អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ព្យាយាមបង្ហាញភាពស្អាតស្អំរបស់គ្រួសារលោកក្រោយរងការចោទថាក្បត់ជាតិ

អស់រយៈពេល២ថ្ងៃជាប់ៗគ្នា លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះឯកសារមួយចំនួនតាមបណ្តាញសង្គមហ្វេសប៊ុក ដោយលោកចង់បង្ហាញថាត្រកូលគ្រួសាររបស់លោកគឺជាអ្នកស្នេហាជាតិ។ ការលើកយកទឡ្ហីករណ៍នានាមកបញ្ជាក់របស់លោក សម រង្ស៊ី ពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកត្រូវបានចោទ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតាមវេទិការសាធារណៈនានាថាជា«ត្រកូលក្បត់ជាតិ៣ជំនាន់»។ 

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ តាមរយៈហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២០ និង២១ ខែមិថុនា បានបង្ហោះនូវឯកសារមួយចំនួន ដែលបង្ហាញថាក្រុមគ្រួសាររបស់លោកជាអ្នកស្នេហាជាតិ។ លោក សម រង្ស៊ី បានដកស្រង់សេចក្តីកែតម្រូវរបស់សម្តេចព្រះនរោត្តម សីហុន នៅទីក្រុងប៉េកាំងកាលពីខែមេសា ឆ្នាំ២០០៣ ដោយបង្ហាញថាឪពុករបស់លោក គឺលោក សម សារី ជាអ្នកស្នេហាជាតិដ៏ឧត្តម និងបរិសុទ្ធ ដែលបានបម្រើមាតុភូមិជាមួយសម្តេច សីហនុ នៅក្នុងរាជកាលទីមួយរបស់ព្រះអង្គ និងនៅពេលចាប់ផ្តើមនៃសង្គមរាស្ត្រនិយម ដែលសម្រង់បន្ទូលនេះមានបកប្រែជាភាសាបារាំងផងដែរ។

បន្ថែមពីនេះ លោក សម រង្ស៊ី ក៏បានបង្ហោះសារផ្សេងទៀតដែរ នៃសម្រង់សេចក្តីកែតម្រូវរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលបង្ហាញថាលោក សម សារី បានចូលរួមជាមួយព្រះអង្គ និងមានគុណសម្បត្តិនៅក្នុងការទាមទារឯករាជ្យពីបារាំង និងការផ្តល់យុត្តិធម៌ដល់លោក សម សារី។

ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការបង្ហាញរបស់លោក សម រង្ស៊ី ថាគ្រាន់តែជាការលុបលាងនូវកំហុសដ៏ធ្ងន់ធ្ងររបស់លោក សម សារី ដែលជាឳពុករបស់ខ្លួនតែប៉ុណ្ណោះ។ លោក សុខ ឥសាន ទទួលស្គាល់ថាកាលៈទេសៈខ្លះព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានលើកតម្កើងលោក សម សារី ជាឥស្សរៈជនដែលមានគុណសម្បតិ្តបំរើជាតិ ក៏ប៉ុន្តែឪពុកលោក សម រង្ស៊ី បានថ្នាំងថ្នាក់ខ្លាំងជាមួយព្រះករុណាសម្តេចឪ នៅពេលសម្តេចឪដកលោកពីឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ដែលពេលនោះក៏មានហេតុការណ៍ផ្ទុះគ្រាប់បែកនៅព្រះបរមរាជវាំងដែលផ្ញើពីលោក សម សារី មកធ្វើឲ្យព្រះអង្គម្ចាស់មួយអង្គសោយទិវង្គតនៅអំឡុងឆ្នាំ១៩៥៩។ នេះបើតាមលោក សុខ ឥសាន។

សូមរំលឹកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីខែតុលា ឆ្នាំ២០២២ បានហៅ សម រង្ស៊ី ពេញៗមាត់ថាពូជអាក្បត់បីជំនាន់ ដែលក្នុងនោះជីតា ឪពុករបស់លោក សម រង្ស៊ី និងលោក សម រង្ស៊ី សុទ្ធតែក្បត់ជាតិក្បត់ព្រះមហាក្សត្រ។ ពាក្យទណ្ឌិត ពូជក្បត់ជាតិបីជំនាន់នេះ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រើប្រាស់ជាវោហាសាស្ត្រនយោបាយជាបន្តបន្ទាប់តាមរយៈវេទិការសាធារណៈនានា ខណៈដែលលោកបាន និងកំពុងប្រើយុទ្ធសាស្ត្រ(IF)ដាក់លោក សម រង្ស៊ី ឲ្យនៅឯកោ និងត្រូវបញ្ចប់ជីវិតនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ