់ស្កាត់បទល្មើសជួញដូរមនុស្ស។

ឬសគឹលដែលចំណាត់ថ្នាក់កម្ពុជា នៅតែស្ថិតនៅលំដាប់ទី៣បែបនេះ គឺដោយសារតែអំពើពុករលួយ និងការពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលនៅក្នុងដំណើរការឧក្រិដ្ឋកម្មនានា ដែលបានចាក់ឬសយ៉ាងជ្រៅ និងធ្វើឲ្យប៉ះពាល់ទៅក្នុងដំណើរការនៃការបង្កើតច្បាប់មួយចំនួន ក្រោមហេតុផលនយោបាយ ក៏ដូចជាការប៉ះពាល់ដល់ការអនុវត្តច្បាប់ជាដើម។ តាមរបាយការណ៍ មានឧក្រិដ្ឋកម្មជាច្រើន ដែលរដ្ឋាភិបាលកម្ពុជាពុំបានប្រឹងប្រែងដោះស្រាយ ដែលរួមមានការជួញដូរមនុស្ស នៅក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យកម្សាន្ត និងអាជីវកម្មឡឥដ្ឋ។

ទោះយ៉ាងណា របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ក៏បានទទួលស្គាល់ខ្លះដែរ ពីចំណាត់ការរបស់រដ្ឋាភិបាល បានស៊ើបអង្កេត និងកាត់ទោសអ្នកជួញដូរកាន់តែច្រើន តាមរយៈការបង្កើតក្រុមការងារពិសេសដោះស្រាយបញ្ហានេះកាលពីឆ្នាំកន្លងទៅ។

ជាការសាទរ ដែលធ្វើឡើងនៅគ្រាដែលរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការបង្រ្កាបបទល្មើសជួញដូរមនុស្ស តាមទីតាំងកម្សាន្តក្នុងខេត្តជាគោលដៅ តួយ៉ាងដូចជាខេត្តព្រះសីហនុ។ ការបើកយុទ្ធនាការ កាលពីឆ្នាំ២០២២នោះ គឺដោយសារតែក្រសួងការបរទេសអាមេរិក បានវាយតម្លៃ និងឲ្យចំណាត់ថ្នាក់កម្ពុជាស្ថិតនៅក្នុងលំដាប់ទី៣ ដែលជាប្រទេសមិនបានទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងធ្វើឲ្យបទល្មើសជាខ្នាតអន្តរជាតិនេះ មានការកើនឡើង។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុំមិនបញ្ចេញប្រតិកម្មអ្វីទាំងអស់ចំពោះការវាយតម្លៃរបស់អាមេរិក ដែលបន្តឲ្យចំណាត់ថ្នាក់កម្ពុជា ក្នុងលំដាប់ដ៏អាក្រក់បែបនេះ។ ផ្ទុយមកវិញ ជាទស្សនៈផ្ទាល់ខ្លួន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសម្តែងនូវការអន់ចិត្ត និងថាវាមិនសក្តិសមទាល់តែសោះចំពោះកម្ពុជា ដែលបន្តទទួលបានចំណាត់ថ្នាក់ដែលមិនល្អបែបនេះ។ មិនសក្តិសម ដោយសារតែឆ្នាំ២០២២កន្លងទៅ អាជ្ញាធរកម្ពុជាបានព្យាយាមជួយជនរងគ្រោះបានរាប់ពាន់នាក់ និងបង្រ្កាបបានទីតាំងជួញដូរមនុស្សជាច្រើន តាមរយៈការបើកយុទ្ធនាការបង្រ្កាបការជួញដូរមនុស្ស។ នេះបើតាមលោកស្រី ជូ​ ប៊ុនអេង។ តាមលោកស្រី ជូ ប៊ុនអេង កម្ពុជាគួរតែទទួលបានការសរសើរចំពោះការប្រឹងប្រែងរបស់ខ្លួន និងចំណាត់ថ្នាក់ល្អជាងឆ្នាំមុន។

លោកស្រី ជូ ប៊ុនអេង ថា របាយការណ៍ប្រចាំឆ្នាំ២០២៣ គឺអាមេរិកចង់តែបង្ហាញពីភាពអវិជ្ជមាន ហើយបើកភ្នែកម្ខាង និងបិទភ្នែកម្ខាង សរសេររបាយការណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ