អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សប្រឆាំងជំទាស់នឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ថាមិនបម្រើប្រយោជន៍ឲ្យប្រជាពលរដ្ឋខ្មែរ

នៅទីបំផុត គណបក្សភ្លើងទៀន បានចេញមកប្រតិកម្មទៅនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ថាមិនបានបម្រើជាប្រយោជន៍ឲ្យប្រជាពលរដ្ឋខ្មែរទូទៅឡើយ។ ប្រតិកម្មរបស់គណបក្សជំទាស់ ដែលបានផាត់ចេញពីសង្វៀនបោះឆ្នោតខែកក្កដាខាងមុខនេះ ធ្វើឡើងបន្ទាប់ពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់បោះឆ្នោត បានឆ្លងផុតដៃរដ្ឋសភា និងត្រៀមសម្រេចដោយព្រឹទ្ធសភានៅថ្ងៃស្អែក។ 

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

សម្រាប់គណបក្សភ្លើងទៀន ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការកាត់បន្ថយសិទ្ធិ និងជាការរឹតត្បិតឱកាសនៃការឈរឈ្មោះរបស់ប្រជាពលរដ្ឋខ្មែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន នៅថ្ងៃទី២៧មិថុនា។ គណបក្សភ្លើងទៀន លើកឡើងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដោយប្រញ៉ាប់ប្រញ៉ាល់ គ្មានការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធ នោះនឹងធ្វើឲ្យខ្លឹមសារនៃច្បាប់បង្កជាការលំបាក និងជាពិសេសធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន បាត់បង់​ឱកាសការឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៨។

ប្រតិកម្មរបស់គណបក្សភ្លើងទៀន បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមអង្គការក្រៅរដ្ឋាភិបាលជាង២០ស្ថាប័ន បានសម្តែងនូវការខកចិត្ត ដែលច្បាប់បោះឆ្នោតត្រូវធ្វើវិសោធនកម្មយ៉ាងតក់ក្រហល់ នៅមុនការបោះឆ្នោតជិតចូលមកដល់បែបនេះ។ សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ថា ការធ្វើវិសោធនកម្មយ៉ាងលឿនរហ័សបែបនេះ បានប្រាសចាកពីគន្លងប្រជាធិបតេយ្យ ដែលតម្រូវឲ្យមានការចូលរួមមតិពីភាគីពាក់ព័ន្ធ។ បើតាមសេចក្តីថ្លែងការណ៍រួម គឺ ខ្លឹមសារនៃច្បាប់បោះឆ្នោត ដែលដកសិទ្ធិមិនឲ្យឈរឈ្មោះ ដោយសារតែមិនបានទៅបោះឆ្នោត នឹងជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ដែលការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សជាអន្តរជាតិ។

បើទោះបីជាប្រតិកម្មរបស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ស្រោចមកដូចទឹក តែដំណើរសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត នៅតែបន្តទៅមុខ។ មកដល់ពេលនេះ ខ្លឹមសារនៃសេចក្តីព្រាង បានផុតដៃរដ្ឋសភា ខណៈដែលព្រឹទ្ធសភាក៏បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃពុធនេះ និងត្រៀមសម្រេចនៅថ្ងៃស្អែក។

សម្រាប់អ្នកនាំពាក្យគណបក្សកាន់អំណាច បើទោះជាប្រតិកម្មយ៉ាងណាក្តី ក៏ប៉ុន្តែការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតពេលនេះ គឺជារឿងត្រឹមត្រូវ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ ថាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត បានធ្វើឡើងតាមនីតិវិធីបញ្ញត្តិត្រឹមត្រូវ តាមលំដាប់លំដោយ មិនមែនជាការប្រញាប់ ដោយការលើកឡើងរបស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលឡើយ។

នៅចំពោះមុខនៃការលើកឡើងថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបំបិទសិទ្ធិប្រជាពលរដ្ឋ គឺលោក សុខ ឥសាន បានច្រានចោលទាំងស្រុង។ លោកថា នេះគឺជាការបង្ហាញពីទំនួលខុសត្រូវរបស់អ្នកនយោបាយ ចំពោះមុខនៃអ្នគាំទ្ររបស់ខ្លួន ប្រសិនបើខ្លួនចង់ឈរឈ្មោះឲ្យគេបោះឆ្នោត។ លោក សុខ ឥសាន បានចោទជាសំណួរថា តើមានន័យអ្វី ប្រសិនបើខ្លួនចង់ឈរឈ្មោះឲ្យគេបោះឆ្នោត តែមិនបានទៅបោះឆ្នោតខ្លួនឯងនោះ?។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី បានកំណត់ពីការបំពេញតួនាទីរបស់អ្នកដែលចង់ឈរឲ្យគេបោះឆ្នោត ត្រូវតែទៅចូលរួមបោះឆ្នោតសកលលើកចុងក្រោយ ម្តងឬពីរដង។ ក្នុងករណីដែលខ្លួនមិនធ្វើដូច្នេះ គឺអ្នកទាំងនោះនឹងត្រូវដកសិទ្ធិពីការឈរឈ្មោះចំនួន៥ឆ្នាំ និងអាចពិន័យជាប្រាក់ពី៥លាន ទៅ២០លានរៀល សម្រាប់បុគ្គល និងពី១០លាន ទៅ៣០លាន សម្រាប់គណបក្សនយោបាយ ដែលរារាំងដល់ប្រជាពលរដ្ឋមិនឲ្យចូលរួមការបោះឆ្នោត និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ