អានតួអត្ថបទ
កម្ពុជា-នយោបាយ

សង្គមស៊ីវិលជាង២០ស្នើឲ្យស្ថាប័នជាតិសំខាន់ៗពិចារណាឡើងវិញចំពោះសំណើវិសោធនកម្មច្បាប់បោះឆ្នោត

តាមគម្រោងព្រឹទ្ធសភានឹងប្រជុំពិនិត្យសម្រេចលើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នាតនៅថ្ងៃស្អែក។ មួយថ្ងៃមុនកិច្ចប្រជុំចាប់ផ្ដើម ក្រុមអង្គការសមាគម និងសហជីពចំនួន២៤ បានស្នើឲ្យស្ថាប័នជាតិសំខាន់ៗពិចារណាឡើងវិញ ចំពោះសំណើវិសោធនកម្មច្បាប់បោះឆ្នោតនេះ។ ក្រុមអង្គការសមាគម និងសហជីពទាំងនេះចាត់ទុកការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ ពុំបាន​ពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ដែលនេះ គឺជាការប្រាសចាកពីគន្លងប្រជាធិបតេយ្យ។ 

រដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ឯកសារអត្រានុកូលដ្ឋាន ស្ថិតិ និងអត្តសញ្ញាណ ដោយសម្លេងជាឯកច្ឆ័ន្ទ 100/100។
រដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ឯកសារអត្រានុកូលដ្ឋាន ស្ថិតិ និងអត្តសញ្ញាណ ដោយសម្លេងជាឯកច្ឆ័ន្ទ 100/100។ © Internet
ផ្សាយពាណិជ្ជកម្ម

ដោយមានកង្វល់ចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត នៅមុនការបោះឆ្នោតថ្នាក់ជាតិ ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីពចំនួន២៤ បានស្នើឲ្យព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិចារណាឡើងវិញ ចំពោះសំណើវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំណើវិសោធនកម្មច្បាប់នេះ គួរធ្វើឡើងនៅបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សា និងពិភាក្សាលើផលប៉ះពាល់ប្រជាធិបតេយ្យដោយសេរី សេរីភាពនៃការបញ្ចេញមតិរបស់អ្នកបោះ​ឆ្នោត សិទ្ធិបោះឆ្នោត និងឈរឈ្មោះជាបេក្ខជន។

សង្គមស៊ីវិលទាំងនេះ ថាច្បាប់បោះឆ្នោត គឺពាក់ព័ន្ធនឹងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតរបស់គណបក្សនយោបាយនានា និងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដូចនេះការធ្វើវិសោធនកម្មណាមួយគួរត្រូវបានធ្វើឡើងក្នុងពេលវេលាសមស្រប។ សំណើររបស់សង្គមទាំងនេះ ធ្វើឡើងក្រោយពីរដ្ឋសភាកាលពីថ្ងៃទី២៣មិថុនា បានអនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់នានាទាក់ទងនឹងការបោះឆ្នោត។

ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក្នុងនោះច្បាប់​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ មានការកែប្រែចំនួន៣មាត្រា គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។ មាត្រា២៣ថ្មី មាន​ខ្លឹមសារចែងបន្ថែមថាពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោត​ដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។ រីឯមាត្រា១៤២ថ្មី គឺចែងអំ​ពី​ការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។

បើតាមមាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពខុស នឹងត្រូវ (គ.ជ.ប) លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យយ៉ាងតិច៥ឆ្នាំ។ ចំណែកឯមាត្រា ១៤៣ថ្មីវិញ គឺចែងអំ​ពី​ការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ៥ឆ្នាំយ៉ាងតិចដូចគ្នា។

រីឯការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានខ្លឹមសារមិនខុសអ្វីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែរ។

ពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ អង្គការ ​Human Right​ Watch​ បាន​ហៅ​ការ​ចែង​ច្បាប់​បន្ថែម​ ដែល​តម្រូវ​ឲ្យ​ពល​រដ្ឋ​ត្រូវ​ទៅ​បោះ​ឆ្នោត ​ទើប​មាន​សិទ្ធិ​ឈរ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​តាម​ក្រោយ​នោះ ​គឺ​ជា​ភាព​ផ្តាច់​ការ​ក្នុង​ល្បែង​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​។ ​

ប៉ុន្តែលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវិញបកស្រាយថា «ជារួម​ វិសោធន​កម្មច្បាប់​បោះ​ឆ្នោត​ពេល​នេះ ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការ​ពារ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ពី​ផែនការ ​ឬ​ឧបាកល​នយោ​បាយ​នានា​លើ​ការ​ប៉ុន​ប៉ង​បំផ្លាញ​ការ​បោះ​ឆ្នោត។ លោកបន្តថាការ​ធ្វើ​វិសោធន​កម្ម​នេះ​ ក៏​នឹង​រួម​ចំណែក លើក​ស្ទួយ​គុណ​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​មាន​ចរិត​ក្នុង​រដ្ឋធម្មនុញ្ញ​ ​លើក​កម្ពស់​ការ​ទទួ​ល​​ខុស​ត្រូវ​របស់​អ្នក​ដឹកនាំ​នយោបាយ ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ក្នុង​ការ​គោរព​ករណី​កិច្ច​របស់​ខ្លួន ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ ក្នុង​សង្គម​ប្រជាធិបតេយ្យ»។

ជាការកត់សម្គាល់ ក្រៅពីអង្គការសមាគម និងសហជីពចំនួន២៤នៅស្រុក មិនគាំទ្រការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះ ក៏មានក្រុមអង្គការសមាគមក្នុងស្រុកផ្សេងទៀតប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ